Friday, May 29, 2009

មេឃុំ ​និង​មេទាហាន​ជិៈ​ម៉ូតូ​បុក​គ្នា​ស្លាប់​១ ​របួសធ្ងន់​១

ដោយ : សំរោង (ថ្ងៃទី 29 ឧសភា 2009)

កំពង់ស្ពឺ: ម៉ូតូ ២ គ្រឿង ​បើកបរ​បញ្ច្រាស់ទិស​គ្នា​ដែល​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​មេឃុំ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ បើកបរ​ដោយ​លោក​មេបញ្ជាកា​រង​យោធា ស្រុក​ឱរ៉ា​ល់ បាន​បុក​គ្នា​យ៉ាង​ពេញ​ទំ​នឹង បណ្តាល​ឲ្យ​លោក​មេទាហាន​ស្លាប់​នៅនឹងកន្លែង​ ចំណែក​លោក​មេឃុំរងរបួស​ធ្ងន់ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នោះ​ បាន​កើតឡើង​នៅលើផ្លូវជាតិ​លេខ ៤២ ត្រង់​ចំណុច​ខាងលិច​មណ្ឌល​សុខភាព​ស្រុក​ឱ​រ៉ា​ល់ កាលពី​វេលា​ម៉ោង ៨ និង ៤០​នាទី ​ព្រឹក​ថ្ងៃទី ២៧ ឧសភា ។​

លោកអនុសេនីយ៍ឯក សោម ពុទ្ធ​តារា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ឱរ៉ា​ល់ បាន​ផ្តល់​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​លោកមេឃុំ​សង្កែ​សាទ​ប​ជិៈ​ម៉ូតូ វីវ៉ា​ពណ៌​ខ្មៅ លើ​ទ្រូងផ្លូវ​លេខ ៤២ មាន​ល្បឿន យ៉ាង​លឿន​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ។ ចំណែក​លោក​មេបញ្ជាការ​ងយោធា​ស្រុក​ឱ​រ៉ាល់​ជិៈ​ម៉ូតូវ៉េវ បើក​ពី​លិច​ទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​លោក​មេឃុំ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២ គ្រឿង ​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្តង ។​

លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ស្រុក​ឱ​រ៉ាល់​ បញ្ជាក់ថា ​បន្ទាប់ពី​រងគ្រោះ​ថ្នាក់ហើ​យ​ភ្លាមៗ គេ​បាន​ដឹក​ជនរងគ្រោះ​ទាំង​ ២​ នាក់​ ទៅ​មណ្ឌល​សុខភាព​ស្រុក​ឱ​រ៉ា​ល់ ។ ពេល​ទៅ​ដល់​មណ្ឌល​សុខភាព​ជនរងគ្រោះ ឈ្មោះ ហែម សេង អាយុ ៤៩ ឆ្នាំ​ មុខងារ​មេបញ្ជាកា​រង​យោធា​ស្រុក​ឱ​រ៉ាល់​បាន​បាត់បង់​ជីវិត ។ ចំណែក​លោក ណន សារុន អាយុ ៤៨​ឆ្នាំ មេឃុំ​សង្កែ​សាទ​បរង​របួសធ្ងន់ ៕

No comments: