Monday, June 15, 2009

រថយន្ដដឹកដី២គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរចាប់យកមកអប់រំ

រថយន្ដដឹកដី២គ្រឿងត្រូវបានសមត្ថកិច្ចចរាចរចាប់ឃាត់ទុកក្នុងខណៈពេលដែលរថយន្ដទាំងពីរគ្រឿងនេះ កំពុងបើដឹកដីកំពប់ពេញផ្លូវក្រោយពេលដែលមន្ដ្រីសាធារណៈការបានលាងសម្អាតផ្លូវសហព័ន្ធរុស្ស៊ីនៅពេលដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង ២០ និង ៣០នាទី យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២០០៤ ក្នុងភូមិតា ងួន សង្កាត់កាកាប ខណ្ឌដង្កោ ។
មន្ដ្រីប៉ូលិសផ្នែកចរាចរខណ្ឌដង្កោ បានឱ្យដឹងថា រថយន្ដដែលត្រូវចាប់ឃាត់ទុកនោះជារថយន្ដប្រភេទដឹក ដីធុនធ្ងន់ របស់ក្រុមហ៊ុន អភិវឌ្ឍន៍តំបន់ កោះពេជ្រ រថយន្ដទី១. ពាក់ស្លាកលេខ AT09 3-0015ម៉ាក WEV ពណ៌លឿង រថយន្ដទី២. ពាក់ស្លាកលេខ AT09 3-0019 ៣-០០១៥ ពណ៌លឿងដូចគ្នា(ឃាត់ទុក) ។
មន្ដ្រីប៉ូលិសរូបនោះបានបញ្ជាក់ថា មូលហេតុដែលកម្លាំងប៉ូលិសគោលដៅចាប់ឃាត់ទុករថយន្ដ
ទាំងពីរគ្រឿងខាងលើនេះ ដោយសារកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីដែលភ្ញៀវអន្ដរជាតិឆ្លងកាត់ ហើយក៏ជាផ្លូវ
ដែលត្រូវហាមឃាត់នូវយានយន្ដទាំងឡាយណាដឹកទំនិញធុនធ្ងន់ ។បទបញ្ជាកងកម្លាំងប៉ូលិសត្រូវតែចាប់
ឃាត់ទុកដើមី្បយកមកធ្វើការអប់រំក្នុងគោលបំណងណែនាំនិងធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្ដល្មើសតទៅទៀត។
មន្ដ្រីប៉ូលិសដដែលបានបន្ថែមថា ក្រោយពីធ្វើកិច្ចសន្យាហើយ បើនៅតែមិនរៀងចាលទេនោះ ក្នុង
នោះប៉ូលិសត្រូវតែមានវិធានការចាប់ឃាត់ទុកឈប់ឱ្យធ្វើសកម្មភាពតែម្ដង ។
គួររំលឹកផងដែរថា កន្លងមកនោះយានយន្ដទាំងនេះតែងតែបង្កនូវភាពអនាធិបតេយ្យក្នុងការបើកបរ
តាមដងផ្លូវសាធារណៈ និងបង្កនូវគ្រោះថ្នាក់ ផ្សេងៗគ្រប់រូបភាពទាំងអស់ដល់អ្នកធ្វើដំនើរតាមដងផ្លូវទៀត
ផង ដោយដឹកជញ្ជូនទំនិញ ឬក៏ដឹកដីមិនមានប៉ារ៉ាតគ្របតាមបទ ដ្ឋានបច្ចេកទេសរបស់មន្ទីរសាធារណៈការ
បានកំណត់។ ករណីជាក់ស្ដែងរថយន្ដល្មើសខាងលើដែលត្រូវប៉ូលិសចាប់ទុកនេះក៏ដោយសារតែដឹកដីកំពប់
ពេញដងផ្លូវ និងមិនទទួលខុសត្រូវ លើការបើកបរ ឬក៏ការរកស៊ីរបស់ខ្លួន ។
ក្រោយពីបានធ្វើការអប់រំហើយ រថយន្ដទាំងពីរនេះ ត្រូវបានដោះលែងឱ្យចរាចរតាមធម្មតាវិញ នៅ
ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ។

No comments: