Tuesday, July 21, 2009

១ ថ្ងៃ​គ្រោះថ្នាក់​ចរាចរ ៥ លើ​ក​ ស្លាប់​ ៣ របួស ៩ នាក់

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 20 កក្កដា 2009)
CEN News
ភ្នំពេញ: នៅ​រាជធានី​ភ្នំពេញ រយៈពេល ១ ថ្ងៃ (​ថ្ងៃអាទិត្យ​) មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន ៥ លើក បណ្តាល​ឲ្យ​បុរស ៣ នាក់ ស្លាប់​ និង​មនុស្ស ៩ នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ។ ONLINE សូម​លើកយក​ករណី​គ្រោះថ្នាក់​ធំៗ ៣ ករណី​ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ប៉ុណ្ណោះ ។​

​ ករណី​ទី​១ : វេលា​ម៉ោង ៤ និង ៤០ នាទី​ល្ងាច​ថ្ងៃទី ១៩ កក្កដា​នេះ នៅ​តាម​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ ៣០៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ករណី​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​លោកតា​ម្នាក់​ស្លាប់ និង​យាយ​របួសធ្ងន់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ 0704 រាជការ ជា​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែកស្រុក​កៀនស្វាយ អ្នកបើកបរ​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អាន គឹម​សាង អាយុ ៦៦ ឆ្នាំ ស្នាក់​នៅផ្ទះ 12A ផ្លូវ 36 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រង​របួសធ្ងន់​ហើយ​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ប្រមាណ ៣ ម៉ោង ។ ជនរងគ្រោះ​បើក​ម៉ូតូ​ម៉ាក HONDA CUB ជ្រុង C 50 ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ឌ ​7646 ភព​1 ឌុប​ប្រពន្ធ​ឈ្មោះ ថោង ម៉ុច រងរបួស​ធ្ងន់ ។​

​ ប៉ូលិស​បញ្ជាក់ថា មុន​កើតហេតុ​រថយន្ត​សង្គ្រោះ បាន​ដឹក​អ្នកជំងឺ​ពី​មន្ទីរពេទ្យបង្អែកស្រុក​កៀនស្វាយ ៣ នាក់ ​មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។ ខណៈពេល​កំពុង​បើក​តា​ម​ផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​ខាងលើ​ក៏​បុក​ម៉ូតូ​ពីក្រោយពេញ​មួយ​ទំហឹង​តែម្តង ។​

​ ករណី​ទី​២ : នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ ព្រលប់​ថ្ងៃ​ដដែល នៅតាម​ផ្លូវ​ចោមចៅ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក FUSO ដឹក​ដី​ពណ៌​ក្រហម ពាក់​ស្លាក​លេខ 6304 ភព​3 អ្នកបើកបរ​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ សុ​ណា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់​នៅ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ (​ស្លាប់​នៅនឹងកន្លែង​) បើកបរ​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើរ​ឈ្មោះ ឃឿន សុជា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ របួសធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ ។​

​ ប៉ូលិស​បញ្ជាក់ថា មុន​កើតហេតុ​រថយន្ត បាន​ធ្វើដំណើរ​តាម​ផ្លូវ​ចោម​ចៅ​ពី​លិច​ទៅ​កើត ឆ្ពោះ​មក​សង្កាត់​ស្ទឹងមានជ័យ ។ លុះ​ធ្វើដំណើរ​ដល់​ចំណុច​ខាងលើ ម៉ូតូ VIVA បាន​បើក​វ៉ា​រថយន្ត​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ប៉ះ​ដៃចង្កូត​ដួល ហើយ​រថយន្ត​កិន​តែម្តងទៅ ។​

​ ករណី​ទី​៣: បុរស​ម្នាក់​ដែល​ប៉ូលិស​អះអាង​ថា ស្រវឹងស្រា​បាន​បើករថយន្ត​ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង ហើយ​បុក​ម៉ូតូ ១ គ្រឿង​ កំពុងធ្វើដំណើរ​ច្រាសទិស បុក​ចំ​ពី​មុខ​ពេញ​មួយ​ទំហឹង ហើយ​បុរស​ម្នាក់​ស្លាប់​ភ្លាម និង​បុរស ២ នាក់​ទៀត ​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ។ ចំណែក​បុរស​ដែល​បើកបរ​រថយន្ត ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ក៏​រងរបួស​ផងដែរ ។​

​ គ្រោះថ្នាក់​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី យប់​ថ្ងៃ​ទី ១៩ កក្កដា កន្លងទៅនេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ ៤ (​មុខ​ក្រុមហ៊ុន AJ លក់​គោយន្ត​របស់​កូរ៉េ​) ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក DAEWOO TICO ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ច ​7220 ភព​2 បើកបរ​ដោយ​ឈ្មោះ អ៊ឹម ណារិន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​សន្តិសុខ G3 ស្នាក់​នៅផ្ទះ​លេខ 32D ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ដួង ឃុន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បើកបរ​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1Y 1246 (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) និង​អ្នករួមដំណើរ ២ នាក់​ទៀត​ ឈ្មោះ ដួង ប្រុញ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ឈ្មោះ ប៉ែន ថន ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​សន្តិសុខ​យាម​ឃ្លាំង ពួកគេ​ទាំង ២ នាក់​រងរបួស​ធ្ងន់ ។​

​ ជុំវិញ​ករណី​គ្រោះថ្នាក់​នេះ ប៉ូលិស​អះអាង​ថា អ្នកបើកបរ​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ និង​ហូប​ជាតិ​ស្រវឹង ។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិសចរាចរ​ផ្លូវគោក រាជធានី​ភ្នំពេញ ដោះស្រាយ​នៅ​ពេល​ក្រោយ ។​

​ ដោយឡែក​នៅ​ខណ្ឌ​ដូនពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ២ លើក​ទៀត បណ្តាល​មនុស្ស ៥ នាក់​រងរបួស គឺ​នៅ​ម៉ោង ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ១៩ កក្កដា នៅ​ចំណុច​ផ្លូវ ១០៨ មុខ​ផ្ទះ​លេខ ៥ សង្កាត់​វត្តភ្នំ មាន​ករណី​រថយន្តបុក​ក្មេងប្រុស​អាយុ ៦ ឆ្នាំ រត់​ឆ្លងថ្នល់​បណ្តាលឲ្យ​របួសធ្ងន់ និង​នៅ​វេលា​ម៉ោង ១១ និង ៥ នាទី​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ ១៧៨ (​មុខ​អាកាសចរណ៍​ស៊ីវិល​) សង្កាត់​ជ័យជំនះ មាន​ករណី​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​របួសធ្ងន់ ២ នាក់ និង​ស្រាល ២ នាក់ ៕

No comments: