ដោយ : សំរោង (ថ្ងៃទី 29 ឧសភា 2009)
កំពង់ស្ពឺ: ម៉ូតូ ២ គ្រឿង បើកបរបញ្ច្រាស់ទិសគ្នាដែលម៉ូតូមួយគ្រឿងបើកបរដោយមេឃុំ និងម៉ូតូមួយគ្រឿងទៀត បើកបរដោយលោកមេបញ្ជាការងយោធា ស្រុកឱរ៉ាល់ បានបុកគ្នាយ៉ាងពេញទំនឹង បណ្តាលឲ្យលោកមេទាហានស្លាប់នៅនឹងកន្លែង ចំណែកលោកមេឃុំរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ បានកើតឡើងនៅលើផ្លូវជាតិលេខ ៤២ ត្រង់ចំណុចខាងលិចមណ្ឌលសុខភាពស្រុកឱរ៉ាល់ កាលពីវេលាម៉ោង ៨ និង ៤០នាទី ព្រឹកថ្ងៃទី ២៧ ឧសភា ។
លោកអនុសេនីយ៍ឯក សោម ពុទ្ធតារា មេបញ្ជាការអាវុធហត្ថស្រុកឱរ៉ាល់ បានផ្តល់ព័ត៌មានតាមទូរស័ព្ទថា មុនពេលកើតហេតុ គេបានឃើញលោកមេឃុំសង្កែសាទបជិៈម៉ូតូ វីវ៉ាពណ៌ខ្មៅ លើទ្រូងផ្លូវលេខ ៤២ មានល្បឿន យ៉ាងលឿនបើកពីទិសខាងកើតទៅទិសខាងលិច ។ ចំណែកលោកមេបញ្ជាការងយោធាស្រុកឱរ៉ាល់ជិៈម៉ូតូវ៉េវ បើកពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូលោកមេឃុំបានរេចង្កូតទៅខាងឆ្វេងដៃបណ្តាលឲ្យម៉ូតូទាំង ២ គ្រឿង បុកគ្នាយ៉ាងពេញទំហឹងតែម្តង ។
លោកមេបញ្ជាការអាវុធហត្ថស្រុកឱរ៉ាល់ បញ្ជាក់ថា បន្ទាប់ពីរងគ្រោះថ្នាក់ហើយភ្លាមៗ គេបានដឹកជនរងគ្រោះទាំង ២ នាក់ ទៅមណ្ឌលសុខភាពស្រុកឱរ៉ាល់ ។ ពេលទៅដល់មណ្ឌលសុខភាពជនរងគ្រោះ ឈ្មោះ ហែម សេង អាយុ ៤៩ ឆ្នាំ មុខងារមេបញ្ជាការងយោធាស្រុកឱរ៉ាល់បានបាត់បង់ជីវិត ។ ចំណែកលោក ណន សារុន អាយុ ៤៨ឆ្នាំ មេឃុំសង្កែសាទបរងរបួសធ្ងន់ ៕
No comments:
Post a Comment