Saturday, August 1, 2009

ក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារ​ឡាន​បុក​ពេល​រត់​ឆ្លងថ្នល់​

ដោយ : មង្គល​ (ថ្ងៃទី 31 កក្កដា 2009)
CEN News
បាត់ដំបង​: ក្មេងប្រុស​អាយុ​ ៦​ឆ្នាំម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយសារ​រត់​ឆ្លងថ្នល់​ផ្លូវជាតិ​លេខ​ ៥ ​ត្រូវ​ឡាន​បុក​ប៉ើង​ដូច​ស្លឹកឈើ ។ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរឱ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​ ៣០ ខែកក្កដា ឆ្នាំ​២០០៩ វេលា​ម៉ោង​ ១១ និង ៣០​នាទី​ព្រឹក​ នៅ​ចំណុច​ភូមិ ឃុំ​កកោះ​ ស្រុក​មោងឫស្សី ​ខេត្ត​បាត់ដំបង​ ។​

​លោក​អនុសេនីយ៍ទោ យឿន សម្បត្តិ អធិការរង​ស្រុក​បាន​ឱ្យដឹងថា ក្មេងប្រុស​ដែល​ត្រូវ​ឡាន​បុក​ឈ្មោះ ចាន់ វណ្ណី អាយុ​ ៦​ឆ្នាំ រស់នៅ​ក្រុម​ទី​១១ ​ភូមិ ឃុំ​ខាងលើ​ ។ ចំណែក​តៃកុង​ឡាន ហុងដា CRV មានឈ្មោះ ជួប សុ​ភី អាយុ​ ៥២​ឆ្នាំ​ រស់នៅ​ភូមិពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​សំពៅ​មាស​ ខេត្ត​ពោធិសាត់​ ។​

​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​មាន​រត់​យន្ត​ ១​ គ្រឿង ​ពាក់​ស្លាក​លេខ​ពោធិសាត់ 2A 0789 បើកបរ​ពី​ទិស​បាត់ដំបង​ឆ្ពោះទៅ​ភ្នំពេញ ដោយ​មាន​ល្បឿន​យ៉ាង​លឿន​ស្របពេល​នោះ​មាន​ក្មេងប្រុស​ម្នាក់​រត់​ឆ្លងថ្នល់​ ពី​ទិស​ខាងត្បូង​ទៅ​ជើង​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន​ក៏​ត្រូវ​ឡាន​នោះ​បុក​មួយ​ ទំហឹង​ប៉ើង​រាប់សិប​ម៉ែត្រ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​យ៉ាង​ ទាន់ហន់​ ។​ ចំណែក​ឡាន​បង្ក​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​នៅ​ចម្ងាយ​ ១០០ ​ម៉ែត្រ​ ពី​កន្លែង​កើតហេតុ​ហើយ​ប្រគល់ជូន​នគរបាល​ចរាច​រ​ស្រុក​យកទៅ​រក្សាទុក​នៅ​ អធិការដ្ឋាន​ដើម្បី​ធ្វើ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕

No comments: