Friday, June 5, 2009

ប៉ូលិសខណ្ឌដង្កោ​ ចាប់រថយន្តដឹកក្រណាត់សំពីងសំពោង

កន្លងមកយានយន្តស្ទើរតែគ្រប់ប្រភេទដែលបានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែងតែដឹកទំនិញ​សំពីងសំពោង​ដែលបង្កឲបាត់បង់សណ្តាប់ធ្នាប់សាធារណៈករណីជាក់ស្តែងរថយន្តអ៊ីយុនដាយមួយគ្រឿងបានដឹកកម្ទេច​​ក្រណាត់​​ធ្លាក់រប៉ាត់​រប៉ាយត្រូវ​ប៉ូលិសចាប់យកមកទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការអប់ណែនាំ កាលពីវេលាម៉ោង១២​និង​៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៩ ។លោកអនុសេនីយ៍ទោ សុត សារឿន នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរខណ្ឌ​ដង្កោបានឲ្យដឹងថាយោងតាមច្បាប់ចរាចរ រាល់ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្លងកាត់តាមដងផ្លូវសាធារណៈរបស់រដ្ឋត្រូវតែ
មានការកំណត់ច្បាស់លាស់ និងមិនអនុញ្ញាតឲ្យយានយន្ត ទាំងឡាយណាដឹកទំនិញ លើសចំណុះឬក៏ផ្ទុកទំនិញសំពីង​សំពោង ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ ។​​លោកនាយផ្នែករូបនោះបានបន្តថា ចំពោះរថយន្តណាដែលបានដឹក​ទំនិញ​បំផ្លាញផ្លូវសាធារណៈរបស់រដ្ឋគឺត្រូវតែចាប់បង្ខំឲ្យ សងពេញថ្លៃ ដោយមិនអនុគ្រោះបានឡើយ តែចំពោះរថយន្តណា​ដឹកទំនិញផ្ទុកខ្ពស់ហួសដំបូល ត្រូវតែចាប់ឃាត់អូសមកអធិការដ្ឋាន ដើម្បីឲ្យធ្វើកិច្ចសន្យាអប់រំណែនាំឬក៏ផាកពិន័យដើម្បី
ឲ្យរាងចាល ។
​​លោកបានបញ្ជាក់ថា មានករណីល្មើសមួយទៀតបានកើតមានឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែល​កម្លាំង​របស់​លោកបានចាប់នៅចំណុចផ្លូវ២០០៤​ មានរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ុនដាយ ពណ៌ទឹកសមុទ្រពាក់ស្លាកលេខ ឌ០៤២៥ ភព បានដឹក​កម្ទេចក្រណាត់ពោរពាសធ្លាក់រប៉ាត់រប៉ាយពេញដង់ផ្លូវដែលជាប្រការមួយធ្វើឲ្យប៉ះពាល់​ដល់សណ្តាប់​ធ្នាប់ ឥឡូវនេះរថយន្តត្រូវបានឃាត់ទុកដើម្បីសួរ ។ គួររំលឹកផងដែរថា រថយន្តដឹកទំនិញល្មើសច្បាប់នេះ វាកើតមានមិនចេះ​ចប់មិនចេះហើយ រហូតមកដល់ពេលនេះក៏នៅតែមានបទល្មើសរបៀបនេះដដែលៗ ។
​​លោកបានបន្ថែមថា ចាប់ពីពេលនេះតទៅ លោកនឹងចាប់ផាកពិន័យឲ្យបានតឹងរ៉ឹងបំផុត ឬក៏ចាប់រថយន្តនោះ​ទុកឈប់ឲ្យធ្វើ សកម្មភាពតែម្តងធ្វើបែបនេះទើបរាងចាល ៕

ដឹកលោភពេកធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ត្រូវឃាត់ទុក

No comments: