ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 22/04/2009 12:28 ម៉ោងសកលប៉ូលីស ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ថា អំឡុងពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីអាទិត្យមុន មានមនុស្សយ៉ាងហោចណាស់ ៥២ នាក់ បានស្លាប់ និង ២៣៣ នាក់ផ្សេងទៀត រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាង២៤០ កន្លែងនៅទូទាំងប្រទេស។
សូមចុចខាងក្រោមដើម្បីស្តាប់បទរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ ៖
របាយការណ៍បឋមរបស់ប៉ូលីសក្រសួងមហាផ្ទៃ បានលើកឡើងថា ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ មានគ្រោះថ្នាក់ចរាចរណ៍តិចជាងឆ្នាំមុន។ នៅពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមុន មានគ្រោះថ្នាក់ចំនួនជាង៣០០កន្លែង នាំឲ្យមនុស្សស្លាប់៥៩នាក់។ ក៏ប៉ុន្តែ សម្រាប់បុណ្យចូលឆ្នាំខ្មែរ កាលពីអាទិត្យមុន មានមនុស្សស្លាប់ ៥២នាក់ និងរបួសជាង២០០នាក់។លោកឧត្តមសេនីយ៍ អ៊ុក គឹមឡេក អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពផ្លូវជាតិ បានប្រាប់អ្នកកាសែតថា ម៉ូតូប្រហែល ៣០០គ្រឿង រថយន្តតូច ៥០ គ្រឿង និងរថយន្តធំ ១២ គ្រឿង បានត្រូវខូចខាតក្នុងគ្រោះថ្នាក់នៅពេលបុណ្យចូលឆ្នាំថ្មីនេះ។ ចំណែកចំនួនគ្រោះថ្នាក់ ដោយសាររថយន្តកែច្នៃ បានកើនឡើង ច្រើនជាងឆ្នាំមុន។ រថយន្តកែច្នៃ ឬហៅមួយបែបថា គោយន្ត វាគ្មានលំនឹង ហើយបានផ្ទុកមនុស្សលើសចំណុះ។
យុទ្ធនាការដែលមានឈ្មោះថា “សប្តាហ៍ចរាចរណ៍” ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៤មេសា ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូល ឆ្នាំខ្មែរ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី១៤ ១៥ និងថ្ងៃ១៦មេសា។ យុទ្ធនាការរយៈពេល១សប្តាហ៍ មុនចូលឆ្នាំ បានអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្ថិភាពពេលបើកបរ និងហាមជាពិសេស មិនឲ្យបើកបរ នៅពេលស្រវឹងស្រា។
ការបើកបរលឿន បើកបរពេលស្រវឹង ការផ្ទុកលើសចំណុះ និងការមិនពាក់មួកសុវត្ថិភាព ត្រូវបានក្រុមអ្នកជំនាញគូសបញ្ជាក់ថា ជាកត្តាបង្កគ្រោះថ្នាក់ចរាចរណ៍។ នៅឆ្នាំ២០០៨ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បាននាំឲ្យមនុស្សស្លាប់ចំនួន ១៥៧២ នាក់ និងរបួស ១១០៦៦នាក់៕
No comments:
Post a Comment