Sunday, August 2, 2009

អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ជា​លំដាប់

RFA

2009-07-31

មន្រ្តី ​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​នគរបាល​ជាតិ បាន​អះអាង​ថា អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ ត្រឹមត្រូវ។

AFP File Photo

គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០០៤ ។

មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្ស៊ិក លោក មាស ចាន់ឌី បាន​មាន​ប្រសាសន៍​ថា ក្នុង​មួយ​ខែ​មាន​មនុស្ស​ប្រមាណ​២០០​នាក់ ឬ​មួយ​ថ្ងៃ​មាន​ប្រមាណ​៤​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នា​ ពេល​បច្ចុប្បន្ន​នេះ។

លោក មាស ចាន់ឌី បាន​ឲ្យ​ដឹង​ថា ៖ «ឃើញ​ថា ចំនួន​ហ្នឹង​ស្លាប់​រៀងរាល់​ខែ គឺ​មិន​ទាន់​មាន​ការថយ​ចុះ​ទេ ជា​មធ្យម​នៅ​ក្នុង​មួយ​ខែ​មាន​អ្នក​ស្លាប់​ប្រមាណ​ជា​២០០​នាក់។ ជាក់ស្ដែង​ខ្ញុំ​អាច​ជូន​តួលេខ​ក្នុង​ឆ្នាំ​២០០៨ មួយ​ចុះ ក្នុង​មួយ​ឆ្នាំ​មាន​អ្នក​ស្លាប់​រហូត​ទៅ​ដល់​១៦៣៨​នាក់ ហ្នឹង​កាលពី​ឆ្នាំ​២០០៨។ នៅ​ក្នុង​ខែ​៤ ឆ្នាំ​២០០៨ គឺ​មាន​អ្នក​ស្លាប់​ចំនួន​១៧៦នាក់ ដោយ​ឡែក​នៅ​ក្នុង​ខែ​៤ ឆ្នាំ​២០០៩ ចំនួន​អ្នក​ស្លាប់​បាន​ឡើង​រហូត​ទៅ​ដល់​២០១​នាក់។ ដូច្នេះ​ឃើញ​ថា ចំនួន​អ្នក​ស្លាប់​ស្ថិត​ក្នុង​ចន្លោះ​ខ្ទង់​រង្វង់​ក្រោម​២០០ ឬ​ម្ដុំ ២០០​ហ្នឹង​ឯង»

លោក​បាន​បញ្ជាក់​ពី​មូលហេតុ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថា ៖ «ជា ​រួម ជា​ទូទៅ​កត្តា​នៅ​ក្នុង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​យើង​នេះ ជា​ទូទៅ​កើត​ឡើង​ដោយសារ​កំហុស​មក​ពី​មនុស្ស។ បើ​និយាយ​ពី​កំហុស​មក​ពី​មនុស្ស គឺ​មាន​ន័យ​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ហ្នឹង​ឯង​ជា​រួម។ ជា​ទូទៅ ឧទាហរណ៍​ការបើកបរ​ហួស​ល្បឿន​កំណត់ ហ្នឹង​ក៏​ជា​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ដែរ នៅ​ក្នុង​ការបើកបរ​ហួស​ល្បឿន​កំណត់ ខ្លាំង​ជាង​គេ គឺ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ច្រើន​ជាង​គេ​បំផុត ហើយ​ទី​២ គឺ​ការបើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហ្នឹង​ក៏​ជា​ការល្មើស​នឹង​ច្បាប់​ដែរ។ ទី​៣ ការបើកបរ​ក្នុង​ពេល​ស្រវឹង ហ្នឹង​ក៏​ជា​បញ្ហា​ធំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​ដែរ។ នេះ​ជា​មូលហេតុ​បី​ដែល​ធំ ដែល​ខ្ញុំ​ចង់​លើក​មក​បង្ហាញ​ពេល​នេះ ហើយ​នៅ​ក្នុង​នោះ​បញ្ហា​មួយ​ទៀត​គឺ​ការ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ក៏​ជា​ ការល្មើស​នឹង​ច្បាប់​ដែរ ពីព្រោះ​ថា​គ្រោះថ្នាក់​ចរាចរណ៍​មួយចំនួន​អាច​នឹង​មិន​បណ្ដាល​ឲ្យ​ស្លាប់​ទេ មិន​ធ្លាក់​ខ្លួន​រហូត​ដល់​ស្លាប់​ទេ​បើ​សិន​ជា​បាន​ពាក់​មួក​សុវត្ថិភាព​ ត្រឹមត្រូវ នេះ​មិន​មែន​សុទ្ធតែ​រួច​ផុត​រហូត​ទេ ក៏​ប៉ុន្តែ​អាច​មាន​លទ្ធភាព​ក្នុង​ការគេច​ផុត​ពី​គ្រោះថ្នាក់ បើ​សិន​ជា​គាត់​បាន​ប្រើប្រាស់»

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នៅ​ក្នុង​តំបន់​នោះ​ បាន​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​មួយ​នា​ខែ​កុម្ភៈ ឆ្នាំ​២០០៧ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ប្រទេស​នេះ។

លោក​ឧត្តមសេនីយ៍​ឯក អ៊ុក គឹមលេខ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ចំពោះ​ការអនុវត្ត​ច្បាប់​នោះ​ជា​ទូទៅ​ថា ៖ «វិធានការ ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នេះ យើង​ត្រូវ​ធ្វើ​ច្រើន​រឿង​ណាស់។ បញ្ហា​ទី​១ ភាគ​ច្រើន ច្រើន​គ្រោះថ្នាក់​ដោយសារ​ល្បឿន ដោយសារ​ការបើកបរ​លឿន​ហួសហេតុ ទី​២ ច្រើន​តែ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​ទី​៣ មិន​គោរព​លក្ខខណ្ឌ​នានា​របស់​ច្បាប់ ដូច​ជា​ការ​មិន​ប្រើប្រាស់​មួក​សុវត្ថិភាព ការ​មិន​ប្រើប្រាស់​កញ្ចក់​មើល​ក្រោយ។ អ៊ីចឹង​ទេ​នេះ​សុទ្ធតែ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ហើយ។ ហើយ​បច្ចុប្បន្ន​យើង​បាន​ប្រើប្រាស់​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ នេះ យើង​បាន​ប្រើ​យូរ​ហើយ ហើយ​យើង​បាន​ធ្វើ​តាម​គ្រប់​រូបភាព​ដែល​លទ្ធភាព​យើង​មាន ដូច​ជា​ផ្សព្វផ្សាយ​តាម​ទស្សនាវដ្ដី កាសែត ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ​អី គឺ​ថា​យើង​បាន​ធ្វើ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍​ឯក អ៊ុក គឹមលេខ បាន​មាន​ប្រសាសន៍​ថា នៅ​មាន​ការលំបាក​ច្រើន​សម្រាប់​ការអនុវត្ត​ច្បាប់​នោះ​ឲ្យ​បាន​ល្អ ៖ «ជា ​រួម​យើង​ខ្វះ​មធ្យោបាយ​សម្ភារៈ ឧបករណ៍ តាម​ពិត​ការអនុវត្ត​ច្បាប់​ចរាចរណ៍ បើ​នៅ​ប្រទេស​គេ គេ​មាន​មធ្យោបាយ​ច្រើន​ណាស់។ ឧទាហរណ៍ គេ​ចង់​វាស់​ល្បឿន គេ​មាន Speed Camera យើង​នេះ​មិន​ដឹង​វាស់​ដោយ​ស្អី​ទេ? វា​ខ្វះខាត​អ៊ីចឹង តែ​យើង​ចេះ​តែ​ខំ​ធ្វើ​ទៅ។ ដូច​ជា​អាល់កុល​តេស្ត ឲ្យ​ផ្លុំ​សម្រាប់​វាស់​ជាតិ​ស្រវឹង យើង​អត់​មាន​ដែរ អ៊ីចឹង​ទេ​មធ្យោបាយ​យើង​ខ្វះ​ច្រើន តែ​យើង​ចេះតែ​ខិតខំ​ធ្វើ​ទៅ ធ្វើ​ម៉េច​ប្រទេស​យើង​វា​នៅ​ខ្វះខាត»

លោក មាស ចាន់ឌី មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្ស៊ិក បាន​មាន​ប្រសាសន៍​ថា សញ្ញា​នៃ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដ៏​ធំ​មួយ​ដែរ​នោះ គឺ​ការ​គ្មាន​ប័ណ្ណ​បើកបរ​របស់​អ្នក​បញ្ជា​យានយន្ត ដែល​តាម​ការស្រាវជ្រាវ​ក្នុង​ប្រទេស​កម្ពុជា​មាន​យាន​យន្ត ដូច​ជា​រថយន្ត​និង​ម៉ូតូ​ដែល​ចុះ​បញ្ជី​គឺ​មាន​ប្រមាណ​១​លាន​គ្រឿង ប៉ុន្តែ​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​ទាំង​រថយន្ត​និង​ម៉ូតូ​នោះ គឺ​មាន​ប្រមាណ​តែ​ជាង​៥០​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។

លោក​បាន​បន្ត​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ការរៀន​និង​ការប្រឡង​យក​ប័ណ្ណ​បើកបរ​សម្រាប់​អ្នក​ បើកបរ​ម៉ូតូ​គឺ​មាន​តិចតួច​បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​ដែល​ប្រើប្រាស់។

លោក មាស ចាន់ឌី បាន​ថ្លែង​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បើ​គិត​ពី​ចំនួន​អ្នក​ស្លាប់​គឺ​ពិត​ជា​ច្រើន​ ជាង​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​ធៀប​ទៅ​នឹង​ចំនួន​រថយន្ត​នោះ ៖ «ក្នុង​ ចំណោម​យានយន្ត​មួយ​ម៉ឺន​គ្រឿង​ដែល​ចុះ​បញ្ជី​នៅ​សិង្ហបុរី ស្លាប់​២​នាក់​កន្លះ នៅ​លាវ ស្លាប់​៨​នាក់​គត់ នៅ​វៀតណាម ស្លាប់​៤,១​នាក់ នៅ​កម្ពុជា ១៤,៥»

លោក​ឧត្តមសេនីយ៍​ឯក អ៊ុក គឹមលេខ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា ដោយ​បាន​ឃើញ​ពី​ស្ថានភាព​គ្រោះថ្នាក់​នេះ​ហើយ​បាន​ជា​មាន​កិច្ចប្រជុំ​ដ៏​ធំ ​មួយ​នៅ​ក្រសួង​មហាផ្ទៃ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០៩ ដើម្បី​ចាត់​វិធានការ​ក្នុង​ការអនុវត្ត​តឹងរ៉ឹង​ច្បាប់​ចរាចរណ៍​ចាប់​តាំង​ ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ខាង​មុខ​នេះ​ត​ទៅ។

លោក​ឧត្តមសេនីយ៍​ឯក អ៊ុក គឹមលេខ បាន​មាន​ប្រសាសន៍​ថា ៖ «កន្លង​មក​ ការអនុវត្ត​ច្បាប់​យើង​បាន​ធ្វើ​នៅ​តាម​បណ្ដា​គ្រប់​ខេត្ត​ក្រុង និយាយ​រួម​ទូទាំង​ប្រទេស។ ការ​ដែល​ប្រជុំ​ព្រឹក​មិញ​នេះ​គឺ​ប្រជុំ​គណៈ​បញ្ជាការ​ដែល​ដឹកនាំ​បន្ថែម​ ទៀត​ទៅ​លើ​ច្បាប់ ធ្វើ​ម៉េច​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ច្រើន។ ព្រឹក​មិញ​យើង​បាន​ប្រជុំ​គណៈ​បញ្ជាការ​ហ្នឹង ហើយ​សមាសភាព​ចូលរួម​គ្រប់​ខេត្ត​ក្រុង​មក​ចូលរួម ព្រោះ​កន្លង​មក​ការអនុវត្ត​ច្បាប់​របស់​យើង​វា​មិន​ទាន់​បាន​ម៉ឺងម៉ាត់​១០០% ​ទេ»

នៅ​ក្នុង​ការពង្រឹក​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​ឲ្យ​បាន​ ល្អ​ប្រសើរ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៨ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​បើកបរ​ ម៉ូតូ​ឲ្យ​ប្រើប្រាស់​មួក​សុវត្ថិភាព​ទាំងអស់​គ្នា​ដើម្បី​ការពារ​ជីវិត​ឲ្យ ​ចៀសផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍។ លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការសម្លាប់​ជីវិត​ ប្រជាពលរដ្ឋ​ខ្មែរ៕

No comments: