Sunday, July 26, 2009

អគ្គស្នងការ​នគរបាល​ជាតិ​មាន​គំរោង​ដាក់​កាំ​ម៉ា​រ៉ា​តាមផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ : សិរី​ (ថ្ងៃទី 25 កក្កដា 2009)
CEN News
​ភ្នំពេញ​: អគ្គស្នងការ​នគរបាល​ជាតិ មាន​គំរោង​ដាក់​កាមេរ៉ា​តាម​ផ្លូវ​សាធារណៈ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ជា​ការឃ្លាំមើល​បញ្ហា​សន្តិសុខ​ពី​ចំងាយ កត់ត្រា​ទុក​ឲ្យ​សមត្ថកិច្ច ពីព្រោះ​សម័យនេះ​ទីក្រុង​ធំៗ លើ​ពិភពលោក​គេ​មាន​កាមេរ៉ា​នេះ​យូរ​ហើយ ចំណែក​កម្ពុជា​ក៏​ត្រូវតែ​មាន​ដែរ ។​

​ ​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​មានប្រសាសន៍ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ​ថា អគ្គស្នងការ​បាន​ធ្វើ​សំណើ​​មួយ​ទៅ​រាជរដ្ឋាភិបាល​សុំ​ទិញ​កាមេរ៉ា ដាក់​តាម​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​នាពេលខាងមុខ ហើយ​កិច្ចការ​នេះ​ត្រូវតែ​ធ្វើ ដើម្បី​បង្ក្រាប​បទល្មើស​ក្នុង​ទីក្រុង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ។​

​ ​តាម​គំរោង​ផ្លូវ​សំខាន់ៗ ដែល​ត្រូវ​ដាក់​កាមេរ៉ា​នោះ​មាន​ផ្លូវធំៗ ផ្លូវ​ទីប្រជុំជន តំបន់​ស្មុគស្មាញ តាម​ផ្សារ​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ ៘ តំបន់​ខាងលើ​នេះ​ជា​តំបន់​អទិភាព​មុនគេ ។​

​ ​លោក​បាន​បន្តទៀតថា សព្វថ្ងៃ​សមត្ថកិច្ច​របស់​យើង​នៅ​ខ្វះ​លទ្ធភាព មធ្យោបាយ​ទំនើប​សំរាប់​បង្ក្រាប​បទល្មើស​នៅឡើយ ទាមទារ​នូវ​ឧបករណ៍​ទាន់សម័យ​បំពាក់​ឲ្យ​សមត្ថកិច្ច ។ នៅ​ភ្នំពេញ​ត្រូវមាន​មុនគេ ប៉ុន្តែ​កន្លងមក​កំលាំង​យើង​បាន​ខិតខំ​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគជ័យ ប៉ូលិស​អាស៊ាន​ទាំង​គេ​សរសើរ​ប៉ូលិស​យើង​ថា ភ្នំពេញ​គ្មាន​ភ្លើង​បំភ្លឺ ១០០ ភាគរយ គ្មាន​ប្រព័ន្ធ​កាមេរ៉ា​តាមផ្លូវ​តែ​សមត្ថកិច្ច​បំពេញការងារ​បាន​ល្អ ៕

No comments: