ដោយ :
សូផុន (ថ្ងៃទី 11 មិថុនា 2009)
CEN News
បន្ទាយមានជ័យ: រថយន្តឡិចស៊ីសមួយគ្រឿងដែលបានផ្ទុះកង់ក្រោយខាងឆ្វេងពេលកំពុង បើកបរបានរេចង្កូត ទៅកៀរគោយន្តកន្ត្រៃ ១ គ្រឿងដឹកស្បូវកណ្តបក្នុងទិសដៅស្របគ្នា បណ្តាលឲ្យគោយន្តនោះជ្រុលទៅបុកម៉ូតូ ២ គ្រឿង នៅខាងមុខរុញទៅផ្ទប់បង្គោលខ្សែភ្លើង ធ្វើឲ្យមនុស្សដែលជិះម៉ូតូនោះរងរបួសបាក់ជើង ២ នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់បុកគ្នា ៣ ត្រួតនេះ បានកើតឡើងនៅកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចផ្លូវជាតិលេខ៥ កែងផ្លូវសាមគ្គី និងបេនឡានសិរីសោភ័ណ ក្នុងសង្កាត់ព្រះពន្លាកាលពីម៉ោងជិត ៥ ល្ងាច ថ្ងៃទី៩ មិថុនា ២០០៩ នោះ ។
ប៉ូលិសខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អ្នកបើកបររថយន្តឡិចស៊ីសឈ្មោះ ថោង ដាលីស ភេទស្រី អាយុ ២៨ ឆ្នាំ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមសាក្សីនិយាយ គឺរថយន្តឡិចស៊ីសនេះបានបើកបរមកពីទិសខាងលិច តាមផ្លូវជាតិលេខ៥ តាមផ្លូវភ្លោះ ពេលទៅដល់ផ្លូវកែងផ្លូវសាមគ្គី និងផ្លូវបេនឡានសិរីសោភ័ណ ស្រាប់តែឃើញឡាននេះរេចង្កូតទៅកៀរគោយន្រកន្ត្រៃដឹកស្បូវកណ្តប ខាងមុខ ហើយគោយន្តនេះបានជ្រុលទៅបុករះម៉ូតូ ២ គ្រឿងទៀត ដែលកំពុងបើកបរនៅខាងមុខរុញទៅផ្ទប់នឹងបង្គោលភ្លើងធ្វើពី ស៊ីម៉ង់ត៍ ដួលរេល ។ នៅពេលនោះគេឃើញអ្នកជិះម៉ូតូ ២ នាក់ រងរបួសបាក់ជើងក្រោកមិនរួចនៅនឹងកន្លែង ។ សាក្សីខ្លះបាននិយាយបន្ថែមថា មុនពេលរថយន្តឡិចស៊ីសរេចង្កូតទៅកៀរគោយន្តនោះ រថយន្តឡិចស៊ីសនេះបានផ្ទុះបែកកង់ក្រោយខាងឆ្វេង ទើបបណ្តាលឲ្យរេចង្កូតទៅកៀរគោយន្តដែលកំពុងបើកបរនៅខាងមុខស្របទិស គ្នា ។
ប៉ូលិសនិយាយថា ម៉ូតូ ២ គ្រឿង ដែលរងគ្រោះនោះគឺ ១ គ្រឿង ហុងដាវេវពណ៌ខៀវ បើកបរដោយឈ្មោះ តេម ស៊ុម ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិអូរអំបិល សង្កត់អូរអំបិល ។ បុរសនេះអត់រងរបួសទេ តែអ្នកជិះខាងក្រោយគាត់គឺសិស្សឈ្មោះ ជឿង គន្ធា ភេទស្រី អាយុ១ ៨ ឆ្នាំ ជាសិស្សវិទ្យាល័យសម្តេចឪ បានរងរបួសធ្ងន់បាក់ជើងទាំងពីរ និងរបួសគ្រាំខ្លួន និងសិស្សម្នាក់ទៀតដែលជិះម៉ូតូឌុបជាមួយសិស្សស្រីនេះដែរតែពុំ ទាន់ស្គាល់ឈ្មោះក៏របួសបាក់ជើងដែរ ។ ពួកគេរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យឯក្រុង បាត់ដំបង។ ចំណែកអ្នកបើកបរម៉ូតូ ១ គ្រឿទៀតធុនហុងដាឌ្រីម ពុំមានរងរបួសអ្វីធ្ងន់ធ្ងរទេ ។
ប៉ូលិសខេត្តបន្ទាយមានជ័យឲ្យដឹងថា : ចំពោះគោយន្តកន្ត្រៃ គឺបើកបរដោយឈ្មោះ សឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ គោយន្តបរដឹកស្បូវពីមង្គលបូរីទៅផ្ទះរួចក៏ជួបគ្រោះថ្នាក់ដូច ខាងលើ ។
ប៉ូលិសបន្តថា មធ្យោបាយដែលពាក់ព័ន្ធគ្រោះថ្នាក់ខាងលើគឺ រថយន្តតូយ៉ូតាឡិចស៊ីស ១ គ្រឿង គោយន្ត ១ គ្រឿង និងម៉ូតូ ២ គ្រឿងត្រូវបាននាំមកកាន់ការិយាល័យចរាចរណ៍ជើងគោកខេត្តទាំងអស់ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ ៕
No comments:
Post a Comment