Wednesday, June 10, 2009

រថយន្ត​ចល័ត​បោសសំអាត​មីន ពន្លះ​រថយន្ត​បែន​ពីក្រោយ​រុញ​ទៅបុក​រះ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធ្យូង ៣ គ្រឿង​ទៀត​ស្លាប់​ម្នាក់​របួស ៦ នាក់​

ដោយ : សំរេច (ថ្ងៃទី 9 មិថុនា 2009)
CEN news
កំពង់ធំ​: យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​ស្លាប់​ពេល​ដែល​ដឹក​ជិត​ដល់​មន្ទីរពេទ្យ និង ៦ នាក់​ទៀត​រងរបួស នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​​ឡើង​ដោយ​រថយន្ត​ចល័ត​បោសសំអាត​ មីន​ដែល​បើក​ទៅ​បុក​គូទ​រថយន្ត​បែន រួច​រុញ​ទៅបុក​រះ រ៉ឺម៉ក​ម៉ូតូ ៣ គ្រឿង​ ដែល​ឈប់​ដង្ហែ​គ្នា​នៅ​ចិញ្ចើមផ្លូវ នៅ​ចំណុច​ភូមិ​ភ្នៅ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៨ ខែមិថុនា ឆ្នាំ​២០០៩ ។​

​ លោក ទូច ដា​រ៉ា ​ប្រធាន​ផ្នែក​ប៉ូលិស​ចរាចរណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ៨ មិថុនា ២០០៩ គេ​ប្រទះ​ឃើញ​រថយន្ត​មួយ ពណ៌​ត្រីអ៊ី​គ្មាន​ផ្លាកលេខ តែ​នៅ​ជិត​ជញ្ជាំង​រថយន្ត​ដាក់ថា ក្រុម​ចល័ត​បោសសំអាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​បើក​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង ។ លុះ​ទៅដល់​ចំណុច​កើតហេតុ​នៅ​ម្តុំ​ភូមិ​ភ្នៅ ឃុំ​ទ្រៀល​ ក៏​វ៉ាត់​នឹង​រថយន្ត​បែន​មួយគ្រឿង​ទៀត​ដឹក​ដី​កំពុងបើក​ចៀស​រ៉ឺម៉ក​ដឹក​ ធ្យូង​ដែល​ឈប់​ត​ម្រៀប​គ្នា​ដងទឹក​ចាក់​ម៉ាស៊ីន​កុំ​ឲ្យ​ឡើង​កំដៅ ។ នៅពេល​នោះ​រថយន្ត​ពណ៌​ត្រី ដែល​បើក​លឿន​ហួសប្រមាណ​ក៏​ទៅ​បុក​គូទ​រថយន្ត​បែន​ពី​ខាងក្រោយ​ពេញ​មួយ​ទំហឹង ហើយ​រថយន្ត​បែន​ដឹក​ដី​ក៏​ជ្រុល​ចង្កូត​ទៅបុក​រះ​រ៉ឺម៉ក​ដឹក​ធ្យូង ៣ គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ច្រឡោក​ធ្លាក់​ស្នាមភ្លោះ​ទាំង ៣ គ្រឿង​តែ​ម្តង​ទៅ ។​

​ លោក ទូច ដា​រ៉ា បាន​និយាយ​បន្ថែមទៀតថា អ្នក​អង្គុយ​នៅក្នុង​កាប៊ីន​រថយន្ត ពណ៌​ត្រីអ៊ី ៤ នាក់​ រងរបួស​ធ្ងន់​ទាំង ៤ នាក់​ និង​បាន​ស្លាប់​ម្នាក់​ពេល​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ រីឯ​អ្នកបើកបរ​រ៉ឺម៉ក​ដឹក​ធ្យូង​រងរបួស​តែ​របួសស្រាល ។ លោកប៉ូលិសចរាចរ​រូបនេះ​បាន​បន្តទៀតថា អ្នកបើកបរ​រថយន្ត​ពណ៌​ត្រីអ៊ី មាន ១ ឈ្មោះ ឌឹ​ម សំអុល អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ២-​ប៉ុល សុ​ខេន អាយុ ៤១ ឆ្នាំ​រងរបួស​ធ្ងន់​មាន​ទីលំនៅ​ខេត្តកំពង់ធំ ៣-​ ឌុ​ច សុផាត អាយុ ២៨ ឆ្នាំ​ រងរបួស​ជា​ទម្ងន់ រហូតដល់​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​ជិត​ដល់​មន្ទីរពេទ្យ សព្វថ្ងៃ​មាន​ទីលំនៅ​ខេត្ត​កំពង់ស្ពឺ ៤-​ ឈ្មោះ ឯម សុខ​ឈន អាយុ ២៨ ឆ្នាំ ​របួសធ្ងន់​ទីលំនៅ​ខេត្ត​កំពង់ស្ពឺ ៥-​ឈ្មោះ ធី សុ​លី អាយុ ៣២ ឆ្នាំ​ នៅ​ខេត្ត​កណ្តាល របួសស្រាល ៦-​ ឈ្មោះ យៀ​ក រ៉ា​វៀត អាយុ ១៩ ឆ្នាំ (​មិន​ស្គាល់​ទីលំនៅ​) របួសស្រាល និង​៧- ​ឈ្មោះ​ ធន់ សុភ័​ក្រ អាយុ ២៥ ឆ្នាំ (​មិន​ស្គាល់​ទីលំនៅ​) របួសស្រាល ។
ចំណែកឯ​អ្នកបើកបរ​រថយន្ត​បែន ​ដឹក​ដី​ម្នាក់​ឈ្មោះ ហម សុម្ផស្ស អាយុ ២០ ឆ្នាំ គ្មាន​រងរបួស​អ្វី​ឡើយ តែ​ចំពោះ​អ្នករងរបួស​ស្រាលៗ​សុទ្ធ​ជា​អ្នកបើកបរ​រ៉ឺម៉ក​ដឹក​ធ្យូង ។ អ្នងរងរបួស​ធ្ងន់​ដែល​អង្គុយ​ក្នុង​កាប៊ីន រថយន្ត​ពណ៌​ត្រីអ៊ី​ទាំង ៤ នាក់ ​រងរបួស​ធ្ងន់​ទាំងអស់គ្នា និង​បាន​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​សង្គ្រោះបន្ទាន់ ។​

Mjhjyjezmj
រថយន្ត ​ពណ៌​ត្រីអ៊ី ជា​ក្រុម​ចល័ត​បោសសំអាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បុក​គូទ​រថយន្ត​បែន ហើយ​រុញ​ទៅបុក​រះ​រ៉ឺម៉ក​ដឹក​ធ្យូង​ឲ្យ​ធ្លាក់​ស្នាមភ្លោះ ៣ គ្រឿង​ (រូប: សំរេច)


No comments: