ដោយ ប៉ែន បូណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 01/08/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 01/08/2009 11:21 ម៉ោងសកល
បន្ទាប់ ពីបានចាត់វិធានការជាបន្តបន្ទាប់ តែមិនបានជោគជ័យគួរជាទីពេញចិត្តអស់រយៈពេលជាច្រើនខែមក អាជ្ញាធរបានកំណត់យកថ្ងៃទី១សីហានេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការ ទ្រង់ទ្រាយធំទូទាំងប្រទេសក្នុងការចាត់វិធានការក្តៅចំពោះអ្នកបើក បរដែលល្មើសនឹងច្បាប់ចរាចរណ៍។ យានយន្តទាំងឡាយណាដែលមិនគ្រប់លក្ខណៈនឹងត្រូវគេរឹបអូសដើម្បី បង្ខំឲ្យម្ចាស់បំពេញលក្ខខណ្ឌច្បាប់។
ចាប់ពីថ្ងៃទី១សីហានេះតទៅ យានយន្តទាំងឡាយណាដែលមិនព្រមបំពេញតាមលក្ខខណ្ឌរបស់អាជ្ញាធរមិន ត្រូវបានគេអនុញ្ញាតឲ្យធ្វើចរាចរនៅតាមដងផ្លូវសាធារណៈទៀតឡើយ។ សមត្ថកិច្ចនគរបាលនឹងរឹបអូសយានយន្តទាំងនោះយកទៅទុកមួយកន្លែង ដើម្បីបង្ខំឲ្យអ្នកបើកបរបំពេញលក្ខខណ្ឌច្បាប់មុននឹងទទួលបាន យានយន្តរបស់ពួកគេមកវិញ។
យានយន្តដែលគ្មានស្លាកលេខ គា្មនកញ្ចក់មើលក្រោយ គ្មានភ្លើងគ្រប់គ្រាន់ និងអ្នកបើកបរដែលមិនព្រមពាក់មួកសុវត្ថិភាព គឺជាគោលដៅនៃការរឹបអូស។ បើយោងតាមប្រសាសន៍របស់លោក នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិនៅក្នុងយុទ្ធនាការដំបូងនេះសមត្ថកិច្ចនឹង មិនផាកពិន័យពីអ្នកបើកបរទេដោយគ្រាន់តែតម្រូវឲ្យពួកគេបំពេញ លក្ខខណ្ឌច្បាប់ឲ្យបានគ្រប់គ្រាន់ទើបអាចទទួលបានយានយន្តរបស់ខ្លួន មកវិញ។
វិធានការនេះត្រូវបានគេអនុវត្តនៅទូទាំងប្រទេស និងជាពិសេសនៅរាជធានីភ្នំពេញ។ កាលពីជាងមួយខែមុននេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ បានចេញសារាចរណ៍ណែនាំជាសាធារណៈមួយស្តីពីបញ្ហានេះ ដោយកំណត់យកថ្ងៃទី១សីហានេះធ្វើជាឱសានវាទ។ លោកបានអំពាវនាវឲ្យមន្ត្រីរាជការធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការ គោរពច្បាប់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍គឺជាសោកនាដកម្មដ៏ធំធេងមួយនៅកម្ពុជា។ ជារៀងរាល់ថ្ងៃមានមនុស្ស៤នាក់បានស្លាប់និងរងរបួសរាប់សិបនាក់ នេះនៅមិនទាន់រាប់បញ្ចូលការខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក សន្ធាប់ផងទេ។ តួលេខដ៏គួរឲ្យព្រឺខ្លាចនេះ មានកម្រិតខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ អាជ្ញាធរបានរកឃើញថាការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរគឺជា មូលហេតុចម្បងដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។
ប្រឈមមុខនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យសមត្ថកិច្ចនគរបាលចាត់វិធានការឲ្យបានតឹងរ៉ឹង ដើម្បីកាត់បន្ថយសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍។ វិធានការដែលចាប់ផ្តើមនៅថ្ងៃនេះគឺជាផ្លែផ្កានៃអនុសាសន៍របស់នាយក រដ្ឋមន្ត្រី ប៉ុន្តែគេមិនទាន់ដឹងថាវានឹងមានប្រសិទ្ធិភាពប៉ុណ្ណានោះទេ៕
No comments:
Post a Comment