លោក ទូច ដារ៉ា ប្រធាផ្នែកចរាចរណ៍ប៉ូលិសស្រុកបារាយណ៍បានឲ្យដឹងថា នៅព្រឹកវេលាម៉ោង ១០ ថ្ងៃទី ១២/០៦/០៩ មានរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខសៀមរាប 3A 0106 អ្នកបើកមិនស្គាល់ឈ្មោះ ( រត់គេចខ្លួន ) បានបើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុនៅម្ដុំភូមិទោង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពុងធំ រថយន្តបែននោះបានបើកវ៉ារថយន្តមួយគ្រឿងទៀត ( មិនស្គាល់ម៉ាក ) ហើយបានជ្រុលទៅបុកម៉ូតូ ICON ដែលបើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើងពេញមួយទំហឹងនៅខាងស្តាំដៃ អ្នកបើកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូ ICON ស្លាប់ភ្លាមៗ និងម៉ូតូត្រូវប៉ើងធ្លាក់ទៅក្នុងវាលស្រែ ។ ដោយអ្នកបើករថយន្តបែនដឹកដីជាតៃកុងស្ទើរភ្លើងមានការស្លុតស្មារតី ប្រឹងបួងចង្កូតទៅខាងស្តាំដៃវិញក៏ទៅបុកម៉ូតូគុប ២ គ្រឿង ដែលបើកស្របទិសគ្នាជាមួយរថយន្តដែលបណ្តាលឲ្យអ្នកបើកម៉ូតូគុប សង្កៀងមូលស្លាប់ម្នាក់ទៀតភ្លាមៗនៅក្នុងថ្លុកឈាមដែរ និងអ្នកបើកម៉ូតូគុបជ្រុងម្នាក់ទៀតត្រូវរងរបួសជាទម្ងន់មិនដឹងថា រស់ឬក៏ស្លាប់នោះទេ ព្រោះគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបាត់ ។
លោក ដារ៉ា បាននិយាយបន្ថែមទៀតថា អ្នកបើកម៉ូតូ ICON ដែលរថយន្តបុកស្លាប់មុនគេមានឈ្មោះ លាង ចំរើន អាយុ ២១ ឆ្នាំ រស់នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ឯអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ប៉ាង ចំរើន អាយុ ១៨ មានទីលំនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ។ ឈ្មោះ ប៉ាង ចំរើន ជិះម៉ូតូគុបមូលពាក់ស្លាកលេខ ជ ៣៨៤ ភ.ព ១ និងម្នាក់ទៀតជិះម៉ូតូគុបជ្រុងរងរបួសក្បាល និងផ្ទៃមុខជាទម្ងន់មានឈ្មោះ ខួង ពៅ មានទីលំនៅភូមិរំចេក ឃុំទ្រៀល ដែរ ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងទៀតថា៖ អ្នកបើករថយន្តដឹកដីជាតៃកុងទើបតែបើកជំនួសគេ ពេលជួបព្រឹត្តិការណ៍គ្រោះថ្នាក់របៀបនេះមិនបានជាន់ហ្វ្រាំងរថយន្តទេ គឺ ច្រឡំជាន់ហ្គាបន្ថែមល្បឿនទៅវិញ ។ ពេលបើកបុកគេស្លាប់ហើយ តៃកុងរូបនេះបានបើកទ្វាររត់គេចខ្លួនតែម្តង ។
សាកសពទាំងពីរត្រូវបងប្អូនយកទៅតម្កល់ទុកនៅផ្ទះរៀងៗខ្លួនដើម្បី ធ្វើបុណ្យ រីឯអ្នករងរបួសជាទម្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ ចំណែកឯរថយន្តបែន និងម៉ូតូ ៣ គ្រឿង ត្រូវបានប៉ូលិសចរាចរអូសយកទៅកាន់អធិការដ្ឋាននគរបាលរង់ចាំការដោះស្រាយ ៕





ដោយ : សំរេច (ថ្ងៃទី 13 មិថុនា 2009)
CEN News
No comments:
Post a Comment