Sunday, July 12, 2009

គ្រោះថ្នាក់​ចរាចរ ២ លើក ស្លាប់​ម្នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 11 កក្កដា 2009)
CEN News

ភ្នំពេញ​: យប់​ថ្ងៃ​ទី ១០ កក្កដា នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាច​រ​កើតឡើង ២ លើក​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត ។​

​ ករណី​ទី​១: នៅវេលា​ម៉ោង ១០ យប់​ថ្ងៃ​ទី ១០ កក្កដា នៅ​ផ្លូវ​ជាតិលេខ ៦ A ក្រុមទី ២ ភូមិ​បុរី​សុភមង្គល សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ មាន​ករណី​រថយន្ត​បើក​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​យុវជន​ម្នាក់ ហើយ​បើក​គេច​បាត់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក បាន​បើក​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចាន់ សុជាតិ អាយុ ២៧ឆ្នាំ មុខរបរ​កម្មករ​បូម​ខ្សាច់ នៅ​ក្អម​សំណរ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត ​រថយន្តបុក​កិន​ខ្ទេច​ក្បាល ។

​ សាក្សី​និយាយថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ពណ៌​ខៀវ តាម​ផ្លូវជាតិ​លេខ ៦A ពី​ត្បូង​ទៅជើង លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត ១ គ្រឿង​ ធ្វើដំណើរ​ច្រាសទិស​យ៉ាង​លឿន បុក​ចំ​ពីមុខ ហើយ​កិន​បែកក្បាល រួច​បើក​គេច​ចូល​ក្រុងភ្នំពេញ បាត់​តែ​ម្តង ។

​ សព​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​កំពត ចំណែក​ម៉ូតូ​រក្សាទុក នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ ។​

​ ករណី​ទី​២: នៅវេលា​ម៉ោង ៥ ទៀបភ្លឺ​ថ្ងៃ​ទី ១១ កក្កដា នៅ​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ ២៨៨ (​មុខ​អតីត​រោង​កុន​កំពូល​ពេជ្រ​) សង្កាត់​បឹង​កេងកង​I ខណ្ឌចំការមន មាន​រថយន្ត ១ បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ ខូច​ខ្ទេច​តែម្តង ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងរបួស​ឡើយ ។

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក High Lander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H 2603 បើកបរ​ដោយ​បុរស​ម្នាក់ (​គេចខ្លួនបាត់​) ។ បើ​តាម​សាក្សី​អះអាងថា គេ​ឃើញ​រថយន្ត​បើក​តាម​ផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ហើយ​ជ្រុល​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​របើក​អស់ ១០ ផ្ទាំង ចំណែក​រថយន្ត​ខូច​ដាច់​កង់​ខាងឆ្វេង ។ ពេលនោះ​ម្ចាស់​រថយន្ត ក៏​ចុះ​ចេញពី​រថយន្ត គេចខ្លួនបាត់ ។

​ ប៉ូលិសចរាចរ​ក្រុង បាន​ស្ទូច​រថយន្ត​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ពិន័យ ដោយ​គុណ​នឹង​ពីរ គិត​តាម​តម្លៃ​នៃ​ការ​ខូច​ខា​ច ។​
អានបនែ្ថម

No comments: