Saturday, June 27, 2009

ស្លាប់​មួយ​របួស​ពីរ​ដោយសារ​រថយន្ត​កៀរ​

ដោយ : ជលសា​ (ថ្ងៃទី 27 មិថុនា 2009)
CEN News
ព្រៃវែង: ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​បុរស​ពីរ​នាក់​ទៀត​ត្រូវ​ទទួល​រង​របួសធ្ងន់​ ដោយសារ​រថយន្ត​ធុន​ធ្ងន់​មិន​ស្គាល់​ម៉ាក​បុក​ ហើយ​បើក​រត់គេច​បាត់​ក្នុងខណៈ​ពេល​ពួកគេ​ជិះម៉តូ ២​ គ្រឿង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ​៩ ព្រឹក​ថ្ងៃ​ទី ២៦ ខែមិថុនា នៅ​ភូមិស្រះ ​ឃុំ​រំចេក​ស្រុក​ព្រះស្តេច ។​

​ប៉ូលិស​ចរាចរ​ខេត្ត​បាន​និយាយ​ឲ្យដឹងថា​ ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ ជិន គង្គា អាយុ ១៦​ ឆ្នាំ នៅ​ភូមិ​ថ្កូវ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ។ អ្នករងគ្រោះ ​២​ នាក់​ទៀត​នោះ ១.​ឈ្មោះ ជិន សុ​លីន អាយុ​ ១៩​ ឆ្នាំ ត្រូវ​ជា​បង ជិន គង្គា និង​ ២.​ឈ្មោះ សំ​តូ អាយុ​ ៤៦​ ឆ្នាំ នៅឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ។​

​ប៉ូលិស​បានឲ្យដឹង​ទៀតថា នៅ​មុន​កើតហេតុ ជិន សុ​លីន ជិះ​ម៉ូតូឌុប ជិន គង្គា ពី​ទិសខាងកើត​ឆ្ពោះ​មក​ទិស​ខាងលិច​ជាមួយ​ សំ​តូ ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​តាម​ពីក្រោយ ។ លុះ​ជិះម​ក​ដល់​ចំណុចកើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​ធុន​ធ្ងន់​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ​បើក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិស​ខាងកើត​ បាន​បើក​មក​បុក​រះ​ម៉ូតូ​ទាំង ​២ ​គ្រឿង​ឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវជាតិ​លេខ​១ រួច​ហើយ​បើក​គេច​មក​ទិស​ខាងកើត​បាត់ ។ បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ៕

No comments: