Monday, May 25, 2009

Mercedes បុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​

ដោយ : សិរី​ (ថ្ងៃទី 23 ឧសភា 2009)
ព្រៃវែង​: បុរស​ជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ ត្រូវ​រថយន្ត​ម៉ាក Mercedes ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន ២៧១៨ បុក​ចំ​រ៉ឺម៉ក​ម៉ូតូ ពីក្រោយ​បណ្តាល​ឲ្យ រ៉ឺម៉ក​ក្រឡាប់​បោក​ម្ចាស់​ខ្ទប់​ទៅ​លើ​ផ្លូវជាតិ បណ្តាលឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ ។ រី​ឯ​ម្ចាស់​រថយន្ត​បង្ក​នោះ បាន​ចុះ​រត់គេចខ្លួន​បាត់ ក្រោយពេល​បុក​ស្លាប់​មនុស្ស ។ គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​វេលា​ម៉ោង ៦ និង ៥០ នាទី​ព្រលប់​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០០៩ នៅលើ​ផ្លូវជាតិ​លេខ ១ ស្ថិតនៅក្នុង​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

ប៉ូលិសចរាចរ​ខេត្ត​បាន​និយាយ​ឲ្យដឹងថា បុរសរ​ត់​រ៉ឺម៉ក​ម៉ូតូ​នោះ ឈ្មោះ លី ចាន់​រី អាយុ ៣៦ ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

ប៉ូលិស​ចរាចរ​ខេត្ត​បាន​និយាយទៀតថា នៅ​ល្ងាច​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០០៩ លី ចាន់​រី បាន​ដឹក​ប្រជាពលរដ្ឋ​ទៅ​ឯ​ឃុំ​ស្រុក​ព្រះស្តេច ។ លុះ​ដាក់​ប្រជាពលរដ្ឋ​អស់​ហើយ ក៏​បើក​ម៉ូតូ​វិលត្រឡប់​មក​លំនៅដ្ឋាន​ខ្លួន​វិញ នៅ​ភូមិ​សឹង​ពេលមកដល់​ចំណុច​ក្នុង​ភូមិ​ស្រះ ស្រាប់តែ​មាន​រថយន្ត Mercedes ពណ៌​ខ្មៅ​បើកបរ​មក​ពី​ក្រោយ មក​បុក​រ៉ឺម៉ក​ចំ​ពី​ក្រោយ​មួយ​ទំហឹង​បណ្តាលឲ្យ​មនុស្ស​និង​រ៉ឺម៉ក​ម៉ូតូ​ ស្រាប់តែ​បោក​ទៅ​លើ​ផ្លូវជាតិ​លេខ ១ បណ្តាល​ឲ្យ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ស្លាប់​ភ្លាម​មួយ​រំពេច នៅ​នឹង​កន្លែងកើតហេតុ ។ ចំណែក​ម្ចាស់​រថយន្ត ឃើញ​អ្នក​បើក​រ៉ឺម៉ក ដេក​ស្តូកស្តឹង​បាត់មាត់​ដូច្នេះ ក៏​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ ៕

No comments: