Monday, August 3, 2009

ប៉ូលិស​ប្រកាស​យុទ្ធនាការ​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍

ដោយ មុំ សុផុន
2009-08-01
វិទ្យុអាស៊ីសេរី

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៩ ថា សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ បាន​ចាប់​ផ្តើម​យុទ្ធនាការ​រឹត​បន្តឹង​និង​បង្ខំ​ឲ្យ​អ្នក​ដែល​ប្រើប្រាស់​ ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​ទាំង​អស់​គោរព​ច្បាប់​ចរាចរណ៍ រួម​មាន​ពាក់​មួក​សុវត្ថិភាព បំពាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ រួម​ទាំង​រថយន្ត​ត្រូវ​មាន​ស្លាក​លេខ​សម្គាល់​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្រុម​យុវជន​ជិះ​ម៉ូតូ​លើ​ដង​វិថី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១ សីហា ២០០៩។ (RFA Photo/Sophorn)

ក្រុម យុវជន ជិះ ម៉ូតូ លើ ដង វិថី មួយ ក្នុង ទីក្រុង ភ្នំពេញ នា ថ្ងៃ ទី ១ សីហា ២០០៩។ (RFA Photo/Sophorn)

លោក ទូច ណារ៉ុថ បាន​ថ្លែង​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​នា​ពេល​កន្លង​មក ហើយ​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​នោះ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​មិន​បាន​ប្រើ​មួក ​សុវត្ថិភាព។

លោក ទូច ណារ៉ុថ ថ្លែង​ដូច្នេះ​ថា ៖ «គាត់​មិន​ទាន់​យល់​អំពី​ សារសំខាន់​នៃ​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ដើម្បី​ថែ​រក្សា​អាយុ​ជីវិត​ គាត់​ទេ អ៊ីចឹង ឥឡូវ យើង​ត្រូវ​ចាប់​បង្ខំ​ឲ្យ​គាត់​ត្រូវ​តែ​គោរព​តាម​រយៈ​ការ​រឹត​បន្តឹង ព្រោះ​ឥឡូវ​នេះ ការ​រឹត​បន្តឹង​របស់​យើង​គឺ​មិន​មាន​អ្វី​ទេ គ្រាន់​តែ​ថា ឃាត់​ម៉ូតូ​គាត់ រួច​ហើយ​ឲ្យ​គាត់​ទិញ​មួក​ការពារ​សុវត្ថិភាព​ដើម្បី​ប្រើប្រាស់ ហើយ​មួក​សុវត្ថិភាព​ដែល​គាត់​ទិញ​មក គឺ​ដើម្បី​ពាក់​ការពារ​អាយុ​ជីវិត​គាត់​តែ​ប៉ុណ្ណឹង​ទេ»។

លោក​បាន​ថ្លែង​ទៀត​ថា សមត្ថកិច្ច​នឹង​ដក​ហូត​ម៉ូតូ​និង​រថយន្ត​ទុក​សិន លុះ​ដល់​ម្ចាស់​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​ចរាចរណ៍​ហើយ ទើប​ប្រគល់​ឲ្យ​ម្ចាស់​វិញ។

ចំណែក​ឯ​លោក សែម បញ្ញាវុឌ្ឍ អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ បែលហ្ស៊ិក បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០០៨ មាន​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ២៥.៧៩៦​នាក់ អ្នក​របួស​ធ្ងន់​ចំនួន ៧.២២៦​នាក់ និង​ស្លាប់​ចំនួន ១.៦៣៨​នាក់។

——————————————————————————————————————————————————————-

«ខ្ញុំ​យល់​ថា ប៉ូលិស​ចរាចរណ៍​ចាប់​មួក កញ្ចក់ ស្លាក​លេខ​នេះ គឺ​ល្អ​ហើយ ប៉ុន្តែ​ចំពោះ​ខ្ញុំ​អ្នក​រត់​ម៉ូតូ​ឌុប​វិញ ម៉ូតូ​ចាស់​មាន​តែ​កញ្ចក់​ទេ
ប៉ុន្តែ​ស្លាក​លេខ ខ្ញុំ​អត់​ទាន់​មាន​លុយ​ធ្វើ​ទេ។ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្រឿង​ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ចាប់» អ៊ុក ថា, អ្នក​រត់​ម៉ូតូ​ឌុប

——————————————————————————————————————————————————————-

លោក​ថ្លែង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ មាន ៨៦% ប៉ះ​ទង្គិច​ក្បាល ហើយ​មិន​បាន​ប្រើ​មួក​សុវត្ថិភាព ៖ «អ្នក​បើក​បរ​គាត់ ​ប្រើ​ប្រាស់​លឿន គាត់​ពិសារ​គ្រឿង​ស្រវឹង គាត់​បើក​បរ​ក្នុង​ស្ថានភាព​ប្រជែង​ជាដើម និង​ការ​មិន​គោរព​សិទ្ធិ​អាទិភាព។ ទាំង​អស់​នេះ សុទ្ធ​តែ​បណ្ដាល​មក​ពី​កត្តា​មនុស្ស ដូច្នេះ​យើង​គិត​ថា គ្រោះថ្នាក់​ចរាចរណ៍​យើង​អាច​បង្ការ​បាន ប្រសិន​បើ​ប្រជា​ពលរដ្ឋ​យើង​ផ្លាស់​ប្ដូរ​ឥរិយាបថ​ខុស​ឆ្គង​ទាំង​នេះ ដោយ​ងាក​មក​រក​ការ​គោរព​ច្បាប់ នោះ​យើង​សង្ឃឹម​ថា ចំនួន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ការ​ថយ​ចុះ»។

លោក អ៊ុក ថា អាយុ ២៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ការ​រឹត​បន្តឹង​របស់​ក្រុម​ប៉ូលិស​នេះ​គឺ​ដើម្បី​ជំរុញ​កាន់​តែ​ខ្លាំង ឲ្យ​ប្រជា​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​គ្នា ៖ «ខ្ញុំ​យល់ ​ថា ប៉ូលិស​ចរាចរណ៍​ចាប់​មួក កញ្ចក់ ស្លាក​លេខ​នេះ គឺ​ល្អ​ហើយ ប៉ុន្តែ​ចំពោះ​ខ្ញុំ​អ្នក​រត់​ម៉ូតូ​ឌុប​វិញ ម៉ូតូ​ចាស់​មាន​តែ​កញ្ចក់​ទេ ប៉ុន្តែ​ស្លាក​លេខ ខ្ញុំ​អត់​ទាន់​មាន​លុយ​ធ្វើ​ទេ។ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្រឿង​ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ចាប់»។

នៅ​ក្នុង​ការ​ពង្រឹក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​ឲ្យ​បាន​ ល្អ​ប្រសើរ កាល​ពី​ចុង​ឆ្នាំ​២០០៨ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​អំពាវនាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​បើកបរ ​ម៉ូតូ​ឲ្យ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ទាំង​អស់​គ្នា​ដើម្បី​ការពារ​ជីវិត​ ឲ្យ​ជៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​សម្លាប់​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ៕

No comments: