Saturday, May 9, 2009

រថយន្តបុក​អណិកជន​ខ្មែរ ចូលនិវត្ត​មក​ពី​អូស្ត្រាលី​ម្នាក់ ស្លាប់​នៅ​ខេត្ត​ពោធិសាត់​

ដោយ : សូរិយា​ (ថ្ងៃទី 9 ឧសភា 2009)

​ពោធិសាត់​ : អណិកជន​ខ្មែរ​ចូល​និវត្ត​មកពី​ប្រទេស​អូស្ត្រាលី​ម្នាក់ ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់​នៅ​ខេត្ត​ពោធិសាត់ កាលពី​ព្រលប់​ថ្ងៃទី ០៨ ឧសភា នេះ​ក្នុង​ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​លើ​ថ្នល់ជាតិ​លេខ ០៥ ម្នាក់ឯង​កំសាន្ត​ក្នុង​ខេត្ត ។​

​ប៉ូលិស​ចរាចរ​ជើងគោក​ខេត្តពោធិសាត់​ឲ្យដឹងថា : ជនរងគ្រោះ​មានឈ្មោះ សឹង ចក់ ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ ជា​អណិកជន​ខ្មែរ រស់នៅ​ប្រទេស​អូស្ត្រាលី តែ​គាត់​បាន​ចូល​និវត្ត ហើយ​សព្វ​ថ្ងៃ​មក​រស់នៅ​ជាមួយ​សាច់ញាតិ ក្នុង​ទីក្រុង​ភ្នំពេញ ។

​ប៉ូលិស​ឲ្យដឹងថា : គាត់​បាន​មកលេង​ខេត្ត​ពោធិសាត់ បាន​រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយ​ស្នាក់​នៅ​ផ្ទះសំណាក់​ខ្សាច់មាស ។ គាត់​ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​កាលពី​វេលា​ម៉ោង ៦ និង ៥០ នាទី ព្រលប់​ថ្ងៃ​ទី ០៨ ឧសភា ២០០៩ នៅ​ខាងកើត​ទីប្រជុំជន​ក្រុង​ពោធិសាត់ ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​រលាប ។ ប៉ូលិស​ឲ្យដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វី​វា សេរី ២០០៣ ពណ៌​ខ្មៅ ពី​លិច​ទៅ​កើត ស្របពេល​ជាមួយគ្នានេះ មាន​រថយន្ត​ម៉ាក​ហ៊ី​យុន​ដាយ ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A 4965 អត់​មាន​ដឹក​អ្វី​នោះទេ បើក​ពី​លិច​ទៅ​កើត ហើយ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​រុញ​ទៅមុខ​ប្រហែល ៥០ ម៉ែត្រ ទៅ​ផ្នែក​ខាងឆ្វេង​ដៃ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ក្បែរ​ចិញ្ចើម​ថ្នល់ក្បែរ​ម៉ូតូ រីឯ​រថយន្ត​បាន​ធ្លាក់​ទៅក្នុង​ស្រែ ក្រឡាប់​បះជើង ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ ។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា : ជនរងគ្រោះ​មក​លេង​ខេត្ត​ពោធិសាត់ នេះ​ដោយសារតែ​មាន​ទំនាក់ទំនង​ស្រឡាញ់​ស្ត្រី​ម្នាក់ នៅក្នុង​ក្រុង​ពោធិសាត់​នេះ តែ​ប្រភព​នោះ​មិន​បាន​បញ្ជាក់​ឈ្មោះ​ស្ត្រី​នោះឡើយ ។​

​ប៉ូលិស​បាន​ស្រាវជ្រាវ​រកឃើញ​សាច់ញាតិ​ជនរងគ្រោះ​នោះ និង​បាន​ផ្តល់​ដំណឹង​ឲ្យបាន​ដឹង​ផង​ដែរ តាមរយៈ​លេខ​ទូរស័ព្ទ​ជាប់​នឹង​ទូរស័ព្ទ​ជនរងគ្រោះ ដែល​ក្រុមគ្រួសារ គឺ​នៅ​ទីក្រុង​ភ្នំពេញ ។ ក្រុមគ្រួសារ​ក៏​បាន​មក​ទទួល​សាកសព​ជនរងគ្រោះ​ហើយ​ដែរ ។ ចំណែក​រថយន្ត​បង្កហេតុ ត្រូវ​ប៉ូលិស​អូស​យក​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ទុក​ធ្វើ​ការដោះស្រាយ​ជា ​ក្រោយ ៕

No comments: