Thursday, July 2, 2009

នៅពេល​ការធ្វើ​ពាណិជ្ជកម្ម​ខ្វះ​ក្រមសីលធម៌ កម្ពុជា​ក្លាយទៅជា​ប្រទេស​នៃ​គ្រឿង​ស្រវឹង​

ដោយ : សិរី​ (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ: ការនិយម​ទទួលទាន​ស្រា​បៀរ និង​ស្រា​បាន​បង្ហាញ​ឱ្យឃើញ​ពី​និន្នាការ​កើនឡើង​ជា លំដាប់​នៅពេល​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បើកចំហ​ដោយ​សេរី​នូវ​ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រា​បៀរ និង​ស្រា ដែល​មាន​ការ​បំប៉ោង​ពី​គុណ​លើស​ពី​ការពិត ។​

​ មន្ត្រី​ជំនាញ​សុខាភិបាល​មួយរូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​បែប​អនាមិក​ថា “ ខ្ញុំ​ឱ្យ​សួរ​ទៅ​អ្នក​ផ្សាយពាណិជ្ជកម្ម​គេ​កំពុង​រិះគន់​ខ្លាំង​មែនទែន អស្ចារ្យ​យ៉ាង​ហើយ ខ្ញុំ​អត់​ដឹង​ធ្វើ​យ៉ាងម៉េច​នោះទេ ” ។ មន្ត្រី​រូប​នោះ​បាន​បន្តថា “ ខ្ញុំ​គិតថា គ្រប់​មជ្ឈដ្ឋាន​រួមទាំង​អ្នក​ផ្សាយ​គួរតែ​គិតថា ការផ្សព្វផ្សាយ​មាន​ប្រយោជន៍​អី ប៉ះពាល់​ដល់​អ្នក​ណា ” ។​

​ មន្ត្រី​ដដែល​បាន​និយាយ​ដោយ​ខឹងសម្បា​រថា “ ការផ្សាយ​បាន​លុយ​គេ​មិន​គិត​ពី​សុខភាព​ប្រជាជន​ទេ ការផ្សាយ​ពន្លើស​អ្វី​ជា​ការពិត គឺ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ” ។​

​ លោក​វេជ្ជបណ្ឌិត លឹម ថៃ​ហាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃ ២៦ ខែមិថុនា កន្លងទៅ​ថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល យើង​បាន កំពុង​អនុវត្ត​គោលនយោបាយ និង​សេចក្តីណែនាំ​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម គ្រឿង​ស្រវឹង​ទាំងនោះ ។​

​ លោក​បាន​បន្តថា “ ការផ្សព្វផ្សាយ​ទាំងនោះ គួរ​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​មិន​ត្រូវ​ផ្សាយ​លើស​ពី​ការពិត​នោះទេ ។ ការផ្សាយ​គួរ​ស្ថិតក្នុង​កម្រិត​ណាមួយ​ដើម្បី​លក់ដាច់ ប៉ុន្តែ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ ” ។​

​ លោក​បាន​បន្ថែមទៀតថា ទោះជា​យ៉ាងណា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មួយ​អាចធើ្វឱ្យ​បាយ​ ឆ្ងាញ់ ប៉ុន្តែ​បើ​លើស​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ ។​

​ អ្វី​ដែល​ជា​ប្រតិកម្ម​ពី​សំណាក់​យុវវ័យ​នោះ កញ្ញា ពុទ្ធី រ័ត្ន អ្នកសម្របសម្រួល​ក្រុមប្រឹក្សា​យុវជន​កម្ពុជា បាន​និយាយថា ការ​ទទួលទាន​ស្រា​បៀ​រ និង​ស្រា​កើតមាន​គ្រប់​កន្លែង​ដែល​អ្នក​ទទួល ទាន​ភាគច្រើន​ជា​បុរស ។ កញ្ញា​បាន​បន្តថា មូលហេតុ​ដែល​ចូលចិត្ត​ទទួលទាន​បុរស​គិតថា ពេល​ជួប​គ្នា​យក​ស្រា​មក​ផឹក​ដើម្បី​សប្បាយ ។ ប៉ុន្តែ​យើង​អាច​យក​ការជជែក​គ្នា​លេង និង​ការពិភាក្សា​បញ្ហា​អ្វីមួយ ជា​ការសប្បាយ​ជំនួស​ស្រា​វិញ ។​

​ កញ្ញា រ័ត្ន បាន​បន្ថែមថា “ ការប្រើប្រាស់​គ្រឿង​ស្រវឹង​មិនមែន​ជា​ការប្រសើរ​នោះទេ ព្រោះថា ការ​ទទួលទាន​ជ្រុល​អាច​បង្ក​ឱ្យមាន​អំពើ​ហិង្សា អាចមាន​គ្រោះថ្នាក់​នៅ​ពេល​បើកបរ ព្រោះ​នៅពេល​គាត់​ស្រវឹង​ធ្វើឱ្យ​បាត់បង់​ការគ្រប់គ្រង​ខ្លួនឯង ” ។​

​ និយាយ​ដល់​ការកើនឡើង​នៃ​យុវជន​សេព​គ្រឿង​ស្រវឹង​នោះ កញ្ញា ពុទ្ធី រ័ត្ន បានឱ្យដឹងថា “ ខ្ញុំ បាន​ឃើញ​នូវ​និន្នាការ​កើនឡើង​នូវ​ក្រុមយុវជន​ផឹក​គ្រឿង​ស្រវឹង​នៅ​ទីក្រុង និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ពួកគេ​ភាគច្រើន​អាយុ​ក្រោម ៣០​ឆ្នាំ ” ។​

​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវបាន​រាយការណ៍​ជាច្រើន​នៅក្នុង​គ្រោះថ្នាក់​ ចរាចរ​តាម​ដងផ្លូវ នៅក្នុង​ប្រទេស​ស្ទើរតែ​រៀងរាល់ថ្ងៃ ។​

​ លោក មាស ចាន់​ឌី មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរ​រាចរ​ណ៍ នៃ​អង្គការ​ជនពិការ​អន្តរជាតិ​បែ​ល​ហ្សិក បាន​មានប្រសាសន៍​ឱ្យដឹងថា កាលពី​ឆ្នាំ ២០០៨ អ្នកបើកបរ​ដោយ​មាន​ទទួលទាន​គ្រឿង​ស្រវឹង​មាន របួស​ចំនួន ២៥.៧៩៦ នាក់ និង​ស្លាប់ ១.៦៣៨ នាក់ ក្នុងនោះ​បង្ក​ដោយ​គ្រឿង​ស្រវឹង​មាន​ចំនួន ១៤ ភាគរយ ស្មើ ១.៤៨៨ លើក ។​

​ លោក​បាន​បន្តថា ចំណែក​អ្នករងគ្រោះ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មាន​ចំនួន ៣.៤២០ នាក់ ដែល​រងគ្រោះ​ស្លាប់ និង​របួស ។ លោក​បាន​បន្ថែមថា អ្នក​ដែល​ជិះ​ម៉ូតូ​ដែល​ជាប់​ពាក់ ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មាន​ចំនួន ៣.១៤៧ នាក់ និង​អ្នកបើកបរ​រថយន្ត​មាន​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង​មាន ចំនួន ១៥៤ ករណី ។​

​ ជួប​ជាមួយ​ក្រុម​យុវជន​ដែល​និយម​គ្រឿង​ស្រវឹង និង​មិន​និយម​ពួកគេ​មាន​ការចាប់អារម្មណ៍ យ៉ាង​ណា​ពី​បញ្ហា​នេះ​នោះ យុវជន គង់ វិចិត្រ ដែល​រៀន​នៅ​វិទ្យាល័យ​បឹងត្របែក បាន​និយាយថា ខ្ញុំ​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ដូចជា​ស្រា ប៊ីយ៉ែ ម្តងម្កាល​ដែរ​ពេល​មាន​ពិធី​ជួបជុំ​មិត្តភ័​ក្រ ប៉ុន្តែ​វា​មិន​ធ្វើឱ្យ​ខ្ញុំ ញៀន​នោះទេ ។​

​ យុវជន​រូបនោះ​បាន​ទទួល​ស្គាល់​ថា ធ្លាប់​មាន​ពេល​ស្រវឹង​យូរៗ​ម្តង ប៉ុន្តែ​មិន​ដែល​មាន​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​នោះ ព្រោះ​គេ​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ស្រវឹង ។​

​ គង់ វិចិត្រ បាន​បន្តថា ការ​ផឹកស្រា​មិន​ស្រួល​នោះទេ តែ​វា​សប្បាយ​នៅពេល​ជួប​មិត្តភ័​ក្រ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា ពេល​ផឹក​ស្រវឹង​ខ្លាំង​ម្តងៗ​អាច​ធ្វើឱ្យ​ខូចសុខភាព​ព្រោះ​ពេល​ស្រវឹង​ម្តងៗ ​ខណៈពេល​ស្វាង​ធ្វើឱ្យ​ឈឺក្បាល ឬ ក្រពះ​ជាដើម ។​

​ ប៉ិច ចន្ថា និស្សិត​មួយរូប​ដែល​អះអាង​ថា សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​និយាយ​ឱ្យដឹងថា “ ខ្ញុំ​គិតថា គ្រឿង​ស្រវឹង​មិនមែន​ជា​រឿង​ប្លែក​នោះ​ទេ ហើយ​សម្រាប់​យុវជន​មិន មែន​តែ​ខ្មែរ​ទេ ទាំង​បរទេស ក៏​និយម​ដែរ ប៉ុន្តែ​សំខាន់​អ្នក​ទទួល​ទាន​អាច​គិតថា ផឹក​កម្រិត​ណា​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់ ” ។​

​ ប៉ិច ចន្ថា បាន​អះអាង​ថា មិនដែល​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ផឹកស្រា​នោះទេ ប៉ុន្តែ​គេ​មាន​មិត្តភ័​ក្រ​ធ្លាប់ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ ស៊ិន នារី​រតន៍ រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង បាន​និយាយ​ឱ្យដឹងថា នាង​មិន​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​នាង​ធ្លាប់​ឃើញ​មិត្តភ័​ក្ររៀន​សាលា​ជាមួយគ្នាផឹ​ក ។ នាង​បាន​និយាយ​បន្តថា សម្រាប់​ប្រពៃណី​ខ្មែរ​ស្ត្រី​ផឹកស្រា​មិន​ល្អ​នោះទេ ហើយ​ស្រា​មិនមាន​អ្វី​ឆ្ងាញ់​នោះទេ តាមមើលទៅ ។​

​ ស៊ិន នារី​រតន៍ បាន​បន្ថែមថា នាង​ឃើញ​ស្ទើរ​រាល់ថ្ងៃ​នូវ​ក្រុមយុវជន​ផឹក​គ្រឿង​ស្រវឹង ហើយ​ឪពុក​របស់​នាង​ក៏​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ដែរ ពេល​គាត់​ជួបជុំ​មិត្តភ័​ក្រគាត់ ៕

No comments: