Monday, June 15, 2009

អ្នកបើកបរ​ម៉ូតូ​មាន​ប័ណ្ណបើកបរ​មាន​ចំនួន​ប្រហែល​ជា ២ ភាគរយ​

ដោយ : សេរី​ (ថ្ងៃទី 8 មិថុនា 2009)
CEN News
ភ្នំពេញ: ការផ្តល់​ប័ណ្ណបើកបរ​ម៉ូតូ​នៅ​ទូទាំង​ប្រទេស​មក​ពេល​នេះ ត្រូវបាន​គេ​និយាយថា មិនសូវ​មាន​ភាពជឿនលឿន​ទេ ដោយសារ​មិន​សូវ​មាន​អ្នក​ទៅ​រៀន និង​មិនសូវមាន​អ្នក​មក​ប្រឡង ។ នេះ​ដោយសារ​មកពី​ការត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍​មិន​ត្រូវបាន​គេ​រឹតបណ្តឹង ។​
​លោក ញ៉ែម សារ៉ន នាយក​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​និយាយ​នៅ​ថ្ងៃ​ទី​៨ មិថុនា​នេះ​ថា ការ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ​ពេលនេះ នៅ​មាន​គេ​មក​ប្រឡង​តែ​មាន​ចំនួន​មិន​ច្រើន​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​មុន​នោះ ។
​លោក អ៊ូ ធន​សាល ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​និយាយ នៅ​ថ្ងៃ​ទី​៨ មិថុនា​នេះ​ដែរ​ថា ការ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេល ១ សប្តាហ៍​ម្តង នៅពេលនេះ​មាន​គេ​មក​ប្រឡង​ចំនួន​តែ​ប្រមាណ​ជា ពី ៣០ ទៅ ៤០ នាក់​ទេ ក្នុង ១ សប្តាហ៍ ។ យើង​ចាំតែ​ផ្តល់​ប័ណ្ណ​ឲ្យគេ តែ​គេ​មិន​បាន​នាំគ្នា​ទៅ​រៀន និង​មិន​មក​ប្រឡង​យក​ប័ណ្ណបើកបរ​ឡើយ ។ បញ្ហា​នេះ​វា​កើត​ឡើង​ដោយសារ មិន​មាន​ការត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរ​បាន​តឹងរ៉ឹង នៅតាម​ផ្លូវ​សាធារណៈ ។​
​ប្រភព​ដដែល​បន្តថា អ្នកបើកបរ​ម៉ូតូ​ដែល​មិន​ទាន់​មាន​ប័ណ្ណ​តាមច្បាប់​កំណត់ បើ​ប្រៀបធៀប​នឹង​ចំនួន​ម៉ូតូ​កំពុង​ធ្វើ​ចរាចរ​នៅ​ភ្នំពេញ ឃើញ​មាន​ចំនួន​តិចតួច​ណាស់ ។ ម៉ូតូ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​រាជធានី​ភ្នំពេញ​ពេល​នេះ​មាន​ចំនួន​ដល់​ជាង ៧០ ម៉ឺន​គ្រឿង តែ​អ្នកបើកបរ​ម៉ូតូ ដែល​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​មាន​ចំនួន ប្រហែល ១ ម៉ឺន​នាក់​ប៉ុណ្ណោះ ។​
​លោក កែវ សាវិន ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​និយាយ​នៅ​ថ្ងៃ​ទី​៨ មិថុនា​នេះ​ថា អ្នកបើកបរ​ម៉ូតូ​ដែល​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ គិត​រហូត​មក​ទល់​ពេល​នេះ​ទើបតែ​មាន​ចំនួន​ប្រមាណ​ជា ២០,១១០ នាក់ ជា​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ម៉ូតូ​ដែល​បាន​នឹង​កំពុង​ធ្វើចរាចរ​នៅលើ​ផ្លូវ​ សាធារណៈ មាន​ចំនួន​ដល់​ទៅ ៩៤៣,៦៦០ គ្រឿង​នោះ ។​
​ប្រភព​ខាងលើ​បាន​បន្ដទៀតថា ពេល​នេះ​ក្រៅពី​រាជធានី​ភ្នំពេញ សឹងតែ​គ្មាន​ខេត្ត​-​ក្រុង​ណាមួយ នៅ​មាន​គេ​ទៅ​រៀន ឬ​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ​ទៀត​នោះ​ទេ ។ ទោះបីជា​មាន​សាលា​ខ្លះ​គេ​ជួយ​បង្រៀន ជំនាញ​បើកបរ​ម៉ូតូ​ដោយ​មិន​យក​ប្រាក់​ក៏ដោយ ។ សាលាបង្រៀន​បើកបរ​ម៉ូតូ​មិន​យក​ប្រាក់​នៅ​ភ្នំពេញ សព្វ​នេះ​មាន​សាលា NCX និង​មាន​សាលាបង្រៀន​បើកបរ​រថយន្ត​ដៃ​ធំ​២ ។ ឯ​នៅ​កន្លែង​ប្រឡង​យក​ប័ណ្ណបើកបរ​ក៏​គេ​មិន​បាន​យក​ថ្លៃ​ទីលាន​ដែរ សម្រាប់​ឆ្នាំ​នេះ តែ​នៅ​ឆ្នាំ​ក្រោយ​គេ​យក​ថ្លៃ​ទីលាន​ដូចជា​ការប្រឡង​រថយន្ត​ដែរ គឺ ៥ ដុល្លារ បើ​គិត​ទាំង​ថ្លៃ​ផ្សេងៗ​ផង សរុប​ប្រមាណ​ជាង ២០ ដុល្លារ ។​
​គួរ​រំលឹក​ឲ្យដឹងថា យានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​កំពុង​ធ្វើចរាចរ​នៅលើ​ផ្លូវ​សាធារណៈ ក្នុង​ព្រះរាជា​ណា​កម្ពុជា​សព្វថ្ងៃ​នេះ មាន​ចំនួន​ប្រមាណ​ជា ១,១៨០,០៧៤ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ដល់​ទៅ​ចំនួន ៩៤៣,៦៦០ គ្រឿង ។ ឯ​ប័ណ្ណបើកបរ​ដែល​ក្រសួង​សាធារណៈការ​បានចេញ​អោយ​យាន​ទាំងនោះ រហូតមកទល់​ពេលនេះ​សរុប​បាន​ចំនួន ៤១៦,២២៩ ប័ណ្ណ ក្នុងនោះ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​ចំនួន ២០,១១០ ប័ណ្ណ ។​
​យោង​តាម​ច្បាប់​ចរាចរ​ដែល​កំពុងតែ​ប្រើប្រាស់​សព្វថ្ងៃ​នេះ គឺ​តម្រូវឲ្យ​អ្នកបើកបរ​ម៉ូតូ​ទាំងអស់​ត្រូវ​មាន​ប័ណ្ណបើកប​រ ។ ក្រុម​អ្នករៀបចំ​ច្បាប់​ចរាចរ ដែល​បាន​តម្រូវឲ្យ​អ្នកបើកបរ​ម៉ូតូ ត្រូវ​មាន​ប័ណ្ណបើកបរ​នេះ បន្ទាប់ពី​គេ​សង្កេតឃើញថា គ្រោះថ្នាក់​ចរាចរ​ដែល​បាន​កើតមានឡើង​កន្លង​មក​នោះ ភាគច្រើន​បង្កឡើង​ដោយ​អ្នកប្រើប្រាស់​ម៉ូតូ ដែល​មិន​បាន​សិក្សា​ស្វែងយល់​ពី​ច្បាប់​ចរាចរ ៕​

No comments: