Saturday, August 29, 2009

ករណីបើកឡានឡើងប៉ុងលាងបុកមនុស្សស្លាប់ប៉ូលិសបញ្ចប់រឿង ពេលគ្រួសារ ជនរងគ្រោះទទួលយកប្រាក់២៥០០ដុល្លារ

សរសេរដោយ កាសែតកម្ពុជាថ្មី /វេទីកា

ភ្នំពេញ: ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​អ្នកបើកបរ​បា​នប​ញ្ជា​រថយន្ត​ឡើង​ប៉ុង​ លាងជ្រុល​បុក​មនុស្ស​ស្លាប់ភ្លាមៗយ៉ាង​អាណោចអាធ័ម​កាល ពី​វេលា​ម៉ោង១២ និង៣០នាទី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៩ នៅ​កន្លែង​លាង​សំអាត​រថយន្ត​មួយកន្លែង​ស្ថិតនៅក្នុង​ដីឡូត៍​លេខ៥៧៥ ផ្លូវ​លេខ៧០ ក្រុម ទី៧ភូមិ​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ប៉ូលិស​បានបញ្ចប់​រឿងពេល​គ្រួសារ​ជនរងគ្រោះ​ព្រម​ទទួលយក​ប្រាក់​សំណង​ ត្រឹមតែ ២៥០០ដុល្លារ​ទាំង​បង្ខំចិត្ត។

សូម​រំលឹកថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​កន្លែង​លាង​រថយន្ត​នោះ​ ឈ្មោះ​ស ចាន់ថន ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​កម្ម​កររ​លាង​សំអាត​រថយន្ត​នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង។

ចំណែកឯ​រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស (Lexis RX300) ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2L-0261 បើកបរ​បង្ក​គ្រោះថ្នាក់​ដោយ​ឈ្មោះ​អ៊ូ វណ្ណា ភេទ​ប្រុស អាយុ២៥ឆ្នាំមាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ​មុខរបរ​មេជាង​បាញ់ថ្នាំ។

ជុំវិញ​បញ្ហា​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា ជនល្មើស​ត្រូវបាន​គេ​ដោះលែង​ដោយ​គ្មាន​យកទោស​ពៃរ៍​អ្វី​ឡើយដោយសារ​មាន​ ខ្សែរយៈ​បក្ខពួក​ជា​សមត្ថកិច្ច​កាង​ហើយ​បាន​បង្ខំ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ ទទួលយក​ប្រាក់ត្រឹមតែ២៥០០ដុល្លារ​ដើម្បី​បញ្ចប់រឿងដោយ​បង្ខំ​ឱ្យ​គ្រួសារ​ ជនរងគ្រោះ​ផ្ដិតមេដៃ​ទទួលយក​ប្រាក់​ហើយ​ធ្វើ​កិច្ចសន្យា​មិន​ប្តឹងផ្តល់​ អ្វី​ទៀត ឡើយ។

ពាក់ព័ន្ធ​ការរិះគន់​នេះ​លោក​ជ័យ សូ​សិលា នាយ​អធិការនគរបាល​ខណ្ឌ ឬ​ស្សី​កែវ​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​រសៀល​ ថ្ងៃទី២២នេះ​ថា ករណី​នោះ​លោក​បាន​ដោះស្រាយ​រួចរាល់​អស់ ហើយ​កាលពី​ថ្ងៃទី១៤ ដោយ​ភាគី​គ្រួសារ​ជនរងគ្រោះ​ព្រម​ទទួលយក​ប្រាក់​ចំនួន២៥០០ដុល្លារ។

លោក​អធិការ​បន្តថា យើង​គ្មាន​ការបង្ខិតបង្ខំ​គ្រួសារ​ជនរងគ្រោះ​ទេ គឺ​គេ​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​សំណង​ចំនួន២៥០០ដុល្លារ​ដែល​គេ​ទាមទារ។

ច្បាប់​នៅ​ស្រុក​ខ្មែរ​ការបង្ក​ឱ្យ​មនុស្ស​ស្លាប់​ដោយ​រូបភាព​គ្រោះថ្នាក់​ ចរាចរ​ជួន​ពេលខ្លះ​ជនរងគ្រោះ​គ្មាន​បានទទួល​ប្រាក់​សំណង​មួយ​រៀល​ក៏មាន ព្រោះ​គ្មាន​បក្ខពួក​ឯ​អ្នកខ្លះ​មាន​ខ្សែ​បក្ខពួក​ទាមទារ​រាប់ម៉ឺន​ដុល្លារ ហើយ​ពេលខ្លះ​ជនល្មើស​សម្លាប់​មនុស្ស​ដោ​យ​ប្រើ​រូបភាព​គ្រោះថ្នាក់​ចរាចរ​ បង់ប្រាក់​សំណង​ត្រឹម១ពាន់​ឬ២ពាន់​ដុល្លារ​ចប់​រឿង​ដូច​ករណី​ខាងលើ​នេះឯង៕ សេនា និមល


No comments: