Saturday, August 15, 2009

ជិះ​ម៉ូតូ​លឿន​បុក​គេ​ស្លាប់​ខ្លួនឯង​

ដោយ : សេរី (ថ្ងៃទី 15 សីហា 2009)
CEN News

កំពង់ធំ: យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត ហើយ​យុវជន​ម្នាក់​ទៀត​រងរបួស​ជា​ទម្ងន់​ក្រោយពី​យុវជន​ទាំង​ពីរ បាន​ជិះ​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ៨ និង ១០ នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា នៅ​គល់​ស្ពាន​កំពង់ធំ ចំណុច​ផ្លូវខ្វែង​កំពង់​បៅ ។ សាក្សី​បាន​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ​គេ​ឃើញ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ថឹ​ក ហុង រស់នៅ​ភូមិ​ព្រៃក្តី ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ​បើក​ម៉ូតូ​យ៉ោង​លឿន​ពី​ជើង​ទៅ​ត្បូង ។ ល្បឿន​ដែល​ជនរងគ្រោះ​បើក​នោះ​លឿន​ណាស់ ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ទៅ​ប៉ះ​កន្ទុយ​ម៉ូតូ​ផ្សេង​មួយទៀត ដែល​កំពុង​បើក​ពីមុខ ប៉ុន្តែ​ម៉ូតូ​នោះ​មិន​បាន​ដួល​ទេ ។ ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​បាន​ផ្លាត​ចេញពី​ចំណែក​ផ្លូវ​ខាងស្តាំ​របស់​ខ្លួន ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ជួន​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​គេ​ជិះ​ត្រឹមត្រូវ​បញ្ច្រាសទិស​គ្នា ហើយ​បុក​ពីមុខ​យ៉ាង​ពេញទំហឹង​តែ​ម្តង ។​

​ប៉ូលិស​បាន​និយាយថា ម៉ូតូ​ដែល​បើកបរ​យ៉ាង​ត្រឹមត្រូវ ហើយ​គេ​មក​បុក​នោះ​ឈ្មោះ សឿ ចាន់​តារា​រិទ្ធ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្តី ឃុំ​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ។ ប៉ូលិស​និយាយថា បន្ទាប់ពី​បុក​ហើយ តារារិទ្ធ​ហាក់ដូចជា គ្មាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ​ទេ ក្រោក​ដើរ​និយាយប្រាប់​ប៉ូលិស​ពេល​វាស់វែង ហើយ​ថែមទាំង​បញ្ជាក់ថា ខ្លួន​មិន​អី​ទៀតផង ។ ប៉ូលិស​ក៏​នាំយក​អ្នកបង្ក​ឈ្មោះ ថឹ​ក ហុង ទៅ​មន្ទីរពេទ្យ ហើយ​ក្រោយមកថឹក​ហុងក៏​ស្លាប់​នៅ​មន្ទីរពេទ្យ ។ តែ​រយៈពេល​នោះ​ប្រហែលជា​មួយ​ម៉ោង​នៅ​ពេល​ប៉ូលិស​ហៅ​ធ្វើ​កំណត់ហេតុ តារារិទ្ធ​ប្រាប់​ប៉ូលិស​ថា ខ្លួន​ហាក់ដូចជា​មិន​ស្រួល ហើយ​ក៏​ទៅ​ពេទ្យ​លុះ​ទៅដល់​មន្ទីរពេទ្យ​ស្រាប់តែ​សន្លប់​ពេទ្យ​ដាក់​ អុកស៊ីហ្សែន ហើយ​ក៏​សម្រេច​បញ្ជូន​ទៅ​ភ្នំពេញ​ភ្លាមៗ​តែម្តង ។​

​យើង​សង្កេតឃើញថា អ្នក​ទាំង​ពីរ​ដែល​បុក​គ្នា​សុទ្ធតែ​ពាក់មួក​សុវត្ថិភាព​ដូចគ្នា ប៉ុន្តែ​ទំហំ​នៃ​ការបុក​វា​ខ្លាំងពេក ទោះបី​មួក​ក៏​ទប់ទល់​មិន​ឈ្នះ​ដែរ ព្រោះ​ភាគី​ម្ខាង​នោះ​ជិះ​លឿន​ណាស់ ។​

​អធិការរង​ប៉ូលិស​ក្រុង​ស្ទឹងសែន​ទទួលបន្ទុក​ចរាចរណ៍​និយាយថា ករណី​នេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​អ្វី​ទេ ព្រោះ​ភាគី​ទាំង​ពីរ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​បញ្ជូន​ទៅ​ភ្នំពេញ រង់ចាំ​ពេលវេលា​ដែល​ភាគី​ទាំងសងខាង​មានឱកាស​សិន ៕​

No comments: