Written by DAP NEWS
Thursday, 30 April 2009
ភ្នំពេញ ៖ ម្ចាស់រថយន្តស៊េរីទំនើប ១ គ្រឿង បានប្រើអំពើហិង្សាដោយទាត់ទៅ លើជនជាតិបារាំងម្នាក់ រួចហើយដកកាំភ្លើង ពីចង្កេះភ្ជង់ថែមទៀតផង ធ្វើឱ្យជនជាតិបារាំងរូបនោះ ដែលមិនធ្លាប់ជួបហេតុការណ៍បែបនេះ មានការភ័យតក់ស្លុតយ៉ាង ខ្លាំង រួចហើយប្រញាប់ប្រញាល់ប្តឹងទៅស្ថានទូត ដើម្បីចុះទៅជួយធ្វើអន្តរាគមន៍។
ករណីវាយជនបរទេស និងដកកាំភ្លើងភ្ជង់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ និង ៣០ នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៩ ម្សិលមិញនេះ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រង់ចំណុច មុខហាងលក់សៀវភៅ ម៉ូឌឺមែនបុក។ ក្នុងនោះគេដឹងថា ករណីនេះគឺផ្តើមចេញពីការបើករថយន្តប៉ះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ។
គេមិនបានស្គាល់ម្ចាស់រថយន្តស៊េរីទំនើប ដែលវាយនិងដកកាំភ្លើងភ្ជង់ជនជាតិបារាំងនោះទេ ដោយគេគ្រាន់តែដឹងថា បុរសនោះ បើករថយន្តម៉ាក អេស្កាឡែត ពាក់ស្លាក លេខ ភ្នំពេញ ២អ ០៩០៩ ដែលជាប្រភេទ រថយន្តស៊េរីទំនើប មានតម្លៃ ជាង ១០ម៉ឺន ដុល្លារឯណោះ។ ចំណែកជនជាតិបារាំងក៏ មិនត្រូវបានគេស្គាល់ឈ្មោះដែរ ដោយ គ្រាន់តែដឹងថា ជនជាតិបារាំងរូបនេះបើករថយន្តម៉ាក ឍ្សូគូី ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២ព ៤៧០៣ តែប៉ុណ្ណោះ។
ប្រភពអ្នកឃើញហេតុការណ៍ បានអះអាងឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿងនេះ បើកស្របទិសដៅគ្នា តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ដោយរថយន្ត ជនជាតិបារាំងបើកនៅខាងមុខ។ លុះពេល បើកមកដល់មុខហាងលក់សៀវភៅ ម៉ូដឺ មែនបុក រថយន្តជនជាតិបារាំងនេះបាន បត់ឆ្វេង ក្នុងបំណងចូលហាងលក់សៀវភៅ។ ចំណែករថយន្តអេស្កាឡែត ដែល បើកពីក្រោយក្នុងល្បឿនលឿនគួរសម ពេលរថយន្តបារាំងបត់ហើយ ជាន់ហ្វ្រាំង ដោយសារមានរថយន្តបើកក្នុងទិសដៅពី ជើងទៅត្បូងកាត់មុខនោះ ស្របពេលនៅ ពីមុខនិងខាងស្តាំដៃ មានរថយន្ត ១ គ្រឿង ទៀតនោះ ធ្វើឱ្យអ្នកបើកបររថយន្តអេស្កា ឡែតគេចមិនផុត ចាប់ហ្វ្រាំងមិនទាន់ ក៏បុកកន្ទុយរថយន្ត ជនជាតិបារាំងនេះបន្តិច ហើយរថយន្តជនជាតិបារាំង ក៏បើកបង្ហួសចូលទៅហាងលក់សៀវភៅបាត់ទៅ។ ដោយឡែកម្ចាស់រថយន្តអេស្កាឡែតទំនងជា ចោទប្រកាន់ថា ករណីនេះបង្កឡើងដោយ សារថយន្តជនជាតិបារាំង នៅពីមុខ បត់រារាំង ផ្លូវ ទើបធ្វើឱ្យប៉ះគ្នានោះ ក៏បានបើកចូល ទៅតាម រួចហើយចុះពីលើរថយន្តស្ទុះទៅ ទាត់ជនជាតិបារាំងរូបនោះមួយជើង រួចហើយដកកាំភ្លើងភ្ជង់ថែមទៀតផង ធ្វើឱ្យជនជាតិបារាំងនេះ មានការភ័យតក់ស្លុត ហើយរត់ចូលទៅក្នុងហាងលក់សៀវភៅ បាត់ទៅ និងបន្ទាប់មកទូរស័ព្ទប្តឹងទៅស្ថាន ទូតរបស់ខ្លួនឱ្យជួយអន្តរាគមន៍។ មួយសន្ទុះក្រោយមក គេបានឃើញតំណាងស្ថានទូត និងកម្លាំងនគរបាលមកដល់ធ្វើការដោះស្រាយគ្នា ដោយភាគីជនជាតិបារាំងទាមទារឱ្យធ្វើការដោះស្រាយចែក ដាច់ពីគ្នា គឺករណីទី១ ជារឿងគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្ត ជនជាតិបារាំង ធានាជួសជុលសង និងករណី ទី ២ គឺជាករណីវាយដំ និងដកកាំភ្លើងភ្ជង់។ ចំណែកភាគីម្ចាស់រថយន្តអេស្កាឡែត បាន អះអាងថា ការដកកាំភ្លើង ភ្ជង់នេះ គឺគ្រាន់តែ ការពារខ្លួនប៉ុណ្ណោះ ។
ប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ករណីខាងលើនេះ ភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់ហើយ ដោយគ្មានអ្នកណាសងអ្នកណាទេ ហើយភាគីម្ចាស់រថយន្តអេស្កាឡែតនៅតែមិនត្រូវបានគេស្គាល់ឈ្មោះដដែល តែបើគេចង់ដឹងឈ្មោះ វាមិនពិបាកនោះទេ ព្រោះស្គាល់ស្លាកលេខរថយន្តទៅហើយ។
No comments:
Post a Comment