ដោយ ផាន សូផាត
RFA2009-07-31
មន្រ្តី អ្នកជំនាញរបស់រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងនគរបាលជាតិ បានអះអាងថា អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាលំដាប់ពីមួយ ឆ្នាំទៅមួយឆ្នាំ ដែលភាគច្រើនគឺបណ្តាលមកពីការមិនគោរពច្បាប់ចរាចរណ៍ឲ្យបាន ត្រឹមត្រូវ។
មន្រ្តីសម្របសម្រួលនៃអង្គការជនពិការអន្តរជាតិប៊ែលហ្ស៊ិក លោក មាស ចាន់ឌី បានមានប្រសាសន៍ថា ក្នុងមួយខែមានមនុស្សប្រមាណ២០០នាក់ ឬមួយថ្ងៃមានប្រមាណ៤នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នា ពេលបច្ចុប្បន្ននេះ។
លោក មាស ចាន់ឌី បានឲ្យដឹងថា ៖ «ឃើញថា ចំនួនហ្នឹងស្លាប់រៀងរាល់ខែ គឺមិនទាន់មានការថយចុះទេ ជាមធ្យមនៅក្នុងមួយខែមានអ្នកស្លាប់ប្រមាណជា២០០នាក់។ ជាក់ស្ដែងខ្ញុំអាចជូនតួលេខក្នុងឆ្នាំ២០០៨ មួយចុះ ក្នុងមួយឆ្នាំមានអ្នកស្លាប់រហូតទៅដល់១៦៣៨នាក់ ហ្នឹងកាលពីឆ្នាំ២០០៨។ នៅក្នុងខែ៤ ឆ្នាំ២០០៨ គឺមានអ្នកស្លាប់ចំនួន១៧៦នាក់ ដោយឡែកនៅក្នុងខែ៤ ឆ្នាំ២០០៩ ចំនួនអ្នកស្លាប់បានឡើងរហូតទៅដល់២០១នាក់។ ដូច្នេះឃើញថា ចំនួនអ្នកស្លាប់ស្ថិតក្នុងចន្លោះខ្ទង់រង្វង់ក្រោម២០០ ឬម្ដុំ ២០០ហ្នឹងឯង»។
លោកបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នោះថា ៖ «ជា រួម ជាទូទៅកត្តានៅក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា យើងនេះ ជាទូទៅកើតឡើងដោយសារកំហុសមកពីមនុស្ស។ បើនិយាយពីកំហុសមកពីមនុស្ស គឺមានន័យថា ការមិនគោរពច្បាប់ចរាចរណ៍ហ្នឹងឯងជារួម។ ជាទូទៅ ឧទាហរណ៍ការបើកបរហួសល្បឿនកំណត់ ហ្នឹងក៏ជាការប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ដែរ នៅក្នុងការបើកបរហួសល្បឿនកំណត់ ខ្លាំងជាងគេ គឺបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងគេបំផុត ហើយទី២ គឺការបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហ្នឹងក៏ជាការល្មើសនឹងច្បាប់ដែរ។ ទី៣ ការបើកបរក្នុងពេលស្រវឹង ហ្នឹងក៏ជាបញ្ហាធំបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដែរ។ នេះជាមូលហេតុបីដែលធំ ដែលខ្ញុំចង់លើកមកបង្ហាញពេលនេះ ហើយនៅក្នុងនោះបញ្ហាមួយទៀតគឺការដែលមិនពាក់មួកសុវត្ថិភាពក៏ជា ការល្មើសនឹងច្បាប់ដែរ ពីព្រោះថាគ្រោះថ្នាក់ចរាចរណ៍មួយចំនួនអាចនឹងមិនបណ្ដាលឲ្យស្លាប់ទេ មិនធ្លាក់ខ្លួនរហូតដល់ស្លាប់ទេបើសិនជាបានពាក់មួកសុវត្ថិភាព ត្រឹមត្រូវ នេះមិនមែនសុទ្ធតែរួចផុតរហូតទេ ក៏ប៉ុន្តែអាចមានលទ្ធភាពក្នុងការគេចផុតពីគ្រោះថ្នាក់ បើសិនជាគាត់បានប្រើប្រាស់»។
ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅក្នុងតំបន់នោះ បានបង្កើតច្បាប់ចរាចរណ៍ថ្មីមួយនាខែកុម្ភៈ ឆ្នាំ២០០៧ ដើម្បីធានាដល់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេសនេះ។
លោកឧត្តមសេនីយ៍ឯក អ៊ុក គឹមលេខ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ចំពោះការអនុវត្តច្បាប់នោះជាទូទៅថា ៖ «វិធានការ កាត់បន្ថយអត្រាគ្រោះថ្នាក់នេះ យើងត្រូវធ្វើច្រើនរឿងណាស់។ បញ្ហាទី១ ភាគច្រើន ច្រើនគ្រោះថ្នាក់ដោយសារល្បឿន ដោយសារការបើកបរលឿនហួសហេតុ ទី២ ច្រើនតែប្រើប្រាស់គ្រឿងស្រវឹង ហើយទី៣ មិនគោរពលក្ខខណ្ឌនានារបស់ច្បាប់ ដូចជាការមិនប្រើប្រាស់មួកសុវត្ថិភាព ការមិនប្រើប្រាស់កញ្ចក់មើលក្រោយ។ អ៊ីចឹងទេនេះសុទ្ធតែបណ្ដាលឲ្យគ្រោះថ្នាក់ហើយ។ ហើយបច្ចុប្បន្នយើងបានប្រើប្រាស់វិធានការអប់រំផ្សព្វផ្សាយពីច្បាប់ នេះ យើងបានប្រើយូរហើយ ហើយយើងបានធ្វើតាមគ្រប់រូបភាពដែលលទ្ធភាពយើងមាន ដូចជាផ្សព្វផ្សាយតាមទស្សនាវដ្ដី កាសែត ប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុអី គឺថាយើងបានធ្វើ»។
ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក គឹមលេខ បានមានប្រសាសន៍ថា នៅមានការលំបាកច្រើនសម្រាប់ការអនុវត្តច្បាប់នោះឲ្យបានល្អ ៖ «ជា រួមយើងខ្វះមធ្យោបាយសម្ភារៈ ឧបករណ៍ តាមពិតការអនុវត្តច្បាប់ចរាចរណ៍ បើនៅប្រទេសគេ គេមានមធ្យោបាយច្រើនណាស់។ ឧទាហរណ៍ គេចង់វាស់ល្បឿន គេមាន Speed Camera យើងនេះមិនដឹងវាស់ដោយស្អីទេ? វាខ្វះខាតអ៊ីចឹង តែយើងចេះតែខំធ្វើទៅ។ ដូចជាអាល់កុលតេស្ត ឲ្យផ្លុំសម្រាប់វាស់ជាតិស្រវឹង យើងអត់មានដែរ អ៊ីចឹងទេមធ្យោបាយយើងខ្វះច្រើន តែយើងចេះតែខិតខំធ្វើទៅ ធ្វើម៉េចប្រទេសយើងវានៅខ្វះខាត»។
លោក មាស ចាន់ឌី មន្រ្តីសម្របសម្រួលនៃអង្គការជនពិការអន្តរជាតិប៊ែលហ្ស៊ិក បានមានប្រសាសន៍ថា សញ្ញានៃការមិនគោរពច្បាប់ចរាចរណ៍ដ៏ធំមួយដែរនោះ គឺការគ្មានប័ណ្ណបើកបររបស់អ្នកបញ្ជាយានយន្ត ដែលតាមការស្រាវជ្រាវក្នុងប្រទេសកម្ពុជាមានយានយន្ត ដូចជារថយន្តនិងម៉ូតូដែលចុះបញ្ជីគឺមានប្រមាណ១លានគ្រឿង ប៉ុន្តែអ្នកដែលមានប័ណ្ណបើកបរទាំងរថយន្តនិងម៉ូតូនោះ គឺមានប្រមាណតែជាង៥០ម៉ឺននាក់តែប៉ុណ្ណោះ។
លោកបានបន្តថា នៅពេលបច្ចុប្បន្ននេះការរៀននិងការប្រឡងយកប័ណ្ណបើកបរសម្រាប់អ្នក បើកបរម៉ូតូគឺមានតិចតួចបើប្រៀបធៀបនឹងចំនួនអ្នកដែលប្រើប្រាស់។
លោក មាស ចាន់ឌី បានថ្លែងថា អត្រាគ្រោះថ្នាក់ចរាចរណ៍បើគិតពីចំនួនអ្នកស្លាប់គឺពិតជាច្រើន ជាងប្រទេសនៅក្នុងតំបន់ដែលធៀបទៅនឹងចំនួនរថយន្តនោះ ៖ «ក្នុង ចំណោមយានយន្តមួយម៉ឺនគ្រឿងដែលចុះបញ្ជីនៅសិង្ហបុរី ស្លាប់២នាក់កន្លះ នៅលាវ ស្លាប់៨នាក់គត់ នៅវៀតណាម ស្លាប់៤,១នាក់ នៅកម្ពុជា ១៤,៥»។
លោកឧត្តមសេនីយ៍ឯក អ៊ុក គឹមលេខ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ដោយបានឃើញពីស្ថានភាពគ្រោះថ្នាក់នេះហើយបានជាមានកិច្ចប្រជុំដ៏ធំ មួយនៅក្រសួងមហាផ្ទៃនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០០៩ ដើម្បីចាត់វិធានការក្នុងការអនុវត្តតឹងរ៉ឹងច្បាប់ចរាចរណ៍ចាប់តាំង ពីថ្ងៃទី១ ខែកញ្ញាខាងមុខនេះតទៅ។
លោកឧត្តមសេនីយ៍ឯក អ៊ុក គឹមលេខ បានមានប្រសាសន៍ថា ៖ «កន្លងមក ការអនុវត្តច្បាប់យើងបានធ្វើនៅតាមបណ្ដាគ្រប់ខេត្តក្រុង និយាយរួមទូទាំងប្រទេស។ ការដែលប្រជុំព្រឹកមិញនេះគឺប្រជុំគណៈបញ្ជាការដែលដឹកនាំបន្ថែម ទៀតទៅលើច្បាប់ ធ្វើម៉េចអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពច្រើន។ ព្រឹកមិញយើងបានប្រជុំគណៈបញ្ជាការហ្នឹង ហើយសមាសភាពចូលរួមគ្រប់ខេត្តក្រុងមកចូលរួម ព្រោះកន្លងមកការអនុវត្តច្បាប់របស់យើងវាមិនទាន់បានម៉ឺងម៉ាត់១០០% ទេ»។
នៅក្នុងការពង្រឹកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះឲ្យបាន ល្អប្រសើរ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបើកបរ ម៉ូតូឲ្យប្រើប្រាស់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីការពារជីវិតឲ្យ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងការសម្លាប់ជីវិត ប្រជាពលរដ្ឋខ្មែរ៕
No comments:
Post a Comment