ដោយ ឃឹម សារ៉ង
2009-05-20
លោកនាយករដ្ឋមន្ត្រីបានសម្តែងការខកចិត្តក្រោយសេចក្តីអំពាវនាវរបស់លោកខ្លះមិនត្រូវបានគេគោរព។ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ផ្តោតលើចំណុចមួយចំនួនទាក់ទង នឹងសុវត្ថិភាពចរាចរណ៍ជិះម៉ូតូ ការបន្តដាក់ផ្លាកឡាន (នប) និង (ខម) និងការប្រើអំណាចរបស់មនុស្សខ្លះអាងទឹកប្រាក់សូកទៅលើការប្រើ ប៉ូលិសធ្វើចរាចរណ៍។
ប្រសាសន៍សម្តែងការខកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅក្រោយព្រឹត្តិការណ៍ជាក់ស្តែងខ្លះៗដែលចេះតែលេចឡើង ទោះបីជាមានសេចក្តីអំពាវនាវជាបន្តបន្ទាប់នោះក្តី។
នៅក្នុងប្រសាសន៍ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ទាក់ទងនឹងអ្នកជិះ ម៉ូតូគ្មានពាក់មួកសុវត្ថិភាព លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ «បាន សេចក្ដីថា ការអំពាវនាវរបស់យើងអត់ប្រយោជន៍ សំឡេងអំពាវនាវរបស់យើង គឺបានធ្វើយូរហើយ តាំងពី UNDP យកតួកុន ឈិន ឡុង ដែលជាអគ្គរដ្ឋទូតរបស់ UNDP មកកម្ពុជា ពាក់តាំងពីមួកបង្ហាញ តាំងពីស្អីៗ ដាក់គ្រប់សព្វទាំងអស់ នាយករដ្ឋមន្រ្តីអំពាវនាវគ្រប់ស្ថាប័នអំពាវនាវ... គាត់មិនពាក់ ធ្វើអីគាត់?»។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកនឹងស្នើសុំឲ្យប៉ូលិសធ្វើកិច្ចការដូចតទៅនេះ ៖ «ម្ដង នេះ មិនផាកជាលុយទេ គ្រាន់តែសុំផ្អាក ហាមជិះម៉ូតូហ្នឹង យកម៉ូតូហ្នឹងមកទុកសិន ពេលណាគាត់ទិញមួក ទៅដល់ជូនម៉ូតូគាត់ ហើយអាចឲ្យសាំងមួយលីត្រទៀតមកផ្ទះ ក្រែងលោគាត់អស់សាំង។ ខ្ញុំថា វាមិនអស់សាំងប៉ុន្មានទេ ខ្ញុំសុខចិត្តចេញក៏បានដែរ»។
ទាក់ទងនឹងការប្រើផ្លាកលេខនគរបាល «នប» និងផ្លាកលេខទាហាន «ខម» សម្រាប់យានយន្តវិញ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាចំពោះរដ្ឋមន្ត្រីក្រសួង ការពារជាតិនិងក្រសួងមហាផ្ទៃឲ្យធ្វើកិច្ចការទាំងនោះឲ្យបាន។
សូមបញ្ជាក់ថា បញ្ជារបស់លោកនាយករដ្ឋមន្ត្រីឈប់ឲ្យយានយន្តនានាប្រើលេខ នប និង ខម សម្រាប់ឯកជននោះ គឺបានធ្វើតាំងពីដើមខែឧសភានោះមក ប៉ុន្តែសេចក្តីរាយការណ៍បានឲ្យដឹងថា មានមនុស្សមួយចំនួននៅតែប្រើផ្លាកលេខនគរបាលនិងផ្លាកទាហានចំពោះ យានយន្តឯកជនរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ ៖ «ឥឡូវអ៊ីចេះ ទុកឲ្យរដ្ឋមន្រ្តីប្រកាស អ្នក ន.ប ទាំងអស់ រដ្ឋមន្រ្តីមហាផ្ទៃជាអ្នកប្រកាស ខ.ម ទាំងអស់ រដ្ឋមន្រ្តីការពារជាតិជាអ្នកប្រកាស។ ឱសានវាទត្រឹមថ្ងៃណា ផុតពីថ្ងៃហ្នឹង មើលអ្នកកាន់ផ្លាកលេខដាក់ចុះបញ្ជីទ្រព្យសម្បត្តិក្រសួងការពារ ជាតិ ចុះបញ្ជីទ្រព្យសម្បត្តិក្រសួងមហាផ្ទៃ ឡានហ្នឹងគឺឡានរបស់រដ្ឋ ព្រោះពាក់លេខរបស់រដ្ឋ។ បើមិនលេងអ៊ីចឹងមិនបាន។ ហើយក្នុងហ្នឹងមានមន្រ្តីនគរបាល មានមន្រ្តីយោធា មានមន្រ្តីអាវុធហត្ថ តែក៏មានជនស៊ីវិលក៏ពាក់ដែរ»។
លោកនាយករដ្ឋមន្ត្រីនៅបានលើកពីករណីមួយទៀតទាក់ទងនឹងការប្រើ ទឹកលុយសូកក្រុមប៉ូលិសចរាចរណ៍ ដោយក្រុមអ្នកមានឬឧកញ៉ាខ្លះ ដើម្បីជួយសម្រួលពួកគេក្នុងការធ្វើចរាចរណ៍នៅពេលណាដែលមានការកក ស្ទះ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ហៅការផ្តល់លុយសូកនោះ គឺជាអំពើធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម បើទោះបីជាការឲ្យលុយនោះ ត្រូវគេចាត់ទុកថាជាអំពើសប្បុរសក៏ដោយ ៖ «គាត់បានភ្លេចគិត នូវចំណុចមួយ គឺចំណុចបន្ទាបតម្លៃកម្លាំងអនុវត្តច្បាប់ គឺនគរបាលនិងអាវុធហត្ថ បន្ទាបតម្លៃច្បាប់នៃកម្ពុជារបស់យើងនេះ។ ចិត្តសប្បុរសរបស់គាត់ពិតជាមានគួរឲ្យគោរព ប៉ុន្តែចិត្តសប្បុរសនេះ ត្រូវបានជាការប្រមាថមាក់ងាយចំពោះកម្លាំងអនុវត្តច្បាប់និងជាការ ប្រមាថចំពោះច្បាប់ទៅវិញទេ។ អ៊ីចឹងខ្ញុំសូមឲ្យឈប់លើកិច្ចការនេះ បើកកស្ទះ កកស្ទះទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា គេមិនចង់ឲ្យកម្ពុជាធ្វើដំណើរទៅរកភាពមួយដែលនាំឲ្យកិត្តិយសជាតិអាប់ឱននោះឡើយ៕
No comments:
Post a Comment