ដោយ : សុពិសិដ្ឋ (ថ្ងៃទី 16 កក្កដា 2009)
CEN News
ភ្នំពេញ: រយៈពេល ២ យប់កន្លងមកនេះ នៅរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ៦ លើកបណ្តាលឲ្យមនុស្ស ៦ នាក់រងរបួស ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់ស្លាប់ ។ មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ មកពីបើកលឿនមិនគោរពច្បាប់ និងស្រវឹងស្រាពេលបើកបរ ។
ករណីទី១: វេលាម៉ោង ០០ និង ១៥ នាទី អធ្រាត្រថ្ងៃទី ១៥ កក្កដា នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ ១៨២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានរថយន្ត ១ គ្រឿង បើកបរដោយបុរសជនជាតិចិន បានបើកបុករបាំងចែកទ្រូងផ្លូវបណ្តាលឲ្យរបួសបុរសម្នាក់ ។
ប៉ូលិសបាននិយាយថា រថយន្តបង្កម៉ាកតូយូតា RAV 4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2A 0488 បើកបរដោយបុរសជនជាតិចិន (មិនស្គាល់ឈ្មោះ) និងអ្នករួមដំណើរ ២ នាក់ទៀត ក្នុងនោះរបួសម្នាក់ បាននាំគ្នាឡើងជិះម៉ូតូឌុបគេចបាត់ ។
សាក្សីនិយាយថា មុនកើតហេតុរថយន្តបើកតាមផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង ដោយរេចង្កូតម្តងទៅឆ្វេងម្តងទៅស្តាំ ទីបំផុតក៏បុករបាំងចែកទ្រូងផ្លូវបណ្តាលឲ្យរបើកថ្ម ៤ ផ្ទាំង ហើយកង់មុខកលជាប់នឹងថ្ម ទៅមុខលែងរួចតែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់ បុរស ៣ នាក់ ដែលជាជនជាតិចិន បានឡើងជិះម៉ូតូឌុបទៅបាត់ ។
រថយន្តប៉ូលិសចរាចរក្រុងស្ទូចយកទៅរក្សាទុកនៅសាលាក្រុងភ្នំពេញ ហើយគិតមកដល់ពេលនេះ រថយន្តកើនឡើងដល់ ៣២ គ្រឿង ដោះស្រាយឲ្យទៅវិញ ១១ គ្រឿង ។
ករណីទី២: វេលាម៉ោង ៩ ព្រឹកថ្ងៃដដែលនៅផ្លូវ ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានករណីម៉ូតូ បុកម៉ូតូរបួស ២ នាក់ ។
ប៉ូលិសនិយាយថា ម៉ូតូបង្កម៉ាកហុងដា WAVE ពណ៌ក្រហម ស្លាកលេខកណ្តាល 1G 5106 បើកបរដោយឈ្មោះ យឺត សំអឿន ភេទប្រុស អាយុ ២៧ ឆ្នាំ បានបើកបុកម៉ូតូ ១ គ្រឿងទៀត ពណ៌លឿងស្លាកលេខ 1V 1141 ភ្នំពេញ បើកបរដោយឈ្មោះ ប្រាក់ បញ្ញា ភេទស្រី អាយុ ១៩ ឆ្នាំ របួសបាក់ជើងស្តាំ ។ មូលហេតុម៉ូតូ WAVE បើកពីត្បូងទៅជើង ហើយបុកម៉ូតូ ICON ដែលបត់ឆ្វេង ដួលរបួសទាំង ២ នាក់តែម្តង ។ ម៉ូតូរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែ ។
ករណីទី៣: វេលាម៉ោង ៨ និង ៤០ នាទី យប់ថ្ងៃដដែល នៅចំណុចផ្លូវលេខ ៧០ (ខាងលិចហាងនួនស្រី) សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីរថយន្ត បើកប៉ះម៉ូតូ រួចជ្រុលបុករថយន្ត ១ ទៀត បណ្តាលឲ្យខូចខ្ទេច ប៉ុន្តែពុំមានអ្នករបួសទេ ។ ភាគីបង្កយល់ព្រមសងការខូចខាតអស់ ១៨០ ដុល្លារ បញ្ចប់រឿង ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកតូយូតា កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ស្លាកលេខភ្នំពេញ 2G 2523 បើកបរដោយឈ្មោះ សិដ្ឋ ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំជាមន្ត្រីប៉េអឹម និងមានអ្នករួមដំណើរ ២ នាក់ទៀត បានបើកតាមផ្លូវលេខ ៧០ ពីកើតទៅលិច ប៉ះម៉ូតូម៉ាក WAVE ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ (ពុំរងរបួស) ហើយដួល ។ ពេលនោះរថយន្តបានជ្រុលចូលចំណែកផ្លូវម្ខាង ក៏បុករថយន្តតូយូតា កាមរីពណ៌ស ស្លាកលេខ ង ៦៧០៣ ភព២ បណ្តាលឲ្យខូចខ្ទេច ។ ចំណែករថយន្តបង្កដាច់កង់មុខឆ្វេង ។ ក្នុងករណីនេះ ម្ចាស់រថយន្តបង្កព្រមសងរថយន្តកាមរី ១៣០ ដុល្លារ និងម៉ូតូអស់ ៥០ ដុល្លារ ដើម្បីបញ្ចប់រឿង ហើយស្ទូចយកទៅរៀងៗខ្លួន ។
ករណីទី៤: វេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃដដែល នៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលI ខណ្ឌដូនពេញ មានករណីរថយន្តបុកម៉ូតូ បណ្តាលឲ្យរបួស ២ នាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកសាំយ៉ុង ១២ កៅអី ពណ៌បៃកងស្លាកលេខភ្នំពេញ 2J 1424 អ្នកបើកបររត់បាត់ បានបើកបុកម៉ូតូម៉ាក WAVE អាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខក្រុងព្រះសីហនុ 1A 6368 បើកបរដោយឈ្មោះ ឈឹម ស្រីម៉ៅ ភេទស្រី អាយុ ១៨ ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ពៅ ពិចិត្ត ភេទប្រុស អាយុ ៣០ ឆ្នាំ កំពុងដេកពេទ្យឯកជន ។ រថយន្ត និងម៉ូតូរក្សាទុកនៅការិយាល័យប៉ូលិសចរាចរក្រុង ។
ករណីទី៥: នៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃដដែលនៅចំណុចផ្លូវមុនីវង្ស មុខក្រុមហ៊ុន OMC សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីរថយន្ត បើកបុកម៉ូតូកង់បីរបួស ១ នាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក Mercedes E 320 ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2C 3368 បើកបរដោយឈ្មោះ ហុង លាង ភេទប្រុស អាយុ ២៥ ឆ្នាំ បានបើកពីត្បូងទៅជើង បុកម៉ូតូកង់បី បើកបរដោយឈ្មោះ ជិន សីហា ភេទប្រុស អាយុ ៣៥ ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ ។ ម៉ូតូកង់បី និងរថយន្តរក្សាទុកនៅការិយាល័យ ប៉ូលិសចរាចរក្រុង ។
ករណីទី៦: វេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ១៦ កក្កដានេះ នៅចំណុចផ្លូវ ២៧១ (មុខស្ថានីយ៍បូមទឹកស្អុយ) សង្កាត់ទឹកល្អក់II ខណ្ឌទួលគោក មានករណីរថយន្តចំណុះ ៥ តោន ដឹកចានបង្គន់ ក្រឡាប់បែកខ្ទេច ប៉ុន្តែពុំមានមនុស្សរងរបួសឡើយ ៕
Margarita Plevritou
-
External links: add Category:21st-century Greek sportswomen
← Previous revision Revision as of 07:07, 22 December 2024
Line 39: Line 39:
==External link...
26 minutes ago
No comments:
Post a Comment