Wednesday, June 10, 2009

បើក​ម៉ូតូ​បំពាន​ស្ដុប បុក​គេ​ហើយ ដក​កាំភ្លើងខ្លី​វាយ​គេ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ២ នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 9 មិថុនា 2009)
CEN New
ភ្នំពេញ: បុរស ២ នាក់ ត្រូវ​ប៉ូលិស​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១១ និង ៥០ នាទី ព្រឹក​ថ្ងៃ​ទី ០៩ មិថុនា​នេះ នៅមុខ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ខណ្ឌដង្កោ បន្ទាប់ពី​បុរស ២ នាក់​នេះ ដែល​ម្នាក់​ជា​អង្គរក្ស​លោក​ធំ​បាន​បើក​ម៉ូតូ​បំពាន​ស្ដុប​ពណ៌​ក្រហមទៅ​ប៉ះ​ គេ ហើយ​ដក​កាំភ្លើងខ្លី​ដេញ​វាយ​គេ​ថែម​ទៀត ។​
​ ប៉ូលិស​និយាយថា បុរស ២ នាក់ ដែល​ប៉ូលិស​ឃាត់ខ្លួន ទី ១ ឈ្មោះ ឆិល ឆេន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​មន្ត្រី​អង្គរក្ស​ពាក់​ស័ក្ដិ ២ ប្រដាប់​ដោយ​កាំភ្លើងខ្លី ១ ដើម បើក​ម៉ូតូ​ម៉ាក SUZUKI Smash ពាក់​ស្លាក​លេខ ១A ៦០៦៦ និង​ទី ២ ឈ្មោះ ជា ចាន់ថា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បើក​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ ១O ១៩២៩ ។​
​ ចំណែក​ជនរងគ្រោះ​ឈ្មោះ វង្ស សុវណ្ណ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​លាង​រថយន្ដ​-​ម៉ូតូ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌដង្កោ បើក​ម៉ូតូ​ម៉ាក HONDA CUB ជ្រុង ពណ៌​ទឹកសមុទ្រ​ពាក់​ស្លាក​លេខ ជ ៣៧៧៩ ភព​១ ។​
​ ប៉ូលិស​និយាយថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ឆ្លងផ្លូវ​ពីមុខ​ព្រលាន​យន្ដហោះ​ពី​ ជើង​រួច​បត់​ទៅ​ទិស​កើត​នៅពេល​ស្តុប​ពណ៌​ខៀវ ស្រាប់តែ​ពេលនោះ​បុរស ២ នាក់ បើក​ម៉ូតូ​ឆ្លង​ពី​កើត​ទៅ​លិច​នៅពេល​ស្តុប​ក្រហម ហើយ​ប៉ះ​ម៉ូតូ​ជនរងគ្រោះ ហើយ​ត្រូវ​ជនរងគ្រោះ​ស្ដីបន្ទោស​ថា “ អ្នកឯង​បើកបរ​អត់​គោរព​ច្បាប់​! ” ។ ឮដូច្នេះ ស្រាប់តែ​បុរស ២ នាក់​នោះ ឈប់​ម៉ូតូ​រួច​ដក​កាំភ្លើងខ្លី​ដេញ​វាយ​ជនរងគ្រោះ​បណ្ដាលឲ្យ​របួស ហើយ​ត្រូវ​ប៉ូលិស និង​ប៉េអឹម​ប្រចាំការ​ក្បែរ​នោះ​ឃាត់ខ្លួន​តែម្ដង ។​
​ គេ​មិន​ទាន់​ដឹងថា ប៉ូលិស​ចាត់ការ​បែបណា​ទេ ព្រោះ​ចំ​អង្គរក្ស​អ្នកធំ ៕​

No comments: