Friday, July 3, 2009

រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បើក​បុក​ម៉ូតូ ហើយ​កិន​បែក​ក្បាល​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ

ដោយ : សុពិសិដ្ឋ (ថ្ងៃទី 3 កក្កដា 2009)
ភ្នំពេញ: រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​របស់​ក្រុមហ៊ុន LMO3 បាន​បើក​បុក​ម៉ូតូ ហើយ​កិន​បែក​ក្បាល​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ ។ រថយន្ត​បាន​ព្យាយាម​បើក​រត់​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ ទើប​ចត​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួន​បាត់ បន្សល់​ទុក​កម្មក​រលី​ស៊ីម៉ង់ត៍ ២ នាក់ ។​

គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី០៣ កក្កដា នេះ​នៅ​មុខ​ផ្ទះ​លេខ ៥៤៣ ផ្លូវ​លេខ ៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​ប៉ូលិស​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ខេង ចាន់​តុលា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​រៀន​ភ្លេង​សម័យ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ICON ពណ៌​បៃតង​ពាក់​ស្លាក​លេខ 1X 6296 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក HINO ពណ៌​ផ្ទៃមេឃ អត់​ស្លាក​លេខ ដឹក​ស៊ីម៉ង់ត៍​ពេញ អ្នកបើកបរ​ឈ្មោះ រិទ្ធ ភេទ​ប្រុស អាយុ​ជាង ២០ ឆ្នាំ បាន​រត់គេចខ្លួន នៅសល់​កម្មក​រលី​ស៊ីម៉ង់ត៍ ២ នាក់ ។​

​សាក្សី​និយាយថា មុន​កើតហេតុ​រថយន្ត​ និង​ម៉ូតូបើក​ស្រប​ទិស​គ្នាតាម​ផ្លូវ​លេខ ៣៧១ ពី​លិច​ទៅ​កើត ។ លុះដល់​ចំណុច​ខាងលើ​ក៏​ប៉ះ​ចង្កូត​ម៉ូតូ​បណ្ដាលឲ្យ​ជន​រងគ្រោះ​ដួល​ទៅលើ​ ថ្នល់ ។ ទោះបី​ជនរងគ្រោះ​ពាក់មួក​សុវត្ថិភាព​ក៏ដោយ ប៉ុន្តែ​ដោយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធ្ងន់​ពេក បាន​កិន​ក្បាល​ជនរងគ្រោះ​នឹង​កង់​ក្រោយ​បែកក្បាល​សំប៉ែត​រាបនឹង​ថ្នល់​ ស្លាប់​ភ្លាម​តែម្ដង ។ ម៉ូតូ​ខូចខាត​បន្ដិចបន្ដួច​ប៉ុណ្ណោះ ព្រោះ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង ។ ចំណែក​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ពី​កន្លែងកើតហេតុ​ចម្ងាយ​ប្រមាណ​មួយ​ គីឡូម៉ែត្រ ក៏​បើក​គេច​ចូល​ការដ្ឋាន​ចាក់​សសរ​គ្រឹះ​ចត​ចោល ហើយ​រត់​គេច​បាត់ ។​

​រថយន្ត​ និង​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិសខណ្ឌមានជ័យ ។ សព​យុវជន ខេង ចាន់​តុលា ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

No comments: