CEN News
បាត់ដំបង: គ្រោះថ្នាក់ចរាចរដ៏គួរឱ្យតក់ស្លុតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ បង្កដោយរថយន្ត ១ គ្រឿង ជិះគ្នា ៤ នាក់ បើកបរយ៉ាងលឿនពេលកំពុងភ្លៀងបណ្ដាលឲ្យរអិលក្រឡាប់ដោយខ្លួនឯង ហើយបណ្ដាលឲ្យសា្លប់មនុស្សម្នាក់ និងរបួស ៣ នាក់ ។ គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០០៩ វេលាម៉ោង ៥ ល្ងាច នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ ៥ នៅចំណុចភូមិ-ឃុំ-ស្រុកមោងឫស្សី ។
លោកវរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ក្នុងចំណោមអ្នកជិះរថយន្តទាំង ៤ នាក់ មាន ១- ម៉ុង សុគន្ធរិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអ្នកបើកបរ ២- ឈ្មោះ សឿន ផល្លា ភេទប្រុស អាយុ ៤៧ឆ្នាំ ទាំង ២ នាក់នេះ រស់នៅភូមិ-សង្កាត់ព្រះពន្លា ក្រុង-ខេត្តបន្ទាយមានជ័យ ៣- ឈ្មោះ ស៊ុយ ងី ភេទប្រុស អាយុ ៧ឆ្នាំ របួសស្រាល(កូនរបស់អ្នកស្លាប់) ៤- ឈ្មោះ ហេង អៀងម៉េង ភេទស្រី អាយុ ៤៥ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ទាំងម្តាយកូនរស់នៅស្រុកស្អាងខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី គិត ហ៊ាង បានបញ្ជាក់ថា តាមការដកស្រង់សំដីរបស់អ្នកមានផ្ទះនៅជិតកន្លែងកើតហេតុមកបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្ត ១ គ្រឿងម៉ាក់ HYUNDAI គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ុង សុគន្ធរិទ្ធី បានបើកពីភ្នំពេញមកបាត់ដំបងមានសភាពយ៉ាងលឿនព្រមទាំងមានភ្លៀងរលឹម ផង ។ លុះដល់កន្លែងកើតហេតុស្រាប់តែឃើញរថយន្តនោះរអិលរេចង្កូតបត់មក ឆ្វេងដៃធ្លាក់ក្រឡាប់ចុះពីលើថ្នល់តែម្ដង ។
លោកវរសេនីយ៍ត្រី សាត គឹមសាន្ត នាយការិយាល័យចរាចរជើងគោកខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដ៏គួរឱ្យតក់ស្លុតនេះកើតឡើងដោយសារតែការបើកបរ យានយន្តមានល្បឿនហួសកំណត់ និងរអិលដោយសារមានភ្លៀងផង ៕
No comments:
Post a Comment