ដោយ : មង្គល (ថ្ងៃទី 29 ឧសភា 2009)
បាត់ដំបង: ឡានដឹកអ្នកដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ ដោយមានល្បឿនយ៉ាងលឿន ហើយបានផ្ទុះកង់ក្រោយបណ្តាលឱ្យរេចង្កូតធ្លាក់ថ្នល់ក្រឡាប់ចាក់ មនុស្សចោលរដូករណែលបណ្តាលឱ្យរបួសធ្ងន់ម្នាក់ ស្រាល ៥ នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២៧ ខែឧសភា នៅមុខសាលារៀនស្រះចក ស្ថិតក្នុងភូមិ-ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។លោកអនុសេនីយ៍ឯក ប៉ោ សុងឃាង មេបញ្ជាការអាវុធហត្ថស្រុក បានឱ្យដឹងថា ឡានដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងម៉ាក ISUZU ដឹកអ្នកដំណើរពាក់ស្លាកលេខ បាត់ដំបង ២A ១២៧៩ ពណ៌ខ្មៅ បើកបរដោយឈ្មោះ ចាន់ រ៉ុង ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់ ។ ចំណែកជនរងគ្រោះទាំង ៦ នាក់ មាន១-ឈ្មោះ ញ៉ែម ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិ-ឃុំរំលិច ស្រុកបាកាន ខេត្តពោធិសាត់ របួសធ្ងន់បាក់ឆ្អឹងដងកាំបិទ ២-ឈ្មោះ សាយ កោប ភេទប្រុសអាយុ ១៨ឆ្នាំ នៅភូមិបឹងខ្នា ឃុំព្រៃផ្តៅ ស្រុកបាកាន របួសស្រាល ៣-ឈ្មោះ ហ៊ី ហ៊ង ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិបឹងមាន់ទោឃុំស្តៅ ស្រុករតនមណ្ឌល ៤-ឈ្មោះ សឿក ស៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិរោងតាកុក ឃុំរំលិច ស្រុកបាកាន ៥-ឈ្មោះ រុន ខន ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិសេរីគន្ធា ឃុំតាលោ ស្រុកបាកាន និង៦-ឈ្មោះ ជ្រី សន ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិស្តុកខ្លា ឃុំរំលិច ស្រុកបាកាន ។
លោកអនុសេនីយ៍ឯក ប៉ោ សុងឃាង បានដកស្រង់សំដីរបស់សាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់មកបញ្ជាក់ថា មុនពេលកើតហេតុរថយន្ដនេះ បានដឹកអ្នកដំណើរពីទិសបាត់ដំបងឆ្ពោះទៅទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ដោយមានល្បឿនយ៉ាងលឿន ។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែកង់ក្រោយខាងស្តាំ ផ្ទុះលាន់ឮក្ឌាំង ហើយរេចង្កូតធ្លាក់ថ្នល់ក្រឡាប់ចាក់មនុស្សចោលពីលើឡានទៅក្រោម ចិញ្ចើមថ្នល់បណ្តាលឱ្យមានមនុស្សរបួស ធ្ងន់និងស្រាលទៅ ។
ដោយឡែកកាលពីថ្ងៃទី ២៨ ខែឧសភា វេលាម៉ោង ៣ កន្លះរសៀល នៅចំណុចភូមិទឹកសាប ឃុំផ្លូវមាស ស្រុក រតនមណ្ឌល មានគ្រោះថ្នាក់ចរាចរមួយកើតឡើងបង្កដោយអ្នកបើកបរគោយន្តចៃ្ន បានបើកបុកអ្នកជិះម៉ូតូដែលជិះបញ្ច្រាស់ទិសគ្នាបណ្តាលឱ្យអ្នកបើក ម៉ូតូរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបរគោយន្តច្នៃ បានរត់គេចខ្លួនបាត់ ។ មធ្យោបាយគោយន្តច្នៃត្រូវបាននគរបាលចរាចរស្រុកអូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក រតនមណ្ឌល រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ត្រី សាត គឹមសាន នាយការិយាល័យនគរបាលចរាចរជើងគោកខេត្ត ធ្វើការអំពាវនាវចំពោះអ្នកបើកយានយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ ចរាចរឱ្យបានត្រឹមត្រូវមិនត្រូវបើកបរលឿនហួសកំណត់ មិនត្រូវហូបគ្រឿងស្រវឹងពេលកំពុងបើកបរត្រូវចេះយោគយល់អធ្យា ស្រ័យឱ្យគ្នាទៅវិញទៅមក ។ ហើយចំពោះអ្នកបើកបរម៉ូតូទាំងអ្នកជិះពីក្រោយចាប់ពីថ្ងៃទី ១ មិថុនា តទៅត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរឱ្យមកនៅកំរិតទាបបំផុត ៕
No comments:
Post a Comment