Friday, August 7, 2009

នារី​ជើង​ខ្លាំង​ : បើករថយន្ត​បុក​ម៉ូតូ ២​គ្រឿង របួស ៣​នាក់ បាក់​បង្គោល​ភ្លើង​មួ​យ​ដើម និងបុក​រថយន្ត​ចត​ស្ងៀម​ខ្ទេច ហើយ​បើក​រត់​បាត់ !

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 7 សីហា 2009)
CEN News
ភ្នំពេញ: សាក្សី​និយាយថា នារី​ម្នាក់​បាន​បើករថយន្ត ម៉ាក​តូ​យូ​តា​កាមរី​ឆ្លាម បើក​បុក​ម៉ូតូ​មួយ​គ្រឿង របួស ២​នាក់ រួច​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម ហើយ​ថយ​បើក​គេច​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​របួស​បុរស​ម្នាក់ រួច​ព្យាយាម​បើក​រត់​ជ្រុល​បុក​រថយន្ត​ចត​ស្ងៀម​ខ្ទេច​មួយគ្រឿង​ទៀត​ ទីបំផុត​បើក​គេច​បាត់​ដោយ​សុវត្ថិភាព ។​

​ឧប្បត្តិហេតុ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី៧ សីហា​នេះ នៅ​ចំណុច​ផ្លូវ​លេខ ៣៥២ កែង​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង I ខណ្ឌចំការមន ។​

សាក្សី​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា រថយន្ត​បង្ក​គ្រោះថ្នាក់​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ ភ្នំពេញ 2G 9769 បើកបរ​ដោយ​នារី​ម្នាក់ បាន​បើក​គេច​បាត់​ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​រួចមក ។​

ប៉ូលិស​បានឲ្យដឹងថា ម៉ូតូ​ទីមួយ ដែល​រងគ្រោះថ្នាក់ ម៉ាក HONDA WAVE I ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA 6735 បើកបរ​ដោយ​ឈ្មោះ នេ​ត ដា​រ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២០ E1 ផ្លូវ​លេខ២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក អ្នករួមដំណើរ​ឈ្មោះ យ៉ុង ម៉ាប់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ ។ ម៉ូតូ​ទី​២ ម៉ាក SUZUKI SMASH REVO ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កណ្តាល 1E 4433 បើកបរ​ដោយ​ឈ្មោះ ភូ សុខសីហា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទដៃ ស្នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ យុវជន​ទាំង ៣​នាក់​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​ចំណែក​រថយន្ត​ចត​ស្ងៀម​រង​ការខូចខាត​យ៉ាងដំណំ​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ ផាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មន្ត្រី​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ស្នាក់​នៅផ្ទះ​លេខ 61C ផ្លូវ​លេខ ៣១០ សង្កាត់​បឹង​កេងកង II ខណ្ឌចំការមន ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​បំភ្លឺ​ប្រាប់​ប៉ូលិសចរាច​រថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើក​តាមផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង ។ លុះ​បើក​ដល់​ផ្លូវកែង​លេខ ៣៥២ ក៏​បុក​ម៉ូតូ​ទីមួយ កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា ពីក្រោយ​បណ្តាលឲ្យ​របួស​យុវជ​ន ២​នាក់ ។ រថយន្ត​បាន​ព្យាយាម​បើក​គេច​ក៏បុង​បង្គោល​ភ្លើង​ដួល​មួយដើម ហើយ​ព្យាយាម​បើក​គេច​តាមផ្លូវ ៣១០ ទៅ​លិច ក៏​បុក​ម៉ូតូ​ទី​២ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ទៀត​រងរបួស ។ រថយន្ត​នេះ​ក៏​បាន​បើក​បន្ត​ទៅមុខ​ក៏​បុក​រថយន្ត​ចត​ស្ងៀម​នៅមុខ​ផ្ទះ​លេខ 61C ខ្ទេច​ផ្នែក​ខាងឆ្វេង ។ នារី​ដែល​បើក​រថយន្ត​ខាងលើ​ក៏​បាន​បើករថយន្ត​រត់​តាម​ផ្លូវ​លេខ ៣១០ បាត់​តែ​ម្តង ។​

ជុំវិញ​ករណី​ខាងលើ​នេះ ប៉ូលិស​បានឲ្យដឹងថា ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក​គ្រោះថ្នាក់ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ៕

No comments: