Saturday, May 9, 2009

កា​ម៉ាស់​សណ្ដោង​កន្ទុយ​ពន្លះ​តូយ៉ូតា​ចំ​ពីមុខ​ខ្ទាត​ធា្ល​ក់​ប្រឡាយទឹក ឯ​ខ្លួន​ឯង​ក្រឡាប់​ផ្ងារជើង​ទាំង ៤ របួសធ្ងន់ ៣ នាក់​

ដោយ : សូ​ផុន​ (ថ្ងៃទី 9 ឧសភា 2009)

​បន្ទាយមានជ័យ: រថយន្ដ​កា​ម៉ាស់​សណ្ដោង​កន្ទុយ​មួយគ្រឿង​បាន​បុក​រថយន្ដ​តូយ៉ូតា ២ បាំង ចំ​ពីមុខ​មួយ​ទំហឹង​រុញ​ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្បែរ​ថ្នល់ ឯ​ខ្លួន​ឯង​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​នោះដែរ ហើយ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​ទាំង​បួន​បណ្ដាលឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ដ​ ទាំង ២ គ្រឿង រងរបួស​ធ្ងន់ ៣ នាក់ ។ ហេតុការណ៍​រថយន្ដ​បុក​គ្នា​លាន់​ស្នូរ​ដូច​រន្ទះ​គួរ​ឲ្យ​ព្រឺ​ខា្ល​ចនេះ បាន​កើតឡើង​កាលពី​ម៉ោង ៧ និង ១០ នាទី យប់​ថ្ងៃ​ទី ០៧ ឧសភា ២០០៩ នៅលើ​ផ្លូវជាតិ​លេខ ៥ ត្រង់​ចំណុច​ដើម​ពោធិ​យាយ​ម៉ៅ ក្នុង​ភូមិ​អណ្ដូង​ថ្ម សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក សៅ សារឿ​ន ប្រធាន​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើងគោក​ក្រុង​ប៉ោយ​ប៉ែត ឲ្យដឹងថា អ្នករងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ ១, ឈ្មោះ គឹម សាន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ជា​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ និង​ជា​អ្នកបើកបរ​រថយន្ដ​តូយ៉ូតា ។ គាត់​រងរបួស​បាក់ជើង​ទាំង​ពីរ និង​ដៃ​ទាំងពីរ ។ ២, ឈ្មោះ ប៊ុន ពៅ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​ធនធានទឹក​ជាមួយ​គ្នា ។ គាត់​ជិះ​ក្នុង​ឡាន​តូយ៉ូតា ហើយ​បាន​រងរបួស​បាក់ដៃ​ខាងឆ្វេង និង ៣, ព្រូឡាន​កា​ម៉ាស់ មិន​ស្គាល់​ឈ្មោះ គាត់​បាក់​ដៃ​ខាងស្ដាំ​ដោយសារ​រថយន្ដ​កា​ម៉ាស់​ក្រឡាប់​ខ្ទាត​ចេញពី​រថយន្ដ ។​
​លោក សៅ សារឿ​ន បន្តថា រថយន្ដ​តូយ៉ូតា ២ បាំង ដែល​រងគ្រោះ​ខ្ទេច​អស់​ខាងមុខនេះ ជា​កម្ម​សិទ្ធ​របស់លោក​ប្រធាន​មន្ទី​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​ពេល​មាន​គ្រោះថ្នាក់ លោក​ពុំ​មាន​វត្តមាន​ក្នុង​រថយន្ដ​នោះ​ទេ គឺមាន​តែ​មន្ត្រី​របស់​លោក​តែ ២ នាក់ ដែល​រងរបួស​នោះ​ប៉ុណ្ណោះ ។ ចំណែក​រថយន្ដ​កា​ម៉ាស់​ដែល​បង្ក​គ្រោះថ្នាក់ បើកបរ​ដោយ ឈ្មោះ ហឿន វណ្ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ក្រុមហ៊ុន​ព្រះអាទិត្យ ។ ក្រោយ​ហេតុការណ៍​កើតឡើង​គាត់​បាន​គេចខ្លួន​បាត់ ។​
​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយថា នៅ​ពេល​វេលា​ដូច​ខាងលើ​គេ​ឃើញ​រថយន្ដ​កា​ម៉ាស់​សណ្ដោង​កន្ទុយ​មួយគ្រឿង​ដឹក​ ចំណី​ជ្រូក​ពេញ​ឡាន បើកបរ​មកពី​ទិស​ខាងលិច ពេល​មកដល់​ចំណុច​កើតហេតុ រថយន្ដ​នេះ​បាន​ឡើង​វ៉ា​រថយន្ដ​កា​ម៉ាស់​មួយគ្រឿង​ទៀត​នៅ​ពីមុខ ប៉ុន្តែ​នៅពេល​ដែល​រថយន្ដ​កា​ម៉ាស់​សណ្ដោង​កន្ទុយ​អើត​ក្បាល​វ៉ា ក៏​វាក់​នឹង​រថយន្ដ​តូយ៉ូតា ២ បាំង មក​ពី​មុខ​ក្នុង​ទិសដៅ​បញ្ច្រាស​មក​ដល់​ល្មម ។ ដោយ​មិន​អាច​គេច​រួច​រថយន្ដ​កា​ម៉ាស់​សណ្ដោង​កន្ទុយ​ក៏​បុក​ជាមួយ​រថយន្ដ​តូ ​យ៉​តា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលឲ្យ​រថយន្ដ​តូយ៉ូតា​ខ្ទាត​ជ្រុល​ទៅ​ ខាងស្ដាំ​ដៃ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក​ក្បែរផ្លូវ ។ ឯ​រថយន្ដ​កា​ម៉ាស់​សណ្ដោង​កន្ទុយ​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន ធ្លាក់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក​នោះដែរ រួច​ក្រឡាប់​ផ្ងារជើង​ឡើង​ទាំង​បួន ចាក់​បាវ​ចំណី​ជ្រូក​ចោល​ចូល​ប្រឡាយ​ទាំង​អស់ ។ ក្នុង​គ្រោះថ្នាក់​នេះ​មនុស្ស ៣ នាក់ បាន​រងរបួស​ធ្ងន់ គឺ​រងគ្រោះ​ដោយ​ខ្លះ​បាក់ជើង​ខ្លះ​បាក់ដៃ​ត្រូវបាន​គេ​សង្គ្រោះ​ដឹក​បញ្ជូន​ ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​អ្នកបើកបរ​រថយន្ដ​កា​ម៉ាស់ គេ​ឃើញ​លូន​ចេញពី​រថយន្ដ​រួច​គេចខ្លួន​បាត់ ។​
​លោក នុត លី អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា រថយន្ដ​ទាំង ២ គ្រឿង ត្រូវបាន​ប៉ូលិស​អូស​មក​រក្សាទុក​ដោះស្រាយ​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ៕

No comments: