ដោយ : គីរី (ថ្ងៃទី 29 ឧសភា 2009)
តាកែវ: គិតមកដល់ជិតដំណាច់ខែឧសភានេះ នៅទូទាំងខេត្តតាកែវ មានមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរមានចំនួនជាង ៦០ នាក់ ។ ចំនួននេះ គ្រោះថ្នាក់មានការថយចុះបើបៀបធៀបនឹងខែមេសា ។លោក ប៉ុក ពលរិទ្ធ ប្រធានការិយាល័យចរាចរផ្លូវគោក បានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០០៩ នេះ គ្រោះថ្នាក់ចរាចរមានចំនួន ២៩ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩ នាក់ របួសធ្ងន់ ២៥ នាក់ និងរបួសស្រាល ៣៥ នាក់ ។ ចំនួននេះមានការថយចុះបើធៀបទៅនឹងខែមេសា កន្លងទៅ ។ ក្នុងខែមេសា មានគ្រោះថ្នាក់ ៣៤ លើក ស្លាប់មនុស្ស ១៥ នាក់ របួសធ្ងន់ ២៦ នាក់ និងរបួសស្រាល ២៥ នាក់ ។ លោកប្រធានការិយាល័យបានបន្ដទៀតថា គ្រោះថ្នាក់ចរាចរខាងលើមានការបើកបរលឿនហួសកំណត់ចំនួន ១០ ករណី មិនគោរពសិទ្ធអាទិភាព ៤ ករណី មិនប្រកាន់ស្ដាំ ២ ករណី ប្រជែងគ្រោះថ្នាក់ ៦ ករណី ស្រវឹង ៦ ករណី និងផ្សេងៗ ១ ករណី ។ យានយន្ដដែលមានម៉ូតូខូចធ្ងន់ចំនួន ១០ គ្រឿង ខូចស្រាលចំនួន ២២ គ្រឿង ។ ខូចរថយន្ដតូចធ្ងន់ចំនួន ២ គ្រឿង ខូចស្រាលចំនួន ៦ គ្រឿង ។ ខូចរថយន្ដធុនធ្ងន់ចំនួន ១ គ្រឿង ៕
No comments:
Post a Comment