ដោយ : សិរី (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ: ការនិយមទទួលទានស្រាបៀរ និងស្រាបានបង្ហាញឱ្យឃើញពីនិន្នាការកើនឡើងជា លំដាប់នៅពេលបណ្តាញផ្សព្វផ្សាយនៅកម្ពុជាបើកចំហដោយសេរីនូវ ការផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរ និងស្រា ដែលមានការបំប៉ោងពីគុណលើសពីការពិត ។
មន្ត្រីជំនាញសុខាភិបាលមួយរូបបាននិយាយក្នុងលក្ខខណ្ឌបែបអនាមិកថា “ ខ្ញុំឱ្យសួរទៅអ្នកផ្សាយពាណិជ្ជកម្មគេកំពុងរិះគន់ខ្លាំងមែនទែន អស្ចារ្យយ៉ាងហើយ ខ្ញុំអត់ដឹងធ្វើយ៉ាងម៉េចនោះទេ ” ។ មន្ត្រីរូបនោះបានបន្តថា “ ខ្ញុំគិតថា គ្រប់មជ្ឈដ្ឋានរួមទាំងអ្នកផ្សាយគួរតែគិតថា ការផ្សព្វផ្សាយមានប្រយោជន៍អី ប៉ះពាល់ដល់អ្នកណា ” ។
មន្ត្រីដដែលបាននិយាយដោយខឹងសម្បារថា “ ការផ្សាយបានលុយគេមិនគិតពីសុខភាពប្រជាជនទេ ការផ្សាយពន្លើសអ្វីជាការពិត គឺប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ” ។
លោកវេជ្ជបណ្ឌិត លឹម ថៃហាង ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃ ២៦ ខែមិថុនា កន្លងទៅថា ដោយមានការចង្អុលបង្ហាញពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបាន កំពុងអនុវត្តគោលនយោបាយ និងសេចក្តីណែនាំទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងទាំងនោះ ។
លោកបានបន្តថា “ ការផ្សព្វផ្សាយទាំងនោះ គួរគិតពីសុខភាពប្រជាពលរដ្ឋមិនត្រូវផ្សាយលើសពីការពិតនោះទេ ។ ការផ្សាយគួរស្ថិតក្នុងកម្រិតណាមួយដើម្បីលក់ដាច់ ប៉ុន្តែកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ ” ។
លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណាការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយអាចធើ្វឱ្យបាយ ឆ្ងាញ់ ប៉ុន្តែបើលើសធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ ។
អ្វីដែលជាប្រតិកម្មពីសំណាក់យុវវ័យនោះ កញ្ញា ពុទ្ធី រ័ត្ន អ្នកសម្របសម្រួលក្រុមប្រឹក្សាយុវជនកម្ពុជា បាននិយាយថា ការទទួលទានស្រាបៀរ និងស្រាកើតមានគ្រប់កន្លែងដែលអ្នកទទួល ទានភាគច្រើនជាបុរស ។ កញ្ញាបានបន្តថា មូលហេតុដែលចូលចិត្តទទួលទានបុរសគិតថា ពេលជួបគ្នាយកស្រាមកផឹកដើម្បីសប្បាយ ។ ប៉ុន្តែយើងអាចយកការជជែកគ្នាលេង និងការពិភាក្សាបញ្ហាអ្វីមួយ ជាការសប្បាយជំនួសស្រាវិញ ។
កញ្ញា រ័ត្ន បានបន្ថែមថា “ ការប្រើប្រាស់គ្រឿងស្រវឹងមិនមែនជាការប្រសើរនោះទេ ព្រោះថា ការទទួលទានជ្រុលអាចបង្កឱ្យមានអំពើហិង្សា អាចមានគ្រោះថ្នាក់នៅពេលបើកបរ ព្រោះនៅពេលគាត់ស្រវឹងធ្វើឱ្យបាត់បង់ការគ្រប់គ្រងខ្លួនឯង ” ។
និយាយដល់ការកើនឡើងនៃយុវជនសេពគ្រឿងស្រវឹងនោះ កញ្ញា ពុទ្ធី រ័ត្ន បានឱ្យដឹងថា “ ខ្ញុំ បានឃើញនូវនិន្នាការកើនឡើងនូវក្រុមយុវជនផឹកគ្រឿងស្រវឹងនៅទីក្រុង និងនៅតាមបណ្តាខេត្តមួយចំនួន ដែលពួកគេភាគច្រើនអាយុក្រោម ៣០ឆ្នាំ ” ។
ការទទួលទានគ្រឿងស្រវឹងត្រូវបានរាយការណ៍ជាច្រើននៅក្នុងគ្រោះថ្នាក់ ចរាចរតាមដងផ្លូវ នៅក្នុងប្រទេសស្ទើរតែរៀងរាល់ថ្ងៃ ។
លោក មាស ចាន់ឌី មន្ត្រីកម្មវិធីសុវត្ថិភាពចររាចរណ៍ នៃអង្គការជនពិការអន្តរជាតិបែលហ្សិក បានមានប្រសាសន៍ឱ្យដឹងថា កាលពីឆ្នាំ ២០០៨ អ្នកបើកបរដោយមានទទួលទានគ្រឿងស្រវឹងមាន របួសចំនួន ២៥.៧៩៦ នាក់ និងស្លាប់ ១.៦៣៨ នាក់ ក្នុងនោះបង្កដោយគ្រឿងស្រវឹងមានចំនួន ១៤ ភាគរយ ស្មើ ១.៤៨៨ លើក ។
លោកបានបន្តថា ចំណែកអ្នករងគ្រោះដោយជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងមានចំនួន ៣.៤២០ នាក់ ដែលរងគ្រោះស្លាប់ និងរបួស ។ លោកបានបន្ថែមថា អ្នកដែលជិះម៉ូតូដែលជាប់ពាក់ ព័ន្ធនឹងគ្រឿងស្រវឹងមានចំនួន ៣.១៤៧ នាក់ និងអ្នកបើកបររថយន្តមានពាក់ព័ន្ធគ្រឿងស្រវឹងមាន ចំនួន ១៥៤ ករណី ។
ជួបជាមួយក្រុមយុវជនដែលនិយមគ្រឿងស្រវឹង និងមិននិយមពួកគេមានការចាប់អារម្មណ៍ យ៉ាងណាពីបញ្ហានេះនោះ យុវជន គង់ វិចិត្រ ដែលរៀននៅវិទ្យាល័យបឹងត្របែក បាននិយាយថា ខ្ញុំធ្លាប់ផឹកគ្រឿងស្រវឹងដូចជាស្រា ប៊ីយ៉ែ ម្តងម្កាលដែរពេលមានពិធីជួបជុំមិត្តភ័ក្រ ប៉ុន្តែវាមិនធ្វើឱ្យខ្ញុំ ញៀននោះទេ ។
យុវជនរូបនោះបានទទួលស្គាល់ថា ធ្លាប់មានពេលស្រវឹងយូរៗម្តង ប៉ុន្តែមិនដែលមានគ្រោះថ្នាក់នៅពេលបើកបរនោះ ព្រោះគេតែងតែប្រុងប្រយ័ត្នជានិច្ចនៅពេលស្រវឹង ។
គង់ វិចិត្រ បានបន្តថា ការផឹកស្រាមិនស្រួលនោះទេ តែវាសប្បាយនៅពេលជួបមិត្តភ័ក្រ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ពេលផឹកស្រវឹងខ្លាំងម្តងៗអាចធ្វើឱ្យខូចសុខភាពព្រោះពេលស្រវឹងម្តងៗ ខណៈពេលស្វាងធ្វើឱ្យឈឺក្បាល ឬ ក្រពះជាដើម ។
ប៉ិច ចន្ថា និស្សិតមួយរូបដែលអះអាងថា សិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ បាននិយាយឱ្យដឹងថា “ ខ្ញុំគិតថា គ្រឿងស្រវឹងមិនមែនជារឿងប្លែកនោះទេ ហើយសម្រាប់យុវជនមិន មែនតែខ្មែរទេ ទាំងបរទេស ក៏និយមដែរ ប៉ុន្តែសំខាន់អ្នកទទួលទានអាចគិតថា ផឹកកម្រិតណាអាចគ្រប់គ្រងខ្លួនឯងបានដើម្បីបង្ការគ្រោះថ្នាក់ ” ។
ប៉ិច ចន្ថា បានអះអាងថា មិនដែលគ្រោះថ្នាក់ចរាចរណ៍ដោយសារផឹកស្រានោះទេ ប៉ុន្តែគេមានមិត្តភ័ក្រធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ។
ស៊ិន នារីរតន៍ រៀននៅវិទ្យាល័យទួលទំពូង បាននិយាយឱ្យដឹងថា នាងមិនដែលទទួលទានគ្រឿងស្រវឹងទេ ប៉ុន្តែនាងធ្លាប់ឃើញមិត្តភ័ក្ររៀនសាលាជាមួយគ្នាផឹក ។ នាងបាននិយាយបន្តថា សម្រាប់ប្រពៃណីខ្មែរស្ត្រីផឹកស្រាមិនល្អនោះទេ ហើយស្រាមិនមានអ្វីឆ្ងាញ់នោះទេ តាមមើលទៅ ។
ស៊ិន នារីរតន៍ បានបន្ថែមថា នាងឃើញស្ទើររាល់ថ្ងៃនូវក្រុមយុវជនផឹកគ្រឿងស្រវឹង ហើយឪពុករបស់នាងក៏ធ្លាប់ផឹកគ្រឿងស្រវឹងដែរ ពេលគាត់ជួបជុំមិត្តភ័ក្រគាត់ ៕
Stock theft suspects intercepted on the R30 road
-
Five African males aged between 26 and 53 were arrested, after they were
found in possession of two carcasses when the vehicle they were traveling
in was...
47 minutes ago
No comments:
Post a Comment