ដោយ : សុពិសិដ្ឋ (ថ្ងៃទី 20 ឧសភា 2009)
ភ្នំពេញ: អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន ត្រូវបានមន្ត្រីធ្វើសា្លកយានយន្ដនៃមន្ទីរសាធារណៈការក្រុងភ្នំពេញ ឃាត់ខ្លួនប្រមាណកន្លះម៉ោង បន្ទាប់ពីលោកថតរូបភាពពីក្រៅរបង ២-៣ ប៉ុស្ដិ៍ ខណៈពេលប្រជាពលរដ្ឋចូលធ្វើស្លាកលេខ ។ លោក អ៊ួន ឈិន បានឲ្យដឹងថា ពីម្សិលម៉ិញសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងអំពីការធ្វើសា្លកលេខ អំពីការអនុវត្តច្បាប់ចរាចរ ៘ ដូច្នេះលោកក៏បានទៅការិយាល័យធ្វើស្លាកលេខយានយន្ដដែលមានទីតាំង ស្ថិតនៅផ្លូវលេខ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ទៅដល់ទីនោះលោកបានសុំមន្ត្រីនៅទីនោះ ដើម្បីថតរូបភាពមួយចំនួនបង្ហោះតាមវេបសាយ និងសម្ភាសន៍នាយកការិយាល័យនៅទីនោះ ប៉ុន្តែមន្ត្រីនៅទីនោះបានសុំឲ្យរង់ចាំលោកប្រធានមកដល់ទើបសុំ ការអនុញ្ញាតពីគាត់ ។ ដោយលោកប្រធានធំមិនឃើញមកការិយាល័យ លោកក៏បានមកក្រៅហើយថតរូប ២-៣ ប៉ុស្ដិ៍ ស្រាប់តែសន្ដិសុខឃាត់លោកឲ្យចូលទៅខាងក្នុង ។
លោក អ៊ួន ឈិន បន្តថា លោក ហ៊ឹង សារុន អនុប្រធានការិយាល័យនៅទីនោះ បានសុំឲ្យលោកលុបរូបភាពចោល និងមិនអនុញ្ញាតិឲ្យថតសមេ្លងឡើយ ។ ដោយឃើញថា អារម្មណ៍គាត់មិនល្អចំពោះអ្នកកាសែត លោកក៏សម្រេចចិត្តលុបរូបភាពចោល ហើយបញ្ជាក់ប្រាប់ទៅលោក ហ៊ឹម សារុន ថា លោកថតរូបភាពតាមទីសាធារណៈមិនខុសច្បាប់ទេ សូមលោកពូស្វែងយល់ពីច្បាប់សារព័ត៌មានឡើងវិញ ។
ជុំវិញការលើកឡើងរបស់លោក អ៊ួន ឈិន ONLINE បានទូរស័ព្ទទៅលោក ហ៊ឹម សារុន លេខ ០១៦ ៩៧៧ ៥៥៥ ដើម្បីសុំការពន្យល់ ប៉ុន្តែលោកមិនលើកទូរស័ព្ទសោះ ៕
No comments:
Post a Comment