Sunday, June 7, 2009

មន្ត្រីប៉ូលិស​ម្នាក់​ដួល​បោក​ក្បាល​សន្លប់ ព្រោះ​ជិះ​ម៉ូតូ​បុក​គ្នា​

ដោយ : សំរោង​ (ថ្ងៃទី 6 មិថុនា 2009)
កំពង់ស្ពឺ​: មន្ត្រីប៉ូលិស​ម្នាក់​បានរ​ង​របួស​សន្លប់ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​បុក​គ្នា ដួល​បោក​ត្រូវ​ក្បាល ។ ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤ និង ៥០ នាទី ល្ងាច​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ​២០០៩ តាម​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧ ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹងថា នៅវេលា​ម៉ោង ៤ និង ៥០ នាទី​ល្ងាច​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​២០០៩ គេ​បាន​ឃើញ បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​បាន​ជិះ​ម៉ូតូ​ហុងដា C125 ស៊េរី ២០០៥ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ។ ពេល​បើកបរ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧ ត្រង់​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ស្រាប់តែ​មាន ម៉ូតូ​ហុងដា C125 ពណ៌​ខ្មៅ​មួយគ្រឿង​ទៀត ស៊េរី ២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1J 1587 បើក​ឆ្លងកាត់​ផ្លូវ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ទិស​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​នេះ​បុក​គ្នា​យ៉ាងខ្លាំង ធ្វើឲ្យ​អ្នកបើកបរ​ម៉ូតូ​ហុងដា C125 ពណ៌​ក្រហម​បាន​ដួល​បោក​ក្បាល​សន្លប់​នៅលើ​ផ្លូវជាតិ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ របស់​ប៉ូលិសចរាចរ​ខេត្ត​កំពង់ស្ពឺ ដឹកយក​ទៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ជួយសង្គ្រោះ​ និង​ព្យាបាល ។​

​មន្ត្រីប៉ូលិស​ចរាចរ​ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹងថា អ្នក​ដែល​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ មៀច សារ៉ន មន្ត្រីប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​មួយ​ទៀត​ប៉ូលិស​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​បាន​រត់គេចខ្លួន ។ ឯ​វត្ថុតាង​ប៉ូលិស​បាន​យក​មក​រក្សាទុក​រង់ចាំ​ស្រាវជ្រាវ និង​ដោះស្រាយ ៕
Odhinteyym

No comments: