Saturday, July 18, 2009

២ ថ្ងៃ​គ្រោះថ្នាក់​ចរាចរ ៦ លើក​របួស ៦ នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 16 កក្កដា 2009)
CEN News
ភ្នំពេញ​: រយៈពេល ២ យប់​កន្លងមកនេះ នៅ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៦ លើក​បណ្តាលឲ្យ​មនុស្ស ៦ នាក់​រងរបួស ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ។ មូលហេតុ​ដែល​បណ្តាល​ឲ្យគ្រោះថ្នាក់ មក​ពី​បើក​លឿន​មិន​គោរព​ច្បាប់ និង​ស្រវឹងស្រា​ពេល​បើកបរ ។​

​ ករណី​ទី​១: វេលា​ម៉ោង ០០ និង ១៥ នាទី​ អធ្រាត្រ​ថ្ងៃទី ១៥ កក្កដា នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​ កែង​ផ្លូវ ១៨២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​រថយន្ត ១ គ្រឿង​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន បាន​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​របួស​បុរស​ម្នាក់ ។​

​ ប៉ូលិស​បាន​និយាយថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា RAV 4 ពណ៌​សំបក​ឪ​ឡឹ​ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2A 0488 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន (​មិន​ស្គាល់​ឈ្មោះ​) និង​អ្នករួមដំណើរ ២ នាក់​ទៀត​ ក្នុងនោះ​របួស​ម្នាក់ បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូឌុប​គេច​បាត់ ។​

​ សាក្សី​និយាយថា មុន​កើតហេតុ​រថយន្ត​បើក​តាម​ផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង ដោយ​រេ​ចង្កូត​ម្តង​ទៅ​ឆ្វេង​ម្តង​ទៅ​ស្តាំ ទីបំផុត​ក៏​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យរ​បើក​ថ្ម ៤ ផ្ទាំង ហើយ​កង់​មុខ​កល​ជាប់​នឹង​ថ្ម ទៅមុខ​លែងរួច​តែម្តង ។ បន្ទាប់​ពី​គ្រោះថ្នាក់ បុរស ៣ នាក់ ដែល​ជា​ជនជាតិ​ចិន បាន​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់ ។​

​ រថយន្ត​ប៉ូលិសចរាចរ​ក្រុង​ស្ទូច​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ភ្នំពេញ ហើយ​គិត​មកដល់ពេលនេះ រថយន្ត​កើនឡើង​ដល់ ៣២ គ្រឿង ដោះស្រាយ​ឲ្យទៅ​វិញ ១១ គ្រឿង ។​

​ ករណី​ទី​២: វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ដដែល​នៅ​ផ្លូវ ៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មាន​ករណី​ម៉ូតូ បុក​ម៉ូតូ​របួស ២ នាក់ ។

​ ប៉ូលិស​និយាយថា ម៉ូតូ​បង្ក​ម៉ាក​ហុងដា WAVE ពណ៌​ក្រហម ស្លាក​លេខ​កណ្តាល 1G 5106 បើកបរ​ដោយ​ឈ្មោះ យឺត សំអឿន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ បាន​បើក​បុក​ម៉ូតូ ១ គ្រឿង​ទៀត ពណ៌​លឿង​ស្លាក​លេខ 1V 1141 ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ប្រា​ក់ បញ្ញា ភេទ​ស្រី អាយុ ១៩ ឆ្នាំ របួស​បាក់​ជើង​ស្តាំ ។ មូលហេតុ​ម៉ូតូ WAVE បើក​ពី​ត្បូង​ទៅ​ជើង ហើយ​បុក​ម៉ូតូ ICON ដែល​បត់​ឆ្វេង ដួល​របួស​ទាំង ២ នាក់​តែ​ម្តង ។ ម៉ូតូ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ។​

​ ករណី​ទី​៣: វេលា​ម៉ោង ៨ និង ៤០ នាទី យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​លេខ ៧០ (​ខាងលិច​ហាង​នួនស្រី​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ករណី​រថយន្ត បើក​ប៉ះ​ម៉ូតូ រួច​ជ្រុល​បុក​រថយន្ត ១ ទៀត បណ្តាលឲ្យ​ខូច​ខ្ទេច ប៉ុន្តែ​ពុំ​មាន​អ្នករបួស​ទេ ។ ភាគី​បង្ក​យល់ព្រម​សង​ការខូចខាត​អស់ ១៨០ ដុល្លារ បញ្ចប់រឿង ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ស្លាក​លេខ​ភ្នំពេញ 2G 2523 បើកបរ​ដោយ​ឈ្មោះ សិដ្ឋ ភេទ​ប្រុស អាយុ​ប្រហែល ៣០ ឆ្នាំ​ជា​មន្ត្រី​ប៉េអឹម និង​មាន​អ្នករួមដំណើរ ២ នាក់​ទៀត បាន​បើក​តាមផ្លូវ​លេខ ៧០ ពី​កើត​ទៅ​លិច ប៉ះ​ម៉ូតូ​ម៉ាក WAVE ពណ៌​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់ (​ពុំ​រងរបួស​) ហើយ​ដួល ។ ពេល​នោះ​រថយន្ត​បាន​ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង ក៏​បុក​រថយន្ត​តូ​យូ​តា កាមរី​ពណ៌​ស ស្លាក​លេខ ង ៦៧០៣ ភព​២ បណ្តាលឲ្យ​ខូច​ខ្ទេច ។ ចំណែក​រថយន្ត​បង្ក​ដាច់​កង់​មុខ​ឆ្វេង ។ ក្នុងករណីនេះ ម្ចាស់​រថយន្ត​បង្ក​ព្រម​សង​រថយន្ត​កាមរី ១៣០ ដុល្លារ និង​ម៉ូតូ​អស់ ៥០ ដុល្លារ ដើម្បី​បញ្ចប់រឿង ហើយ​ស្ទូច​យក​ទៅ​រៀងៗ​ខ្លួន ។​

​ ករណី​ទី​៤: វេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ដដែល នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារកណ្តាល​I ខណ្ឌដូនពេញ មាន​ករណី​រថយន្តបុក​ម៉ូតូ បណ្តាលឲ្យ​របួស ២ នាក់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ១២ កៅអី ពណ៌​បៃកង​ស្លាក​លេខ​ភ្នំពេញ 2J 1424 អ្នកបើកបរ​រត់បាត់ បាន​បើក​បុក​ម៉ូតូ​ម៉ាក WAVE អាល់​ហ្វា ពណ៌​ខ្មៅ ស្លាក​លេខ​ក្រុងព្រះសីហនុ 1A 6368 បើកបរ​ដោយ​ឈ្មោះ ឈឹម ស្រី​ម៉ៅ ភេទ​ស្រី អាយុ ១៨ ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ពិ​ចិត្ត ភេទ​ប្រុស អាយុ ៣០ ឆ្នាំ កំពុង​ដេកពេទ្យ​ឯកជន ។ រថយន្ត និង​ម៉ូតូ​រក្សា​ទុក​នៅការិយាល័យ​ប៉ូលិសចរាចរ​ក្រុង ។​

​ ករណី​ទី​៥: នៅវេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្លូវ​មុនី​វង្ស មុខ​ក្រុមហ៊ុន OMC សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ករណី​រថយន្ត បើក​បុក​ម៉ូតូ​កង់​បី​របួស ១ នាក់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក Mercedes E 320 ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2C 3368 បើកបរ​ដោយ​ឈ្មោះ ហុង លាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ បាន​បើក​ពី​ត្បូង​ទៅ​ជើង បុក​ម៉ូតូ​កង់​បី បើកបរ​ដោយ​ឈ្មោះ ជិន សីហា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ បណ្តាលឲ្យ​របួសធ្ងន់ ។ ម៉ូតូ​កង់បី និង​រថយន្ត​រក្សាទុក​នៅ​ការិយាល័យ ប៉ូលិសចរាចរ​ក្រុង ។​

​ ករណី​ទី​៦: វេលា​ម៉ោង ១ និង ៣០ នាទី រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី ១៦ កក្កដា​នេះ នៅ​ចំណុច​ផ្លូវ ២៧១ (​មុខ​ស្ថានីយ៍​បូម​ទឹកស្អុយ​) សង្កាត់​ទឹកល្អក់​II ខណ្ឌ​ទួលគោក មាន​ករណី​រថយន្ត​ចំណុះ ៥ តោន ​ដឹក​ចាន​បង្គន់ ក្រឡាប់​បែកខ្ទេច ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងរបួស​ឡើយ ៕

No comments: