Saturday, May 9, 2009

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់ ២ នាក់ របួសធ្ងន់ ២ នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 9 ឧសភា 2009)
​ភ្នំពេញ​: ម៉ូតូ ២ គ្រឿង បើកបរ​ល្បឿន​ដូចគ្នា ដោយ​សំអាង​ពេលយប់​ផ្លូវ​ស្ងាត់ បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស ២ នាក់ ស្លាប់​ភ្លាម​នៅនឹងកន្លែង និង ២ នាក់​ទៀត របួសធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី ៨ ឧសភា នៅ​ចំណុច​ផ្លូវ​ព្រៃ​ស ស្ថិតក្នុង​ភូមិ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​ប៉ូលិស​និយាយថា បុរស ២ នាក់ ដែល​ជិះ​ម៉ូតូ​ម៉ាក​ត្រៃ BAJA ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1M 8369 នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​សព​បុរស​ទាំង​ពី​រនា​ក់ យក​ទៅ​តម្កល់​នៅ​វត្ត​សំបួរ ។ ចំណែក​ភាគី​ម្ខាង​ទៀត ម៉ូតូ​ម៉ាក Step ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1J 9196 បើកបរ​ដោយ​ឈ្មោះ លី រតនៈ
ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ស្នាក់​នៅ​ឃុំ​ស្មាន​ថ្ម ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​អ្នករួមដំណើរ​ឈ្មោះ ទិន សុភា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់​នៅ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះកុសមៈ ។​

​ប៉ូលិស​បានឲ្យដឹង​ទៀតថា មុន​កើតហេតុ ម៉ូតូ​ត្រៃ BAJA បើក​ពី​កើត​ទៅ​លិច ។ ចំណែក​ម៉ូតូ Step បើក​ពី​លិច​ទៅ​កើត ហើយ​បុក​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស ២ នាក់​ស្លាប់​ភ្លាមៗ និង ២ នាក់​ទៀត​របួសធ្ងន់ ។ សព​តម្កល់​នៅ​វត្ត​សំបួរ ហើយ​ម៉ូតូ​ទាំង ២ គ្រឿង រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដង្កោ ៕

No comments: