Friday, August 7, 2009

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​គោរព​ច្បាប់​ចរាចរណ៍

2009-08-05
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៥ សីហា ២០០៩ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​រាជការ​ត្រូវ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ គ្រប់​គ្នា​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ពេល​បើក​ឡាន បើក​ម៉ូតូ​និង​ធ្វើ​ដំណើរ។

RFA/Zakariya

សកម្មភាព ​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​ម៉ូតូ​ដែល​មិន​ដាក់​កញ្ចក់ និង​ម្ចាស់​មិន​ពាក់​មួក នៅ​លើ​វិថី​ព្រះ​នរោត្តម នា​ថ្ងៃ​ទី​៥ សីហា ២០០៩។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ មាន​ប្រសាសន៍​ថា លោក​បាន​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ពី ៧០ ទៅ ៨០%​ហើយ ដែល​បាន​គោរព​ច្បាប់​ចរាចរណ៍​ដោយ​មាន​ពាក់​មួក​ការពារ​ក្បាល​នៅ​ពេល​ជិះ​ ម៉ូតូ ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​អ្នក​ពាក់​ឯក​សណ្ឋាន​ជា​នគរបាល​និង​កង​ទ័ព​អត់​ ពាក់​មួក​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ ៖ «សូម​យក​ឱកាស​ នេះ​អំពាវនាវ​ឲ្យ​មន្រ្តី​រាជការ​និង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ជា​គំរូ​ ក្នុង​ការ​ពាក់​មួក ព្រោះ​ខ្ញុំ​មក​អម្បាញ់​មិញ​ហ្នឹង ក៏​ឃើញ​អ្នក​ពាក់​ឯក​សណ្ឋាន​ជា​នគរបាល​និង​កង​ទ័ព​គ្មាន​ពាក់​មួក​ដែរ ហើយ​ចុះ​បើ​នគរបាល​ខ្លួន​ឯង និង​កង​ទ័ព​អត់​ពាក់​មួក អ៊ីចឹង​ធ្វើ​ម៉េច​ទៅ? អ៊ីចឹង​ទាំង​មន្រ្តី​រាជ​ការ និង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ពាក់​មុន​គេ»

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​លោក អ៊ុក គឹមលេខ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ការ​គោរព​ត្រឹម​ត្រូវ នៅ​ថ្ងៃ​ទី​១ សីហា មក នគរបាល​បាន​ឃាត់​ម៉ូតូ​ចំនួន​ជាង​១​ម៉ឺន​គ្រឿង​ហើយ ដែល​មិន​ដាក់​កញ្ចក់​មើល​ក្រោយ អត់​ផ្លាក​លេខ និង​អ្នក​បើក​បរ​មិន​ពាក់​មួក ហើយ​និង​រថយន្ត​ចំនួន​ជាង ៦០​គ្រឿង​ដែល​អត់​មាន​ផ្លាក​លេខ។

លោក អ៊ុក គឹមលេខ ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «៤​ថ្ងៃ​នេះ​សរុប​ទៅ​បាន ១៥.៦១៦​គ្រឿង រថយន្ត ៦៧​គ្រឿង។ រថយន្ត​អត់​ផ្លាក​លេខ សំពីង​សំពោង និង​ខុស​លក្ខណៈ​បច្ចេក​ទេស។ ឧទាហរណ៍​ថា ច្នៃ​ត​សាក់ស៊ី​ខុស»

ទោះ​ជា​យ៉ាង​ណា អ្នក​រត់​តាក់ស៊ី​ពី​ខេត្ត​តាកែវ​មក​ភ្នំពេញ​មួយ​រូប បាន​អះអាង​ថា លោក​តែង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ហើយ​ក្រុម​នគរបាល​ក្រុង​តាខ្មៅ​ក្នុង​ខេត្ត​កណ្តាល​បាន​ទារ​លុយ​ពី​លោក ៧.០០០​រៀល​នៅ​ពេល​ដែល​ក្រុម​នគរបាល​ទាំង​នោះ​បាន​ឃាត់​ឡាន​លោក​ដើម្បី​ឆែក​ រក​ប័ណ្ណ​បើក​បរ​និង​ពិនិត្យ​ផ្លាក​លេខ។

ពាក់ព័ន្ធ​នឹង​ការ​ទារ​លុយ​នេះ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក អ៊ុក គឹមលេខ មាន​ប្រសាសន៍​ថា លោក​មិន​បដិសេធ​ទេ ប្រហែល​ជា​អាច​មាន​តិច​តួច​ជា​លក្ខណៈ​បុគ្គល ពីព្រោះ​លោក​ថា ប្រតិបត្តិការ​នេះ​មាន​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ ដោយ​ក្នុង​មួយ​ក្រុម​មាន​ប៉ូលិស​៧​នាក់ កង​រាជ​អាវុធ​ហត្ថ ៥​នាក់ អនុប្រធាន​ស្រុក ឬ​ខណ្ឌ​១​រូប ខាង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​មួយ​រូប ដូច្នេះ​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ងាយៗ​ទេ។

លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ថា ប្រសិន​បើ​មាន​មន្ត្រី​ណា​មួយ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ សូម​ឲ្យ​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ពី​សកម្មភាព​នោះ ដើម្បី​ចាត់​វិធានការ៕

No comments: