ដោយ : សុពិសិដ្ឋ (ថ្ងៃទី 2 កក្កដា 2009)
CEN News
ភ្នំពេញ: រថយន្តលាយស៊ីម៉ង់ត៍មួយគ្រឿង បានបើកកៀរកង់មួយគ្រឿង ហើយកិនពីលើបណ្ដាលឲ្យអ្នកជិះកង់ស្លាប់ភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្តត្រូវប៉ូលិសឃាត់ខ្លួន នៅពេលបើកគេចឡើងដល់កណ្ដាលស្ពានថ្មី ។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០ នាទីព្រឹកថ្ងៃទី ២ កក្កដា នេះ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី ត្រើយខាងលិចផ្លូវជាតិលេខ ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប៉ូលិសបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI លាយស៊ីម៉ង់ត៍ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A 0115 បើកបរដោយឈ្មោះ សួន រស្មី ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ប៉ូលិសឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងហ៊ុង ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះ ជិះកង់ម្នាក់ឯងពីផ្ទះតាមផ្លូវជាតិលេខ ២ ពីត្បូងទៅជើង ដើម្បីធ្វើជាង តុ-ទូ នៅម្ដុំបឹងត្របែក ។ លុះជិះដល់គល់ស្ពានព្រះមុនីវង្សថ្មី ស្រាប់តែរថយន្តលាយស៊ីម៉ង់ត៍ បើកពីក្រោយបត់ស្ដាំឡើងស្ពានក៏កៀរកង់ដួល ហើយកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗ ។ រថយន្តដែលដឹកស៊ីម៉ង់ត៍លាយរួចហើយ បានព្យាយាមបើកឡើងស្ពាន ដល់ពាក់កណ្ដាលស្ពានក៏ត្រូវប៉ូលិសឃាត់ខ្លួនបាន ។
រថយន្ត និងកង់កំពុងរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដោះស្រាយតាមច្បាប់ ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារ ដឹកទៅតម្កល់នៅវត្តចាក់អង្រែក្រោម ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment