Sunday, July 26, 2009

ស្រវឹង​បើកឡាន​កៀរ​រថយន្ត​ចត​ស្ងៀម ក្រឡាប់​ខ្លួនឯង​របួសធ្ងន់



ដោយ : សុ​ពិសិដ្ឋ (ថ្ងៃទី 25 កក្កដា 2009)
CEN News
ភ្នំពេញ: បុរស​ម្នាក់​ដែល​ប៉ូលិស​មូលដ្ឋាន​អះអាងថា ជា​មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ ទំនង​ជា​ស្រវឹង បាន​បើករថយន្ត​កៀរ​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត បណ្ដាលឲ្យ​ក្រឡាប់​លើ​ថ្នល់ ។ រីឯ​ម្ចាស់​រថយន្ត​រងរបួស​ធ្ងន់ ។​

​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃ​ទី ២៤ កក្កដា នេះ នៅ​ចំណុច​ផ្លូវ ៣៧១ មុខ​ផ្សារ PC ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក តូ​យូ​តា​កាមរី​សេរី ៩៥ ពណ៌​សំបក​ឪឡឹក ស្លាក​លេខ​ភ្នំពេញ 2A 6506 បើកបរ​ដោយ​ឈ្មោះ សោម កិ​តិគុណ អាយុ ៤២ ឆ្នាំ មុខ​របរ​មន្ត្រីប៉ូលិស ស្នាក់​នៅ​ឃុំ​ព្រែក​ឯង ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រងរបួស​ដេកពេទ្យ​ឯកជន ។​

​ប៉ូលិស​បន្តថា មុន​កើតហេតុ​រថយន្ត​បង្កហេតុ​បើក​តាមផ្លូវ ៣៧១ ពី​លិច​ទៅ​កើត លុះដល់​ចំណុច​ខាងលើ​ក៏​បើក​កៀរ​រថយន្ត​កូរ៉េ​ចំណុះ ១ តោន​កន្លះ ពណ៌​ស ស្លាក​លេខ ញ ២០៤៩ ភព ២ ចត​ស្ងៀម បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​លើ​ថ្នល់ ហើយ​បុក​រទេះ​លក់​នំ​កា​ឆាយ​កំពុប​ថែមទៀត ។ អ្នកបើកបរ​ដែល​ទំនង​ជា​ស្រវឹង​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ ឯកជន ។​

​រថយន្ត​ត្រូវបាន​ប៉ូលិស​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស ខណ្ឌមានជ័យ ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

No comments: