Thursday, May 21, 2009

ទួរីស​ពន្លះ​គោយន្ត​ដាច់​ខ្ទេច​ជា​បំណែកៗ តែ​អត់​មាន​មនុស្ស​រងគ្រោះថ្នាក់

ដោយ : ចក្រី​ (ថ្ងៃទី 21 ឧសភា 2009)

Owzim2y2nt
បំណែក​គោយន្ត​ដាច់​ខ្ទេច​ទៅ​ផ្សេងៗ​គ្នា (​រូប​: ចក្រី​)

​កំពត: គោយន្ត​មួយគ្រឿង​បើក​ឡើង​ផ្លូវជាតិ​ទើបតែ​បាន​ប្រហែល ២ ម៉ែត្រ​ត្រូវ​រថយន្ត​ទួរីស ​ដែល​កំពុង​បើកបរ​យ៉ាង​លឿន​បុក​ដាច់​ខ្ទេច​ខ្ទាត​ម៉ាស៊ីន កង់ រប៉ាត់រប៉ាយ គួរ​ឲ្យ​ព្រឺក្បាល ។ ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង ២ និង ៣៨ នាទី រសៀល​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ​២០០៩ លើ​ដងផ្លូវ​ជាតិ​លេខ ៣ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​ចម្ការ​ដូង ក្នុង​ទឹកដី​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ។ គ្រោះថ្នាក់​នេះ​មិន​បណ្ដាលឲ្យ​មនុស្ស​បាត់ប​ង់​ជីវិត ឬ​រងរបួស​ទេ ក្រៅពី​គោយន្ត​ត្រូវ​ដាច់​ខ្ទេចខ្ទី និង​រថយន្ត​បង្កហេតុ​ខូចខាត​យ៉ាង​ដំណំ​ផ្នែក​ខាង​មុខ តែ​អ្នក​នៅ​ក្នុង​រថយន្ត​ទាំងអស់​ស្រែក​ភ្លាត់មាត់​ភ្លា​ត់ក ព្រលឹងចុងសក់ ញាប់​ញ័រ​ទាំងអស់គ្នា ព្រោះ​ពេល​បុក​ហើយ​រថយន្ត​បាន​រេ​ធ្លាក់​ចិញ្ចើមថ្នល់​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​គំនរ​ថ្ម​ជួយ​ទប់ ទើប​ទៅ​មុខ​លែង​រួច ។​

​អ្នកឃើញ​ហេតុការណ៍​បាន​រៀបរាប់​ថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង មាន​គោយន្ត​មួយគ្រឿង បើក​ចេញ​មកពី​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ចម្ការ​ដូង (​មន្ទីរពេទ្យ​កំពុង​សាងសង់​) ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើង​លើ​ផ្លូវជាតិ​លេខ ៣ ហើយ​អ្នកបើកបរ​បាន​ចុះ បម្រុង​កាច់​ចង្កូត​ទៅ​ទិស​ខាងលិច ។ គ្រាន់តែ​ឡើងលើ​ថ្នល់​បាន​ប្រហែល ២ ម៉ែត្រ ស្រាប់តែ​មាន​រថយន្ត​ទួរីស​មួយគ្រឿង បើកបរ​មកពី​ទិសខាងកើត ដោយ​ល្បឿន​យ៉ាង​លឿន ហើយ​បុក​គោយន្ត​ពេញទំហឹង បណ្ដាលឲ្យ​ដាច់ខ្ទេច ដោយ​នាំយក​ម៉ាស៊ីន (​គោយន្ត​) ទៅ​ជាមួយ ធ្លាក់​កណ្ដាល​ថ្នល់​ចម្ងាយ​ជិត ៥០ ម៉ែត្រ និង​កង់​គោយន្ត​មុខ​ផ្នែក​ខាងស្ដាំ​ខ្ទេច ធ្លាក់​ក្នុង​ស្រែ​ជាង ១០០ ម៉ែត្រ​ពី​កន្លែង​បុក ។ ចំណែក​រថយន្ត​ទួរីស​បន្ត​រត់ទៅមុខ​រេ​ពេញ​ផ្លូវ រួច​ធ្លាក់​ទៅ​ចិញ្ចើមថ្នល់ បុក​ប៉ះ​គំនរ​ថ្ម​បណ្ដាលឲ្យ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ធ្ងន់ធ្ងរ ទើប​ទៅ​មុខ​លែងរួច ។ មុន​រថយន្ត​អស់​ល្បឿន​គេឮសម្រែក​អ្នកជិះ​ស្រែក​ខ្ញៀវ​ខ្ញា​ពេញ​ក្នុង​រថយន្ត ហើយ​ក្រោយមក​នាំគ្នា​ចុះ​ទាំង​ទឹកមុខ​ស្លេកស្លាំង ញាប់​ញ័រ​គ្រប់ៗ​គ្នា ដោយ​អារម្មណ៍​តក់ស្លុត​បំផុត ។ មិនយូរប៉ុន្មាន​អ្នក​ដំណើរ​ទាំងនោះ​ត្រូវ​បាន​រថយន្ត​ទួរីស​មួយ​គ្រឿង​ ផ្សេងទៀត មក​ផ្ទេរ​យក​ដើម្បី​ធ្វើ​ដំណើ​បន្ត​ទៅកាន់​ក្រុងព្រះសីហនុ ។​

​ប៉ូលិស​ចរាចរណ៍​ស្រុក​ទឹកឈូ បាន​ប្រាប់ឲ្យដឹង​ថា អ្នកបើកបរ​គោយន្ត​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ នួន កុច ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ។ ចំណែក​អ្នកបើកបរ​រថយន្ត​ទួរីស​ឈ្មោះ ណុប ភារៈ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ។​

​ក្រោយពេល​ធ្វើ​ការវាស់វែង​រួចរាល់ ប៉ូលិស​បាន​នាំ​យក​បំណែក​គោយន្ត និង​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​នា​ពេល​ក្រោយ ៕

No comments: