Wednesday, June 3, 2009

រ៉ឺម៉ក​ម៉ូតូ​ទទួលបាន​ការយល់ព្រម​ផ្ដល់​ស្លាក​លេខ​

ដោយ : សិរី​ (ថ្ងៃទី 2 មិថុនា 2009)
CEN
ភ្នំពេញ: ក្រសួង​សាធារណការ​យល់ព្រម​ផ្តល់​ស្លាក​លេខ (​ចុះបញ្ជី​) រ៉ឺម៉ក​ម៉ូតូ ដែល​បាន​ធ្វើឡើង​ត្រឹមត្រូវ​តាម​បទដ្ឋាន​កំណត់ដោយ​ច្បាប់​នោះ​ហើយ តែ​មក​ទល់​នឹង​ពេលនេះ​មិនទាន់​មាន​រ៉ឺម៉ក​ម៉ូតូ ១ គ្រឿង​ណា ត្រូវបាន​គេ​យក​ទៅ​ចុះបញ្ជី​នៅឡើយ​ទេ ។ ឯ​ម៉ូតូ​កង់ ៣ ដែល​គេ​យល់ព្រម​ចេញ​ស្លាក​លេខ​ឲ្យ​ជា​យូរ​មក​ហើយ​នោះ ក៏​មិនសូវ​មាន​គេ​មក​សុំ​ធ្វើ​ស្លាក​លេខ​ដែរ នេះ​ដោយសារ​មកពី​ផ្នែក​មាន​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​មិន​បាន​រឹតបណ្តឹង ក្នុង​ការត្រួតពិនិត្យ ។​

លោក ខៀវ សារុន អនុប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​ ០២ មិថុនា​នេះ​ថា បន្ទាប់​ពី​ម៉ូតូ​កង់​៣ (​ទុកៗ​) គឺ​រ៉ឺម៉ក​ម៉ូតូ​ត្រូវបាន​ក្រសួង​សម្រេច​ឲ្យមាន​ការចុះបញ្ជី (​ចេញ​ស្លាក​លេខ​ឲ្យ​) ដើម្បី​គ្រប់គ្រង​ហើយ ។ រ៉ឺម៉ក​ម៉ូតូ​ដែល​បាន​ធ្វើ​ចរាចរ​នៅក្នុង​ទីក្រុង​កន្លងមក មិន​មាន​ស្លាក​លេខ​សម្គាល់​ទេ គឺមាន​តែ​ម៉ូតូ​កង់​៣ មួយចំនួន​តូច​ប៉ុណ្ណោះ ។​

​ប្រភព​ខាងលើ​បាន​និយាយ​ឲ្យដឹង​ទៀត​ថា រ៉ឺម៉ក​ម៉ូតូ​ពេលនេះ​អាច​មក​ធ្វើ​ស្លាក​លេខ​បាន​ហើយ​នៅ​កន្លែង​ចុះបញ្ជី​ យានយន្ត នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ដោយ​មាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដូចជា​ការចុះបញ្ជី​រថ​យន្ត​ដែរ ។ រ៉ឺម៉ក​ម៉ូតូ​ធ្វើចរាចរ​នៅលើ​ផ្លូវ​សាធារណៈ ក្នុង​ក្រុង​កន្លងទៅ​មាន​ស្លាក​លេខ​សម្គាល់​តែ​ម៉ូតូ ឯ​រ៉ឺម៉ក​មិនមាន​ទេ ។​

​តាម​ប្រភព​ដដែល​បាន​និយាយ​ឲ្យដឹង​ទៀត​ថា ការចុះបញ្ជី​រ៉ឺម៉ក​ម៉ូតូ​នេះ មន្ទីរ​បាន​ធ្វើ​សេចក្តីជូនដំណឹង​រួចហើយ តែ​មិនឃើញ​មាន​គេ​មក​ចុះបញ្ជី​ទេ ។ ឯ​ម៉ូតូ​កង់ ៣ វិញ ដែល​ក្រសួង​បាន​សម្រេច​ឲ្យមាន​ការចុះបញ្ជី​ជា​យូរ​មកហើយ​នោះ ក៏​មក​ចុះបញ្ជី​មាន​ចំនួន​មិន​ច្រើន​ប៉ុន្មាន​ដែរ នេះ​ដោយសារ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​មិន​បាន​រឹតបណ្តឹង​ក្នុង​ ការត្រួតពិនិត្យ ។​

​លោក ជា ប៊ុនធឿន ប្រធាន​ការិយាល័យ​ចុះបញ្ជី​យានយន្ត នៃ​មន្ទីរ​សាធារណការ​ក្រុងភ្នំពេញ​បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​០២ មិថុនា​នេះ​ដែរ​ថា គិត​ត្រឹម​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០០៩ ម៉ូតូ​កង់ ៣ ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​មាន​ចំនួន ៣០៤ គ្រឿង តែ​រ៉ឺម៉ក​ម៉ូតូ​មក​ទល់​ពេល​នេះ​មិនទាន់​មាន​អ្នកណា​មក​ចុះបញ្ជី​នៅឡើយ​ទេ ដោយសារ​ទើប​មាន​ការសម្រេច​ឲ្យ​ចុះបញ្ជី ។​

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា រ៉ឺម៉ក​ម៉ូតូ​ដែល​ត្រូវបាន​ផ្តល់​ស្លាក​លេខ​ឲ្យ​នោះ​ជា​រ៉ឺម៉ក ដែល​គេ​បាន​ធ្វើឡើង​ត្រឹមត្រូវ​បទដ្ឋាន​កំណត់ គឹ​មាន​ទទឹង ១,៤០ ម៉ែត្រ និង​បណ្តោយ ៣,៤០ ម៉ែត្រ ។ រ៉ឺម៉ក​ណា​ដែល​ធ្វើឡើង​ផ្ទុយ​ពី​ការសម្រេច​នេះ​មិន​ផ្តល់​ស្លាក​លេខ​ឲ្យ​ទេ ។ រ៉ឺម៉ក​ម៉ូតូ​វែងៗ ដែល​ដឹក​អ្នកដំណើរ​បាន​ចំនួន​ពី​៣០ ទៅ ៤០ នាក់ កន្លងទៅនេះ គឺ​មិន​ចេញ​ស្លាក​លេខ​ទេ ។ ម៉ូតូ​កង់ ៣ និង​រ៉ឺម៉ក​ម៉ូតូ​ខ្លីៗ ដែល​គេ​បាន​ធ្វើ​ចរាចរ នៅលើ​ផ្លូវ​សាធារណៈ​ក្នុង​ក្រុងភ្នំពេញ​សព្វថ្ងៃនេះ​មាន​ចំនួន​ច្រើន តែ​គ្មាន​ស្លាក​លេខ​ទេ ហើយ​គេ​នៅតែ​បន្ត​គ្មាន​ស្លាក​លេខ បើសិនជា​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​មិន​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​រឹង​ទេនោះ ។​

​លោក អែល ណារិន អនុប្រធាន​ការិយាល័យ​នគរបាល ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​០២ មិថុនា​នេះ​ដែរ​ថា ការត្រួតពិនិត្យ​ម៉ូតូ​កង់ ៣(​ទុកៗ​) បាន​ធ្វើ​ម្តងម្កាល​ពេល​ណា​លោក​អភិបាល​រាជធានី​ចេញ​បញ្ជា តែ​ចំពោះ​រ៉ឺម៉ក​ម៉ូតូ​មិន​ដែល​បាន​ធ្វើ​ទេ ព្រោះ​មិន​ទាន់​មាន​គោលការណ៍​ឲ្យធ្វើ ។ ការត្រួតពិនិត្យ​ម៉ូតូ​កង់ ៣ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ យើង​បាន​ឃាត់​ទុក​ម៉ូតូ​កង់ ៣ ចំនួន ២៦ គ្រឿង តែ​ម៉ូតូ​កង់ ៣ មួយចំនួន​ដែល​មាន​ស្លាក​លេខ​ត្រឹមត្រូវ​យើង​បាន​លែង​ទៅ​វិញ បន្ទាប់ពី​បាន​ធ្វើ​កិច្ចសន្យា ។ ចំពោះ​ម៉ូតូ​កង់ ៣ គ្មាន​ស្លាក​លេខ​យើង​ទុក​រហូត​មក​ទល់​ពេល​នេះ​មិនទាន់​លែង​ទេ ដោយ​តម្រូវឲ្យ​គេ​ធ្វើ​ស្លាក​លេខ​រួច​សិន ទើប​ដោះលែង​ទៅវិញ ។​

​ប្រភព​ខាងលើ​បាន​និយាយទៀតថា កិច្ចសន្យា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ម៉ូតូ​កង់​៣ ដែល​បាន​ដោះលែង​នោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ឈប់ ឬ​ធ្វើ​ចរាចរ​នៅលើ​ផ្លូវ​សុធារស​ស៊ីសុវត្ថិ និង​មហាវិថី​ព្រះ​នរោត្តម​ជា​លើក​ទី​២ ។ ខ្លឹមសារ​នេះ គឺជា​គោលការណ៍​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ។ នៅពេល​ខាងមុខ​បើសិនជា​រ៉ឺម៉ក​ម៉ូតូ​មាន​មាន​គោលការណ៍​ចេញ​ស្លាក​លេខ​ឲ្យ​ហើយ ​នោះ យើង​នឹង​ធ្វើ​ការត្រួតពិនិត្យ ។ តាមពិត​រ៉ឺម៉ក​ម៉ូតូ​ក៏​ដូចជា​ម៉ូតូ​កង់ ៣ ដែរ គឺ​មិន​អនុញ្ញាត​ឲ្យធ្វើ​ចរាចរ​នៅក្នុង​ក្រុង​ទេ ។ បើ​តាម​ច្បាប់​យានយន្ត​ដែល​ធ្វើ​ចរាចរ​ដោយ​គ្មាន​ស្លាក​លេខ គឹ​ខុសច្បាប់​ហើយ​ត្រូវ​ឃាត់ទុក តែ​កន្លងទៅនេះ​យើង​ធ្វើ​មិនទាន់​បាន​តាម​ច្បាប់​នោះ​ទេ ៕

រ៉ឺម៉ក​ម៉ូតូដែលកន្លងមកគេមិនឲ្យស្លាកលេខ ឥឡូវគេយល់ព្រមផ្ដល់ស្លាកលេខហើយ (រូប : សិរី)

No comments: