Sunday, May 31, 2009

ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ លើ​ផ្លូវជាតិ​លេខ ៤ ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

ដោយ : សំរោង (ថ្ងៃទី 30 ឧសភា 2009)
Cambodia Express News
កំពង់ស្ពឺ: គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ កាលពី​យប់​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ​២០០៩ លើ​ផ្លូវជាតិ​លេខ ៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤២-៤៣ មុខ​សាលា​បឋមសិក្សា​ចំ​បក់ ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅវេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ​២០០៩ មាន​ម៉ូតូ ហុងដា ប្រភេទ C125 ស៊េរី ២០០៧ មួយ​គ្រឿង​ពណ៌​ខ្មៅ បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ពី​កើត​មក​លិច (​មកពី​ចូលរួម​មង្គលការ​) ពេល​បើកបរ​មក​ដល់​ចំណុច​មុខ​សាលាបឋមសិក្សា​ចំបក់ ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ចន្លោះ​គីឡូម៉ែត្រ​លេខ ៤២-៤៣ ស្រាប់តែ​ម៉ូតូ​ខាងលើ​នេះ​បាន​ភ្លាវ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ ហុងដា មួយគ្រឿង​ទៀត​ប្រភេទ C125 ស៊េរី ២០០៩ ជិះ​ឌុប​គ្នា ២ នាក់ ដែល​កំពុង​បើក​បរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង ២ ដួល​ខូចខាត​នៅ​កន្លែងកើតហេតុ ចំណែក​អ្នក​ជិះ​ម៉ូតូ​ចំនួន ៣ នាក់​បាន​ស្លាប់​ម្នាក់​នៅ​កន្លែង និង ២ នាក់​ទៀត​បាន​រងរបួស និង​សន្លប់ ។ ក្រោយពេល​បុក​សមត្ថកិច្ច​ប៉ូលិស​ចរាចរ​ខេត្ត បាន​ធ្វើការ​វាស់វែង និង​យក​វត្ថុតាង​មក​រក្សាទុក​រងចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង បានឲ្យដឹងថា អ្នក​ដែល​បាន​ស្លាប់​ដោយ​ករណី​ខាងលើ​នេះ​ឈ្មោះ សារឿ​ន សាយ​ខាំ​ថន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ សុខា​ផល្លី នៅ​ភូមិ​គោក​រំលេច ឃុំ​កា​ហែង ស្រុក​សំរោង​ទង និង​អ្នករងរបួស​ធ្ងន់ ២ នាក់​នោះ​ម្នាក់​ឈ្មោះ ហម សុ​គីម ភេទ​ប្រុស អាយុ ២២ ឆ្នាំ អ្នកបើកបរ​ម៉ូតូ ហុងដា C125 ស៊េរី ២០០៩ នៅ​ភូមិ​ចំការ​រដ្ឋ ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង និង​អ្នករួមដំណើរ​ឈ្មោះ ជួន ឫទ្ធី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ក៏​របួសធ្ងន់​ និង​បាក់​ដៃ​ឆ្វេង​ផងដែរ ។ ចំពោះ​គ្រោះថ្នាក់​ខាងលើ​នេះ​ពុំ​មាន​ប្រភព​ណា​បញ្ជាក់​ឲ្យបាន​ច្បាស់​អំពី​ មូលហេតុ​នៃ​ការបុក​គ្នា​នេះ​ទេ គឺ​គ្រាន់តែ​ដឹងថា លោក​គ្រូបង្រៀន​ដែល​បាន​ស្លាប់​នោះ គឺ​បាន​វិល​ត្រឡប់​មកពី​មង្គលការ​គេ​មួយ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ហើយ​បាន​ស្លាប់​នៅក្នុង​ចំណែក​ផ្លូវ របស់​ភាគី​ម្ខាង​ទៀត​តែ​ប៉ុណ្ណោះ ។ អ្នកខ្លះ​និយាយថា គ្រោះថ្នាក់​នេះ​អាច​បណ្ដាលមកពី​ស្រវឹងស្រា​ភ្លាវ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ របស់​គេ ឯ​អ្នកខ្លះ​ទៀត​និយាយថា អាច​បើក​វ៉ា​រថយន្ត​ណា​មួយ​ដែល​បើក​នៅ​ពី​ខាងមុខ ៕​

No comments: