ដោយ : សូផុន (ថ្ងៃទី 9 ឧសភា 2009)
បន្ទាយមានជ័យ: រថយន្ដកាម៉ាស់សណ្ដោងកន្ទុយមួយគ្រឿងបានបុករថយន្ដតូយ៉ូតា ២ បាំង ចំពីមុខមួយទំហឹងរុញខ្ទាតធ្លាក់ចូលប្រឡាយទឹកក្បែរថ្នល់ ឯខ្លួនឯងជ្រុលធ្លាក់ទៅក្នុងប្រឡាយអត់ទឹកនោះដែរ ហើយក្រឡាប់ផ្ងារជើងឡើងលើទាំងបួនបណ្ដាលឲ្យមនុស្សជិះក្នុងរថយន្ដ ទាំង ២ គ្រឿង រងរបួសធ្ងន់ ៣ នាក់ ។ ហេតុការណ៍រថយន្ដបុកគ្នាលាន់ស្នូរដូចរន្ទះគួរឲ្យព្រឺខា្លចនេះ បានកើតឡើងកាលពីម៉ោង ៧ និង ១០ នាទី យប់ថ្ងៃទី ០៧ ឧសភា ២០០៩ នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុចដើមពោធិយាយម៉ៅ ក្នុងភូមិអណ្ដូងថ្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក សៅ សារឿន បន្តថា រថយន្ដតូយ៉ូតា ២ បាំង ដែលរងគ្រោះខ្ទេចអស់ខាងមុខនេះ ជាកម្មសិទ្ធរបស់លោកប្រធានមន្ទីធនធានទឹកខេត្តបន្ទាយមានជ័យ ប៉ុន្តែពេលមានគ្រោះថ្នាក់ លោកពុំមានវត្តមានក្នុងរថយន្ដនោះទេ គឺមានតែមន្ត្រីរបស់លោកតែ ២ នាក់ ដែលរងរបួសនោះប៉ុណ្ណោះ ។ ចំណែករថយន្ដកាម៉ាស់ដែលបង្កគ្រោះថ្នាក់ បើកបរដោយ ឈ្មោះ ហឿន វណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ នៅក្រុមហ៊ុនព្រះអាទិត្យ ។ ក្រោយហេតុការណ៍កើតឡើងគាត់បានគេចខ្លួនបាត់ ។
សាក្សីដែលឃើញហេតុការណ៍បាននិយាយថា នៅពេលវេលាដូចខាងលើគេឃើញរថយន្ដកាម៉ាស់សណ្ដោងកន្ទុយមួយគ្រឿងដឹក ចំណីជ្រូកពេញឡាន បើកបរមកពីទិសខាងលិច ពេលមកដល់ចំណុចកើតហេតុ រថយន្ដនេះបានឡើងវ៉ារថយន្ដកាម៉ាស់មួយគ្រឿងទៀតនៅពីមុខ ប៉ុន្តែនៅពេលដែលរថយន្ដកាម៉ាស់សណ្ដោងកន្ទុយអើតក្បាលវ៉ា ក៏វាក់នឹងរថយន្ដតូយ៉ូតា ២ បាំង មកពីមុខក្នុងទិសដៅបញ្ច្រាសមកដល់ល្មម ។ ដោយមិនអាចគេចរួចរថយន្ដកាម៉ាស់សណ្ដោងកន្ទុយក៏បុកជាមួយរថយន្ដតូ យ៉តាចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្ដតូយ៉ូតាខ្ទាតជ្រុលទៅ ខាងស្ដាំដៃធ្លាក់ចូលក្នុងប្រឡាយអត់ទឹកក្បែរផ្លូវ ។ ឯរថយន្ដកាម៉ាស់សណ្ដោងកន្ទុយជ្រុលទៅខាងឆ្វេងដៃរបស់ខ្លួន ធ្លាក់ចូលក្នុងប្រឡាយអត់ទឹកនោះដែរ រួចក្រឡាប់ផ្ងារជើងឡើងទាំងបួន ចាក់បាវចំណីជ្រូកចោលចូលប្រឡាយទាំងអស់ ។ ក្នុងគ្រោះថ្នាក់នេះមនុស្ស ៣ នាក់ បានរងរបួសធ្ងន់ គឺរងគ្រោះដោយខ្លះបាក់ជើងខ្លះបាក់ដៃត្រូវបានគេសង្គ្រោះដឹកបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្ដកាម៉ាស់ គេឃើញលូនចេញពីរថយន្ដរួចគេចខ្លួនបាត់ ។
លោក នុត លី អធិការប៉ូលិសក្រុងប៉ោយប៉ែត បានឲ្យដឹងថា រថយន្ដទាំង ២ គ្រឿង ត្រូវបានប៉ូលិសអូសមករក្សាទុកដោះស្រាយនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ៕
No comments:
Post a Comment