រថយន្តក្រឡាប់ និងទិដ្ឋភាពពេលប៉ូលិសចរាចរណ៍ បន្ទាយមានជ័យសង្គ្រោះជនរងគ្រោះ
ដោយ :
សូផុន (ថ្ងៃទី 30 កក្កដា 2009)
CNE News
បន្ទាយមានជ័យ: រថយន្តដឹកអ្នកដំណើរធុន ១ បាំងកន្លះ ១ គ្រឿង បានគ្រោះថ្នាក់ក្រឡាប់ ខណៈបើកបរនៅចំណុចបង្គោល គ-ម លេខ ៤០១ ខាងលិចភូមិឈ្នួលមានជ័យ ឃុំឈ្នួលមានជ័យ ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី ៣០ កក្កដា ២០០៩ ។
អ្នកបើកបរឈ្មោះ ពឿយ សារ៉ាត់ អាយុ ២៧ ឆ្នាំ ទីលំនៅភូមិ-ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បាននិយាយក្រោយកើតហេតុនោះថា មុនកើតហេតុ គឺកូនប្រុស អាយុជិត ៥ ឆ្នាំ របស់ខ្លួន បានអង្គុយអែប និងខ្លួនកំពុងបើកបរ រួចវាដេកលក់ហើយទៅខ្ទាស់នឹងដៃចង្កូតរថយន្ត ។ ពេលនោះខ្លួនមិនហ៊ានទាញកូនខ្លាំងត្បិតខ្លាចវាឈឺ តែក៏ជាបង្កថយន្តរេចង្កូតចុះឡើង ហើយបុកបង្គោល គ-ម លេខ ៤០១ រួចក្រឡាប់រថយន្តតែម្តង ។
គឺមូលហេតុនោះហើយ ដែលនាំឲ្យអ្នកដំណើរដែលរងរបួស និងដែលមិនរងរបួសខឹងសម្បារខ្លាំងណាស់ ប៊ិះមានការវាយដំអ្នកបើកបរ និងជាម្ចាស់រថយន្ត ។ នោះជាការធ្វេសប្រហែស (ប្រមាថ) ដល់សុវត្ថិភាពអ្នកដំណើរ ។
នៅនឹងកន្លែងកើតហេតុ គេឃើញមានជនរងគ្រោះរបួសធ្ងន់ ១-ឈ្មោះ ឆាយ ឡប ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជននេះ បានស្លាប់នៅពេលបន្ទាប់មក ព្រោះរបួសធ្ងន់ធ្ងរពេក បើទោះបីជារថយន្តពេទ្យសង្គ្រោះ បានដឹកមកពេទ្យក្តី ។ ២-ឈ្មោះ រ៉ុង ខាត់ណា ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិ-ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង៣-ឈ្មោះ ប៉ិន រិទ្ធ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា រថយន្តបង្កគ្រោះថ្នាក់ខ្លួនឯងនោះ ធុននីសាន់ ១ បាំងកន្លះ ពាក់ស្លាកលេខ ប.១៤៨៤ ភព២ មានម្ចាស់ និងជាអ្នកបើកបរឈ្មោះ ពឿយ សារ៉ាត់ ភេទប្រុស អាយុ ២៧ ឆ្នាំ ។ រថយន្តដឹកអ្នកដំណើរនេះ ដឹកមនុស្ស ១៧ នាក់ ៕
No comments:
Post a Comment