Monday, May 11, 2009

ភ្នំពេញៈ ២ ថ្ងៃ​គ្រោះថ្នាក់​ចរាចរ ៦ លើ​ក​ស្លាប់ ២ នាក់​របួសធ្ងន់​ស្រាល ១០ នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 11 ឧសភា 2009)
ភ្នំពេញ: រយៈពេល ២ ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៦ លើក​បណ្តាលឲ្យ​មនុស្ស ២ នាក់​ស្លាប់ និង ១០ នាក់​ទៀត​រងរបួស ។​
​ គ្រោះថ្នាក់​លើក​ទី ១: វេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ៩ ឧសភា​ នៅលើ​ផ្លូវជាតិ​លេខ ៦ A មុខ​សាលា​បច្ចេកទេស JVC សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ មាន​រថយន្ត​សណ្តោង​រ៉ឺម៉ក កិន​យុវជន​ម្នាក់​ចំ​ក្បាល​ស្លាប់​ភ្លាម ។​
​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HINO ពណ៌​ស​បៃតង ស្លាក​លេខ​ភ្នំពេញ 3A 1078 បើកបរ​ដោយ​ឈ្មោះ រស់ គឹម​ឡេង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។ ជនរងគ្រោះ​ឈ្មោះ ពណ្ណ​រាយ រតនា ភេទ​ប្រុស អាយុ ២០ ឆ្នាំ​ស្នាក់នៅ​សង្កា​ត់​​ជ័យជំនះ ខណ្ឌដូនពេញ ស្លាប់​នៅនឹងកន្លែង ។ គាត់​បើក​ម៉ូតូម៉ាក Step ពណ៌​ស​-​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1AD 3918 ។​
​ មុន​កើតហេតុ​ម៉ូតូ​បើក​តាម​ផ្លូវជាតិ​លេខ 6A ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ​ក៏​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​កូរ៉េ​ដួល​ចូល​ក្បាល​ ក្រោម​កង់​រថយន្ត​កិន​ស្លាប់​តែម្តង ។ រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​ចរាចរ​ក្រុង ។​
​ គ្រោះ​ថ្នាក់​ទី ២: នៅវេលា​ម៉ោង ១ និង ៣០ នាទី​រសៀល​ថ្ងៃ​ទី ១០ ឧសភា​ នៅ​ផ្លូវជាតិ​លេខ ២ មុខ​រោង​ច​ត្រ​តាក​ហ្វាត សង្កាត់​ចាក់អង្រែលើ មាន​ករណី​រថយន្តបុក​ម៉ូតូ​របួសធ្ងន់​បីនាក់ ។​
​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HIYUNDAI ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 2G 9820 អ្នកបើកបរ​រត់​បាត់ ។ រថយន្ត​បើក​ពី​ត្បូង​ទៅ​ជើង បុក​ម៉ូតូ​ពីក្រោយ​ម៉ាក HONDA C125-08 ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល 1H 3555 បើកបរ​ដោយ​ឈ្មោះ កុយ កុម្ភះ ភេទ​ប្រុស អាយុ ២០ និង​អ្នករួមដំណើរ ២ ឈ្មោះ សេង គឹមហុង ភេទ​ស្រី អាយុ ៦១ ឆ្នាំ និង ឈ្មោះ ជឿន អេង ភេទ​ប្រុស អាយុ ៦៩ ឆ្នាំ របួសធ្ងន់​កំពុង​សម្រាក​ពេទ្យ​ឯកជន ។​
​ គ្រោះ​ថ្នាក់​ទី ៣: វេលា​ម៉ោង ៦ និង ៤០ នាទី​យប់​ថ្ងៃ​ដដែល​នៅ​ផ្លូវ​ជាតិ​សហព័ន្ធរុស្ស៊ី សង្កាត់​ចោមចៅ ខណ្ឌដង្កោ មាន​ករណី​រថយន្តបុក​ម៉ូតូ ស្លាប់​ម្នាក់​របួស​ម្នាក់ ។​
​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក Marcedes ពណ៌​ស ស្លាក​លេខ​បណ្តោះអាសន្ន 2531 បើកបរ​ដោយ​ឈ្មោះ ពៀ តូ​នី​ដា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ បាន​បើក​បុក​ម៉ូតូ​ដែល​ធ្វើដំណើរ​ច្រាសទិស​ពី​លិច​ទៅ​កើត បើកបរ​ដោយ​ឈ្មោះ លឹម ធី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ បាន​ស្លាប់​បន្ទាប់ពី​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសមៈ និង​អ្នករួមដំណើរ​ឈ្មោះ អឿន ទិន ភេទ​ប្រុស អាយុ ២៩ ឆ្នាំ របួសធ្ងន់ ។​
​ គ្រោះ​ថ្នាក់​ទី ៤: វេលា​ម៉ោង ៩ និង ៣០ នាទី​យប់​ថ្ងៃ​ដដែល នៅ​ផ្លូវ​ព្រះសីហនុ មុខ​ធនាគារ​កាណា ឌីយ៉ា​អូឡាំពិក ខណ្ឌចំការមន មាន​រថយន្ត​បុក​ម៉ូតូ​បន្តបន្ទាប់​ខូច​ម៉ូតូ ៤ គ្រឿង និង​របួស ២ នាក់ ។
​ គ្រោះ​ថ្នាក់​ទី ៥: វេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្លូវជាតិ​លេខ ៤ មុខ​ភោជនី​ដ្ឋា​ន​សប្យាយ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌដង្កោ មាន​ករណី​ម៉ូតូ​បុក​គ្នា របួសធ្ងន់ ២ នាក់ ។​
​ គ្រោះថ្នាក់ ៦: នៅវេលា​ម៉ោង ១១ យប់​ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្លូវ​ច្រមុះជ្រូក ផ្លូវ ២៧១ និង​ផ្លូវ​មុនី​វង្ស សង្កា​ត​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មាន​រថយន្ត​សណ្តោង​ខ្សែ​រត់​កាត់​ផ្លូវ ត្រូវ​ម៉ូតូ ២ គ្រឿង​បើក​ទាក់​ខ្សែ​ដួល​ប្រកាច់ប្រកិន ៕

No comments: