រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន សូ ងួន មួយគ្រឿង បើកលឿន ដូចហោះ បណ្តាលឱ្យដាច់ចង្កូត បែរត្រឡប់ក្រោយ ធ្លាក់ពីលើផ្លូវ និងបានទៅស្ទុះ ទៅបុកទួលថ្ម នៅក្បែរដងផ្លូវ ជាហេតុធ្វើឱ្យ កំពិតក្បាលរថយន្ត និងរងការ ខូតខាត ជាទម្ងន់ ប៉ុន្តែពុំ បណ្តាលឱ្យ អ្នកបើកបរ និងអ្នករួមដំណើរជាមួយ ទទួលគ្រោះថ្នាកឡើយ ។
ហេតុការណ៍នេះ បានកើតនៅ វេលាម៉ោង ១០.៣០នាទី ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០០៩ នៅចំណុចអូរត្រាវ ស្ថិតក្នុងក្រុម ទី ១៧ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមមន្ត្រី កងរាជអាវុធហត្ថ ក្រុងព្រះសីហនុម្នាក់ បានឱ្យដឹងថា រថយន្តដែលជួប គ្រោះថ្នាក់ចរាចនោះ ជាប្រភេទរថយន្តកុងតឺន័រ ម៉ាក Hino សណ្តោងរ៉ឺម៉ក ៤០ ហ្វីត ពាក់ផ្លាកលេខ ភ្នំពេញ 3A 2011 ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនសូ ងួន បើកបរដោយ ឈ្មោះ ឆេង អឿន ភេទប្រុស អាយុ ២៤ ឆ្នាំ មាន ស្រុកកំណើត នៅភូមិស្វាយជ្រំ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ បានបើកបរចេញ ពីកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ភ្នំពេញ តាមបណ្តោយផ្លូវលេខ ៤ យ៉ាងលឿនដូចហោះ ទៅដល់ចំណុច ខាងលើក៏បានដាច់ចង្កូត បែរ ត្រឡប់ក្រោយ ធ្លាក់ពីលើផ្លូវ និងបានស្ទុះទៅបុក ទួលថ្មនៅក្បែរដងផ្លូវនោះ តែម្តង។ ហើយសម្រាប់អ្នកដែលធ្វើដំណើរ តាមដងផ្លូវជាមួយ រថយន្តខាងលើ និងអ្នករស់តាម បណ្តោយផ្លូវនេះជាច្រើន បានភ័យស្ទើរអស់ព្រលឹងពីខ្លួន ខណៈឃើញរថយន្ត នេះបានបើកយ៉ាងលឿន ដូចហោះនោះ ដោយខ្លាចរថយន្តនេះ បើកជ្រុលចង្កូត ទៅបុកពួកគាត់ស្លាប់ ប៉ុន្តែហេតុការណ៍នេះ សំណាងល្អដែរ ព្រោះវាមិនបុកមនុស្ស បើសិនជាបុកមនុស្សវិញ អ្នករងគ្រោះប្រហែល ជាត្រូវខ្ទេចសាកសព ម៉ដ្ឋដូចផេះជា មិនខាន ។
ក្រោយពីកើតហេតុនេះឡើង លោក អនុសេនីយ៍ឯក ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ បានបញ្ជាកងកម្លាំង របស់លោកឱ្យទៅកាន់ កន្លែងកើតហេតុ ធ្វើចរាចរណ៍ការពារ មិនឱ្យមានការកកស្ទះ ចរាចរណ៍នៅទីនោះ ។
នៅម៉ោង ១៣.២៥ នាទី ទើបគេឃើញ ក្រុមហ៊ុន សូ ងួន យករថយន្តស្ទូច ទៅស្ទូច យកកុងគឺន័រ ចេញពីរថយន្តបង្កហេតុ និង បានផ្ទេរដាក់ទៅលើរថយន្តមួយទៀត រួចគេក៏បានចេញពីទីនោះ ទៅកាន់ភ្នំពេញតែម្តង។ ចំណែករថយន្តដែល ជួបគ្រោះ ថ្នាក់ ចរាចរ ត្រូវបានគេយក ទៅធ្វើការជួសជុល នៅការ៉ាស់រថយន្ត សូ ងួន ស្ថិតនៅក្បែរ រោងចក្រស្រាបៀរអង្គរ ក្នុងសង្កាត់លេខ១ ផងដែរ ។
នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ដើម អម្ពិល បានទាក់ទងសុំការបំភ្លឺ ពីអ្នកចាត់ការទូទៅ របស់ក្រុមហ៊ុនសូ ងួន ជុំវិញហេតុការណ៍ខាងលើ ប៉ុន្តែពុំអាចទាក់ទងឡើយ ។
តាមប្រជាពលរដ្ឋជាច្រើនបានឱ្យដឹងថា កន្លងមករថយន្តកុងគឺន័ររបស់ក្រុមហ៊ុន សូ ងួន តែងតែបង្កគ្រោះថ្នាក់ចរាចរជាញឹក ញាប់ និងបានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ ជីវិត និងពិការជាច្រើននាក់នៅខេត្តព្រះ សីហនុនេះ។ ជាមួយគ្នានេះ រថយន្តរបស់ ក្រុមហ៊ុន សូ ងួន ភាគច្រើនជារថយន្ត ចាស់ៗ ក្រៅពីនោះអ្នកបើកបររបស់ក្រុម ហ៊ុននេះបើកបរលឿនពុំគិត អំពីអាយុជីវិតអ្នកដែលធ្វើដំណើរតាមផ្លូវជាមួយគ្នានោះទេ។
ប្រជាពលរដ្ឋជាច្រើន ក៏អំពាវនាវសូម ឱ្យលោករដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងស្ថាបន័ពាក់ពន្ធ័ទាំង អស់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ប្រមានក្រុមហ៊ុននេះផង។
សូមរំលឹកថា កន្លងមកតៃកុងរថយន្ត របស់ក្រុមហ៊ុន សូ ងួន ធ្លាប់បង្កទំនាស់ កាប់ចាក់វាយតប់គ្នា ជាមួយក្រុមតៃកុង រថយន្ត របស់ក្រុមហ៊ុន អឹម អិល ផងដែរ ហើយ នៅពេលនគរបាល សង្កាត់លេខ ១ ចូលធ្វើអន្តគមន៍ ក្រុមអ្នកបើកបរ រថយន្តរបស់ ក្រុមហ៊ុន សូ ងួន បានចាប់នគរបាល ៣ នាក់ ធ្វើជាចំណាប់ខ្មាំង តែដោយមានអន្តគមន៍ ពីអធិការដ្ឋាន នគរបាលក្រុង និងស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានធ្វើការ រំដោះចំណាប់ខ្មាំង និងចាប់ខ្លួន ជនដៃដល់ បានចំនួន ៥ នាក់ ប៉ុន្តែសមត្ថ កិច្ចមិនបាន កសាងសំណុំរឿងបញ្ជូនជនជាប់ចោទទៅតុលាការដោយឧកញ៉ា សូ ងួន បានរត់ការ ដោះលេងជនជាប់ចោទឱ្យចេញពីអធិការដ្ឋាននគរបាលក្រុងទាំងយប់ ធ្វើឱ្យមន្ត្រី នគរបាល ដែលគេចាប់ធ្វើជាចំណាប់ខ្មាំង ខកចិត្តយ៉ាងខ្លាំង ។
No comments:
Post a Comment