Monday, May 25, 2009

រថយន្តតួរីសដឹកមនុស្សរបូតហ្វ្រាំង ធ្លាក់ទន្លេនៅកំពង់ចម្លងអ្នកលឿង

Written by DAP NEWS -
Soy Sopheap
Saturday, 23 May 2009

រថយន្តតួរីស ១២ កៅអី ១ គ្រឿង ដែលផ្ទុកមនុស្សពេញបានរបូតហ្វ្រាំងរអិលធ្លាក់ចុះទឹកទន្លេនៅកំពង់ ចម្លងអ្នកលឿង ត្រើយខាងលិច តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សស្លាប់នោះឡើយ គឺគ្រាន់តែរងរបួសតិចតួចតែប៉ុណ្ណោះ។

ឧប្បត្តិហេតុរថយន្តដឹកអ្នកដំណើររបូតហ្វ្រាំងរអិលធ្លាក់ចូលទឹកទន្លេនេះ បានកើតឡើងនៅវេលាម៉ោងជាង ៦ ល្ងាច ថ្ងៃទី ២៣ ខែឧសភា ម្សិលមិញនេះ នៅចំណុចកំពង់ចម្លងអ្នកលឿងត្រើយខាងលិច ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលសាឡាងចេញដំណើរ ហើយកម្មករបិទទ្វារនោះ រថយន្ត តួរីសនេះបានចតនៅមុខគេ ហើយអ្នកបើកបរបានចុះទៅហូបលតឆា ដោយទុកអ្នកដំណើរប្រមាណ ៦ នាក់ នៅក្នុងរថយន្ត ។ ក្នុងនោះគេមិនដឹងថា រថយន្តនេះដាច់ហ្វ្រាំង ឬយ៉ាងណានោះទេ ស្រាប់តែគេឃើញរថយន្តនេះទៅមុខ ខណៈដែលចត នៅលើចំណោត បណ្តាលឱ្យទៅបុករបងទ្វារចុះសាឡាងដាច់រួចហើយបន្តរអិលចុះទៅធ្លាក់ចូលក្នុងទន្លេតែម្តង។ ក្នុងនោះ ពេល រថយន្តរអិលចុះនូវល្បឿនលឿនគួរសម គេឃើញអ្នកជិះនៅក្នុងរថយន្តនេះ បានលោតចេញតាមទ្វារបាន ចំនួន ៣ នាក់ ហើយនៅសល់ ៣ នាក់ទៀត គឺនៅក្នុងរថយន្តរហូត ដល់រថយន្តធ្លាក់ចូលក្នុងទឹក ទើបត្រូវបានគេរត់ទៅជួយ សង្គ្រោះស្រង់ឡើង លើគោកវិញបានដោយមិនមានអ្នកណារងគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ចំណែក អ្នកបើកបររថយន្ត ពេលឃើញហេតុការណ៍ ដូច្នេះក៏បានរត់គេចខ្លួនបាត់ទៅហើយសមត្ថកិច្ចបានចាត់ចែងអូសរថយន្តនេះឡើងមក លើគោក វិញភ្លាមៗនោះដែរុ៕

No comments: