Tuesday, June 30, 2009

ការបើកបរ​លឿន និង​ស្រវឹង​ជា​មូលហេតុ​នាំមក​នូវ​គ្រោះថ្នាក់​ច្រើន​ក្នុង​ខែ​មិថុនា​នេះ​

ដោយ : សេរី​ (ថ្ងៃទី 29 មិថុនា 2009)
CEN News
ភ្នំពេញ: លោក​វរសេនីយ៍ ប៉ែន ឃុន អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​អោយដឹង នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នេះ​ថា គ្រោះថ្នាក់​ចរាចរ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែ​មិថុនា​នេះ បើ​ប្រៀបធៀប​ទៅនឹង​ខែ​ឧសភា​មុននេះ ឃើញ​មាន​ការកើនឡើង​ទាំង​របួស​ស្រាល និង​របួសធ្ងន់ តែ​ចំនួន​ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​ថយចុះ ។ ការបើកបរ​លឿន និង​បើកបរ​ដោយ​មាន​ជាតិ​អាកុល​លើស​កំណត់ គឺជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​នៅក្នុង​ខែ​នេះ ដែល​ភាគច្រើន​កើតឡើង​នៅ​ពេលយប់ ។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា គិត​ពី​ដើមខែ មកដល់ពេលនេះ​មាន​មនុស្ស​ចំនួន ១១ នាក់ បាន​ស្លាប់ ៥៩ នាក់ រងរបួស​ធ្ងន់ និង ៣៧ នាក់​រងរបួស​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ដែល​បាន​កើតមាន​ឡើង​ចំនួន ៥៥ លើក ។ គ្រោះថ្នាក់​ដែល​កើតមានឡើង​នេះ ដោយសារ​ការបើកបរ​លឿន​ចំនួន ២៣ លើក និង​បើកបរ​ដោយ​មាន​ជាតិ​អាកុល​លើស​កំណត់​ចំនួន ១២ លើក ។ គ្រោះថ្នាក់​កើតឡើង​មាន​ការចូលរួម​ពី​ម៉ូតូ​ចំនួន ៦៦ គ្រឿង ដែល​ក្នុងនោះ​អ្នកបើកបរ​ម៉ូតូ​បាន​ប្រើ​ប្រាស់​មួកសុវត្ថិភាព​មាន​ចំនួន​តែ ១២ នាក់​ប៉ុណ្ណោះ ។​

​លោក អែល ណារិន អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ផង​ដែរ​ថា អ្នកបើកបរ​ម៉ូតូ​បាន​ប្រើប្រាស់​មួកសុវត្ថិភាព​ចរាចរ​កន្លងទៅនេះ មាន​ច្រើន​តែ​នៅក្នុង​ពេល​ម៉ោង​រដ្ឋបាល (​ពេល​ថ្ងៃ​) តែ​នៅ​ពេលយប់​ដែលមាន​គ្រោះថ្នាក់​ចរាចរ​កើតមាន​ច្រើន​នោះ អ្នកបើកបរ​ម៉ូតូ​ភាគច្រើន​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទេ នេះ​ដោយសារ​គេ​យល់​ថា ពេលយប់​គ្មាន​អ្នកណា​ត្រួតពិនិត្យ ឬ​ផាកពិន័យ តែ​គេ​ភ្លេច​គិត​ពី​គ្រោះថ្នាក់​ខ្លួនឯង ។ អ្នកបើកបរ​ម៉ូតូ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ភាគច្រើន​នៅ​ក្បាល ។​

​លោក ហេង ចាន់​ធា​រី ប្រធានការិយាល័យ​នគរបាល​ចរាចរ​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើបនឹង​ឡើង​ជំនួស​លោក ទីន ប្រសើរ ដែល​បាន​ផ្ទេរចេញ​កាលពី​សប្តាហ៍​មុន​នោះ​បាន​និយាយ​ឲ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នេះ​ថា ស្ថានភាព​ចរាចរ​នៅក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ ស្មុគស្មាញ​បន្តិច​ដោយសារ អ្នកបើកបរ​មួយចំនួន​មិន​បាន​គោរព​ច្បាប់ តែ​អ្នក​មិន​គោរព​ច្បាប់​នោះ​មាន​មិន​ច្រើន​ទេ ដើម្បី​ឲ្យ​ចរាចរ​បាន​ល្អ និង​កាត់បន្ថយ​បាន​នូវ​ចំនួន​គ្រោះថ្នាក់ គឺ​យើង​ទាំងអស់គ្នា​ត្រូវតែ​រួមគ្នា​គោរព​ច្បាប់​ចរាចរ ។​

​គួរ​រំលឹក​អោយដឹងថា ឯ​នៅក្នុង​ខែ​មេសា​គ្រោះថ្នាក់​ចរាចរ​កើតមាន​ចំនួន ៦៣ លើក បាន​សម្លាប់​មនុស្ស​ចំនួន ២៧ នាក់ របួសធ្ងន់​ចំនួន ៦១ នាក់ និង​របួសស្រាល​ចំនួន ៤០ នាក់ ។ គ្រោះថ្នាក់​កើតមានឡើង​ដោយសារ ការបើកបរ​លើស​ល្បឿន​កំណត់​ចំនួន ២៤ លើក និង​ដោយ​អ្នកបើកបរ​មាន​ជាតិ​អាកុល​លើស​កំណត់ ចំនួន ៤ លើក​នៅក្នុង​ខែ​ឧសភា គ្រោះថ្នាក់​ចរាច​ររ​កើតឡើង​ចំនួន ៤៣ លើក បាន​សម្លាប់​មនុស្ស ១៦ នាក់ របួសធ្ងន់ ៤៤ នាក់ និង ១៦ នាក់ រង​របួសស្រាល ។ គ្រោះថ្នាក់​ដែល​កើតមានឡើង​ដោយសារ​ការ​បើកបរ​លើ​ស​ល្បឿន​កំណត់ ចំនួន ១៧ លើក និង​បើកបរ​ដោយ​មាន​ជាតិ​អាកុល​លើស​កំណត់​ចំនួន ៥ លើក ៕

Ztczodrind
គ្រោះថ្នាក់​ចរាចរ​នាពេល​កន្លងទៅ ។ អ្នកបើកបរ​ម៉ូតូ​ភាគច្រើន​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទេ​


No comments: